FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហេង រតនាពិសាល មន្រ្តីស៊ីម៉ាក់ សូមបដិសេធទាំងស្រុង ដែលមានជនទុច្ចរិតបន្លំឈ្មោះ និងអត្តសញ្ញាណរបស់លោកទៅបោកលុយគេ

22-08-2026 09:57

(ភ្នំពេញ)៖ លោក ហេង រតនាពិសាល មន្រ្តីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានជូនដំណឹងដល់សាធារណជន និងភាគីពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា មានបុគ្គលអនាមិកមួយចំនួនបានយកឈ្មោះ និងអត្តសញ្ញាណរបស់លោកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត ពាក់ព័ន្ធនឹងករណីឆបោកដែលមានការលើកឡើងអំពីធនាគារ ឬសកម្មភាពពាក់ព័ន្ធនឹងហិរញ្ញវត្ថុ។

លោក ហេង រតនាពិសាល បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនមានការពាក់ព័ន្ធ មិនបានចូលរួម និងមិនទទួលខុសត្រូវចំពោះសកម្មភាព ឬប្រតិបត្តិការណាមួយដែលពាក់ព័ន្ធនឹងករណីឆបោកខាងលើនេះឡើយ។

លោកក៏មិនបានអនុញ្ញាតឱ្យបុគ្គល ឬភាគីណាមួយយកឈ្មោះ និងអត្តសញ្ញាណរបស់លោកទៅប្រើប្រាស់ក្នុងការទំនាក់ទំនង ឬប្រតិបត្តិការពាក់ព័ន្ធនឹងករណីនេះដែរ។

លោក ហេង រតនាពិសាល បានអំពាវនាវដល់សាធារណជនទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើមានបុគ្គលណាម្នាក់ទទួលបានសារ ឯកសារ សំណើ ឬការទំនាក់ទំនងផ្សេងៗដែលប្រើប្រាស់ឈ្មោះរបស់លោក ពាក់ព័ន្ធនឹងករណីឆបោកខាងលើ។

លោកបានណែនាំឱ្យសាធារណជនមេត្តាធ្វើការផ្ទៀងផ្ទាត់ព័ត៌មានជាមួយស្ថាប័នពាក់ព័ន្ធដោយផ្ទាល់ មុននឹងធ្វើការឆ្លើយតប ឬប្រតិបត្តិការណាមួយ ដើម្បីជៀសវាងការយល់ច្រឡំ ឬក្លាយជាជនរងគ្រោះដោយការឆបោក។

លោកបានបញ្ជាក់ថា ការបំភ្លឺនេះធ្វើឡើងក្នុងគោលបំណងការពារឈ្មោះ អត្តសញ្ញាណ និងកិត្តិយសរបស់លោក ព្រមទាំងដើម្បីបញ្ជាក់ជាសាធារណៈថា លោកពិតជាមិនមានការពាក់ព័ន្ធ ឬការចូលរួមក្នុងករណីឆបោកខាងលើក្នុងទម្រង់ណាមួយឡើយ។