FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានដោយប្រទេសថៃមកលើ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្តោយព្រំដែន (Video inside)

22-08-2026 09:20

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានដោយប្រទេសថៃមកលើ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្តោយព្រំដែន។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសបានឲ្យដឹងថា ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃបានបន្តធ្វើការឈូសឆាយព្រៃជាបន្តបន្ទាប់ ដើម្បីសាងសង់ផ្លូវថ្មីមួយខ្សែ ដែលតភ្ជាប់ ពីភាគខាងជើងនៃបង្គោលព្រំដែនលេខ១៤ ទៅកាន់តំបន់ភ្នំតាថុង (ភ្នំ២៧៨)។ បន្ទាប់មក នៅថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានបន្តសកម្មភាពសាងសង់ផ្លូវនៅក្នុងតំបន់ខាងលើ ព្រមទាំង បានសាងសង់លេណដ្ឋានយោធាថ្មីផងដែរ។

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធថៃ បានសាងសង់លេណដ្ឋានយោធាថ្មីមួយចំនួន នៅភាគខាងជើងវត្តកែវសិក្ខាគិរីស្វារៈ។

ក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា សកម្មភាពខាងលើនេះ គឺជាការរំលោភបំពានយ៉ាងជាក់ច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា អនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងកំណត់ខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០០០ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ (GBC)កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពប្រគល់ជូនគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុត ស្របតាម កិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

កម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដី ជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើ នឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រទេសថៃបញ្ឈប់សកម្មភាពទាំងនេះ ព្រមទាំងគោរពនូវការប្ដេជ្ញាចិត្ត របស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍តានតឹង លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក និងសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ នៅតាម បណ្តោយព្រំដែនកម្ពុជា-ថៃ។

កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេស ជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំង ប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕