FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីរាជការ និងប្រជាពលរដ្ឋ រៀបចំពិធីរាប់បាត្រព្រះសង្ឃ ២០០អង្គ ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាល ដែលពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ

22-08-2026 12:19

(ភ្នំពេញ)៖ ក្នុងស្មារតីនៃការដឹងគុណ និងការរំលឹកដល់គុណូបការៈដ៏ខ្ពង់ខ្ពស់របស់វីរកងទ័ព និងវីរនគរបាល ដែលបានលះបង់ជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ, លោក ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោក មាស សុត្ថា ប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើននាក់ រៀបចំពិធីរាប់បាត្រសង្ឃចំនួន ២០០អង្គ ទៅតាមប្រពៃណីព្រះពុទ្ធសាសនា នៅទីតាំងផ្សារតាមាសសុទ្ធ ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធនៃវីរជន ដែលបានពលីកម្មក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ។

នៅក្នុងពិធីនេះដែរ ក៏មានការអញ្ជើញបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តព្រះសង្ឃ ដើម្បីសូត្រមន្ត បង្សុកូលទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនាផងដែរ។

នាឱកាសនោះ លោក មាស សុត្ថា បានថ្លែងថា ពិធីរាប់បាត្រព្រះសង្ឃចំនួន ២០០អង្គនេះ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យទាំងឡាយ ជូនដល់ដួងវិញ្ញាណក្ខន្ធរបស់ វីរកងទ័ព និងវីរនគរបាល និងកងកម្លាំងគ្រប់ប្រភេទ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ មាតុភូមិ អធិបតេយ្យភាព បូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ។ វីរភាពដ៏អង់អាចក្លាយហានរបស់ពួកគាត់ គឺជាគុណូបការៈដ៏ធំធេងដែលមិនអាចកាត់ថ្លៃបាន។ ពួកគាត់បានលះបង់អ្វីៗដែលមានតម្លៃបំផុតគឺ ជីវិតរបស់ខ្លួន ដោយមិនខ្លាចការលំបាក គ្រោះថ្នាក់ ឬសេចក្តីស្លាប់ ដើម្បីឱ្យជាតិរស់រានមានសុខសន្តិភាព និងដើម្បីការពារប្រជាពលរដ្ឋ។

លោក ឯក សំអុល បានបញ្ជាក់ដែរថា ការរៀបចំពិធីនេះដើម្បីដឹងគុណ និងរំលឹកគុណឱ្យបានជាប់ជានិច្ចដល់វីរកងទ័ព និងវីរនគរបាល និងប្រជាជនស្លូតត្រង់ដែលពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងបូរណភាពទឹកដី និងការងារការឯករាជភាពទឹកដី ប្រឆាំងនឹងការឈ្លានពានយ៉ាងកំរោលពីសំណាក់ទាហ៊ានថៃ ហើយដោយសារមានវីរកងទ័ព និងវីរនគរបាល ដេលបានការងារនៅសមរភូមិមុខនេះហើយ ទើបធ្វើឱ្យអ្នកនៅសមរភូមិក្រោយអាចរស់នៅបានប​្រកបដោយសន្តិភាព។

លោក តាំង សុឃី ទីប្រឹក្សាក្រសួងធម្មការ និងសាសនា លើកឡើងផងដែរថា ការពលីរបស់វីរកងទ័ព និងវីរនគរបាល ដោយសារអំពើរដ៏សាហាវយង់ឃ្នងនៃភាគីសៀម ដែលបានឈ្លានពានលើផែនបូរណៈភាពទឹកកម្ពុជា គឺបានបញ្ជាក់យ៉ាងច្បាស់ ដោយមិនត្រឹមតែកម្ពុជាដឹងឮប៉ុណ្ណោះទេ គឺពិភពលោកបានដឹងយ៉ាងច្បាស់ផងដែរ ទោះបីភាគីសៀមខំកាឡៃ គឺមិនអាចបិទបាំង បាននោះឡើយ។ ដូច្នេះសូមឱ្យដួងវិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាល ធ្វើឱ្យប្រជាពលរដ្ឋ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ចងចាំនិច្ចនូវគុណូបការៈនៃការលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិកម្ពុជាផងដែរ។

សូមបញ្ជាក់ដែរថា ពិធីនេះគឺជាការបង្ហាញនូវសទ្ធាជ្រះថ្លា និងការគោរពចំពោះអ្នកដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ការរៀបចំពិធីនេះក៏ជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី និងសន្តិភាពរបស់ប្រទេសជាតិ ឱ្យកាន់តែមានកម្លាំងចិត្ត និងស្មារតីសាមគ្គីភាពរបស់វីរជនជំនាន់មុនដែលបានខិតខំកសាង និងការពារទុក។ ពិធីនេះបានបង្ហាញពីការចងចាំ ការដឹងគុណ និងការប្តេជ្ញាចិត្តរបស់ប្រជាជនកម្ពុជា ក្នុងការលើកតម្កើង និងចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងរបស់វីរកងទ័ព និងវីរនគរបាល ដែលបានធ្វើពលីកម្មដើម្បីសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាផងដែរ៕