FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងអភិបាលខេត្តព្រះវិហារ ជំរុញយុវជន និងប្រជាពលរដ្ឋ ចាប់យកឱកាសការងារ និងបណ្តុះបណ្តាលជំនាញ ឆ្លើយតបតម្រូវការទីផ្សារការងារ

21-08-2026 22:40

(ព្រះវិហារ)៖ លោក យឹម ស៊ីណន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងជំរុញ និងលើកទឹកចិត្តដល់យុវជន ពលករ និងប្រជាពលរដ្ឋ ឱ្យចាប់យកឱកាសការងារ ការសិក្សា និងបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីពង្រឹងសមត្ថភាព និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលលោកទាំងពីរអញ្ជើញជាអធិបតីក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅបរិវេណសាលាស្រុកជ័យសែន ខេត្តព្រះវិហារ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយឱកាសការងារ អាហារូបករណ៍ និងការបណ្តុះបណ្តាលជំនាញជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ លោក យឹម ស៊ីណន បានថ្លែងលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានការងារ និងការបណ្តុះបណ្តាលជំនាញទៅដល់មូលដ្ឋាន គឺជារឿងសំខាន់ ដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន អាចទទួលបានព័ត៌មានដោយផ្ទាល់ និងមានជម្រើសកាន់តែច្រើនក្នុងការសិក្សា និងស្វែងរកការងារសមស្រប។

លោករដ្ឋលេខាធិការក្រសួងការងារ ក៏បានថ្លែងជំរុញឱ្យយុវជនកុំមើលរំលងឱកាសក្នុងការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយសារជំនាញទាំងនេះអាចជួយឱ្យយុវជនមានសមត្ថភាពប្រកបអាជីព មានប្រាក់ចំណូល និងមានលទ្ធភាពប្រកួតប្រជែងនៅក្នុងទីផ្សារការងារ។ លោកក៏បានលើកទឹកចិត្តដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចាប់យកឱកាសសិក្សាជំនាញដែលមានការគាំទ្រ និងមានតម្រូវការនៅលើទីផ្សារ។

ដោយឡែក លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងលើកឡើងថា យុវជនគឺជាកម្លាំងសំខាន់សម្រាប់ការអភិវឌ្ឍមូលដ្ឋាន និងសង្គមជាតិ ហើយការមានចំណេះដឹង និងជំនាញវិជ្ជាជីវៈ គឺជាមូលដ្ឋានសម្រាប់ឱ្យយុវជនមានការងារធ្វើ មានប្រាក់ចំណូល និងអាចជួយលើកកម្ពស់ជីវភាពគ្រួសារ។

លោកអភិបាលខេត្តបានថ្លែងអំពាវនាវដល់យុវជន និងប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ឱ្យចូលរួមស្វែងយល់ និងប្រើប្រាស់ឱកាសដែលរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធបានផ្តល់ជូន ជាពិសេសឱកាសការងារ អាហារូបករណ៍ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។

លោក គីម រិទ្ធី បានសង្កត់ធ្ងន់ថា ការរៀនជំនាញមិនត្រឹមតែផ្តល់ឱកាសឱ្យយុវជនមានការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យពួកគេអាចបង្កើតមុខរបរផ្ទាល់ខ្លួន បង្កើនប្រាក់ចំណូល និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។លោកក៏បានណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ស្វែងយល់អំពីអត្ថប្រយោជន៍នៃ របបសន្តិសុខសង្គម (ប.ស.ស.) និងសិទ្ធិដែលខ្លួនអាចទទួលបាន ដើម្បីធានាការការពារ និងសុខុមាលភាពសង្គមសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។

សូមបញ្ជាក់ថា ការរៀបចំវេទិកានេះ គឺជាការនាំព័ត៌មាន និងឱកាសពីស្ថាប័នពាក់ព័ន្ធទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីឱ្យពួកគេអាចទទួលបានព័ត៌មានច្បាស់លាស់អំពីការងារ ការសិក្សា ជំនាញវិជ្ជាជីវៈ និងសន្តិសុខសង្គម ហើយអាចសម្រេចចិត្តជ្រើសរើសផ្លូវអាជីពបានកាន់តែត្រឹមត្រូវ និងលើកទឹកចិត្តដល់យុវជនទាំងអស់ ឱ្យខិតខំរៀនសូត្រ បង្កើនជំនាញ និងចាប់យកឱកាសការងារដែលមានស្រាប់ ដើម្បីកសាងអនាគតរបស់ខ្លួន លើកកម្ពស់ជីវភាពគ្រួសារ និងក្លាយជាកម្លាំងសកម្មក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ៕