FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី សុវណ្ណ វណ្ណារតន៍ លើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍ខិតខំក្រេបយកចំណេះដឹងពីប្រទេសជឿនលឿន ដើម្បីរួមចំណែកអភិវឌ្ឍកម្ពុជា

22-08-2026 10:20

(ភ្នំពេញ)៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាល នឹងបន្តការសិក្សាថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យនានា ក្នុងប្រទេសចិន ជប៉ុន កូរ៉េ និងបារាំង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។

ក្នុងជំនួបសំណេះសំណាល និងផ្តល់អនុសាសន៍ លោកស្រីបានស្វាគមន៍ និងអបអរសាទរចំពោះនិស្សិតជ័យលាភី ដែលមកពីបណ្តាក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងស្ថាប័នសិក្សា ដោយចាត់ទុកជ័យលាភីទាំងនេះជាមោទនភាពសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ដែលសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន ការគាំទ្រពីរាជរដ្ឋាភិបាល និងទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា និងប្រទេសដៃគូ។

លោកស្រីបានបញ្ជាក់ថា មុខវិជ្ជាដែលនិស្សិតនឹងសិក្សា មានសារៈសំខាន់សម្រាប់ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសជំនាញពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (AI) រ៉ូបូតិក វិទ្យាសាស្ត្រ វិស្វកម្មអគ្គិសនី និងវិស្វកម្មកុំព្យូទ័រ។

លោកស្រី បានណែនាំឱ្យនិស្សិតប្រើប្រាស់ឱកាសនេះឱ្យបានល្អ ដោយកំណត់គោលដៅសិក្សាឱ្យច្បាស់ ខិតខំកសាងទំនាក់ទំនងជាមួយសាស្ត្រាចារ្យ និងបង្កើតបណ្តាញជាមួយនិស្សិតអន្តរជាតិ ព្រមទាំងប្រកាន់ខ្ជាប់ឥរិយាបថល្អ ស្មោះត្រង់ និងឧស្សាហ៍ព្យាយាម។ ជាមួយគ្នានេះ ត្រូវពង្រឹងសាមគ្គីភាពជាមួយសមាគមនិស្សិតខ្មែរ និងបងប្អូនពលករខ្មែរនៅប្រទេសចិន ជប៉ុន កូរ៉េ និងបារាំង ព្រមទាំងលើកស្ទួយអត្តសញ្ញាណខ្មែរ ដោយចងចាំថា ខ្លួនជាតំណាងឱ្យកម្ពុជានៅក្រៅប្រទេស។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី សុវណ្ណ វណ្ណារតន៍ បានសង្ឃឹមថា និស្សិតទាំងអស់នឹងខិតខំក្រេបយកចំណេះដឹង បច្ចេកវិទ្យា និងបទពិសោធថ្មីៗ ហើយវិលត្រឡប់មកបម្រើមាតុប្រទេសវិញ ក្នុងនាមជាមូលធនមនុស្សប្រកបដោយសមត្ថភាព និងនវានុវត្តន៍។ ទន្ទឹមនេះ និស្សិតទាំង ១០រូប បានថ្លែងអំណរគុណចំពោះលោកជំទាវ ដែលបានផ្តល់ការណែនាំ និងតម្រង់ទិសសម្រាប់ការត្រៀមខ្លួនទៅសិក្សានៅក្រៅប្រទេស៕