មន្ទីរសុខាភិបាលខេត្តព្រះវិហារ និងអាជ្ញាធរស្រុកជាំក្សាន្ត បើកយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម ជំរុញឱ្យគ្រប់គ្រួសាររក្សាលំនៅឋានគ្មានដង្កូវទឹក និងមូសខ្លា
21-08-2026 22:37
(ព្រះវិហារ)៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ត នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ក្រោមប្រធានបទ «ផ្ទះខ្ញុំ គ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅឋានខ្ញុំ គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមនៅតាមសហគមន៍។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត និងលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត ព្រមទាំងមន្ត្រីរាជការ រដ្ឋបាលឃុំទាំង៨ លោកគ្រូ អ្នកគ្រូ អង្គការដៃគូអភិវឌ្ឍន៍ កម្លាំងប្រជាការពារភូមិ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួន៣១២នាក់។
នៅក្នុងឱកាសនោះ លោកស្រី ប៉ាង រ៉ាវី បានថ្លែងគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម មិនមែនជាកាតព្វកិច្ចរបស់មន្ត្រីសុខាភិបាល ឬអាជ្ញាធរមូលដ្ឋានតែមួយមុខនោះទេ ប៉ុន្តែត្រូវការការចូលរួមពីគ្រប់គ្រួសារ និងប្រជាពលរដ្ឋគ្រប់រូប ព្រោះការការពារដ៏មានប្រសិទ្ធភាពបំផុត គឺការចាប់ផ្តើមពីផ្ទះ និងលំនៅឋានរបស់ខ្លួន។
ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោកស្រី ប៉ាង រ៉ាវី បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តយកចិត្តទុកដាក់សម្អាតបរិវេណជុំវិញផ្ទះ កម្ចាត់ប្រភពទឹកដក់ និងវត្ថុផ្សេងៗដែលអាចក្លាយជាកន្លែងដាក់ពងរបស់មូស ព្រមទាំងចូលរួមអនុវត្តវិធានការការពារជំងឺគ្រុនឈាមជាប្រចាំ។ លោកស្រីបានលើកឡើងថា ប្រសិនបើគ្រប់គ្រួសារអាចធានាថា «ផ្ទះខ្ញុំ គ្មានដង្កូវទឹក គ្មានមូសខ្លា» នោះការកាត់បន្ថយជំងឺគ្រុនឈាមនៅក្នុងសហគមន៍ក៏នឹងកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងលើកឡើងថា យុទ្ធនាការនេះមានគោលបំណងផ្តល់ចំណេះដឹង និងសារអប់រំសុខភាពដល់ប្រជាពលរដ្ឋ ជាពិសេសឪពុកម្តាយ និងសិស្សានុសិស្ស ដើម្បីឱ្យពួកគេអាចយកចំណេះដឹង ទៅអនុវត្តនៅក្នុងគ្រួសារនិងសហគមន៍។
លោក គង ឡូ បានថ្លែងទៀតថា ពុកម៉ែ បងប្អូន សិស្សានុសិស្ស ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ និងទទួលបានសារអប់រំសុខភាពល្អៗស្តីពីជំងឺគ្រុនឈាម និងវិធានការការពារនានា ដើម្បីយកទៅអនុវត្ត ពិសេសក្លាយជាបុគ្គលគំរូ គ្រួសារគំរូ ក្នុងការលុបបំបាត់ជម្រកមុសខ្លា និងសម្អាតបរិស្ថានជុំវិញលំនៅដ្ឋាន ឱ្យបានស្អាតជាប្រចាំ។ លោកថាប្រសិនបើជំងឺគ្រុនឈាមកើតមានច្រើន វាមិនត្រឹមតែប៉ះពាល់ដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសង្គម និងបង្កើនបន្ទុកដល់មន្ទីរពេទ្យ ដែលអាចធ្វើឱ្យប៉ះពាល់ដល់គុណភាព នៃការផ្តល់សេវាសុខាភិបាលនៅផ្នែកផ្សេងៗទៀត។
លោកប្រធានមន្ទីរសុខាភិបាល ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់គ្រួសារ ភូមិ និងសហគមន៍ ចូលរួមសម្អាតលំនៅដ្ឋាន និងបរិស្ថានជុំវិញ ដោយលុបបំបាត់វត្ថុដក់ទឹក និងជម្រកមុសខ្លា។ លោកបញ្ជាក់ថា ការចំណាយពេលត្រឹមតែ១ទៅ២ម៉ោង ក្នុងការសម្អាតផ្ទះ និងបរិវេណជុំវិញឱ្យបានស្អាតជាប្រចាំ អាចជួយកាត់បន្ថយហានិភ័យ នៃការកើតជំងឺគ្រុនឈាមបាន។
លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងណែនាំឱ្យឪពុកម្តាយប្រុងប្រយ័ត្នចំពោះកុមារ ដែលមានអាការៈគ្រុនក្តៅ ដោយមិនត្រូវព្យាយាមព្យាបាលដោយខ្លួនឯង ឫប្រើថ្នាំបញ្ចុះកំដៅ paracetamol លើសកម្រិត ដោយគ្មានការណែនាំពីអ្នកជំនាញសុខាភិបាល ព្រោះការប្រើថ្នាំមិនត្រឹមត្រូវអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ថ្លើម។
ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យប្រជាពលរដ្ឋចៀសវាងការទៅទទួលការព្យាបាលនៅកន្លែងដែលមិនមានជំនាញច្បាស់លាស់ ក្នុងការគ្រប់គ្រងជំងឺគ្រុនឈាម ជាពិសេសការផ្តល់សេរ៉ូមដែលមិនមានការវាយតម្លៃត្រឹមត្រូវ ព្រោះការផ្តល់ជាតិទឹកលើសកម្រិតអាចបង្កផលវិបាកធ្ងន់ធ្ងរ និងបង្កើនហានិភ័យដល់អាយុជីវិតអ្នកជំងឺ។
លោកសង្កត់ធ្ងន់ថា ប្រសិនបើកូនៗមានអាការៈឈឺ ឫគ្រុនក្តៅ ឪពុកម្តាយត្រូវប្រញាប់នាំទៅកាន់មណ្ឌលសុខភាព ឫមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីឱ្យមន្ត្រីសុខាភិបាលធ្វើការពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា ជៀសវាងការពន្យាពេលដែលអាចធ្វើឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។
លោក គួង ឡូ ក៏បានថ្លែងអំពាវនាវផងដែរ ដល់អាជ្ញាធរមូលដ្ឋាន ក្រុមទ្រទ្រង់សុខភាពភូមិ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមផ្សព្វផ្សាយចំណេះដឹង និងអនុវត្តវិធានការបង្ការជំងឺគ្រុនឈាមជាប្រចាំ ដោយចាប់ផ្តើមពីគ្រួសារនីមួយៗ ដើម្បីកាត់បន្ថយការកើតមានជំងឺ និងការពារអាយុជីវិតប្រជាពលរដ្ឋ៕







































