មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ ការកសាងសមត្ថភាពជូនដល់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ជាការងារចាំបាច់ដែលត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ជានិច្ច
21-08-2026 21:42
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នារសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៦នេះ បានអញ្ជើញជាអធិបតីបានបិទ «វគ្គបណ្តុះបណ្តាលតម្រង់ទិសជាស៊េរីស្តីពី ការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ» ជូនមន្ត្រីរាជការក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣ និង ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីលោក លោកស្រីអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋាន សាលាជាតិគយ នៃអគ្គនយកដ្ឋានគយ និងរដ្ឋាករកម្ពជា និង វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សិក្ខាកាមសរុបប្រមាណ ៤៨០នាក់ ។
នាឱកាសនោះលោកបណ្ឌិតសភាចារ្យ បានសម្តែងការអបអរសាទរចំពោះសិក្ខាកាម ដែលបានខិតខំរៀនសូត្រ និងបានបញ្ចប់វគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី ការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដោយជោគជ័យ, ហើយវិញ្ញាបនបត្រដែលដែលសិក្ខាកាមទទួលបាននាថ្ងៃនេះ គឺជាសក្ខីភាពមួយនៃចំណេះដឹងដែលទទួលបានពីវគ្គសិក្សា ដែលជាចំណុចចាប់ផ្តើមដ៏មានអត្ថន័យ នៃអាជីពជាអ្នកបម្រើប្រជាពលរដ្ឋ ក្នុងនាមជាមន្ត្រីរាជការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ហើយក៏ជាគ្រឹះដំបូង និងជាស្ពានសម្រាប់កសាងចំណេះដឹង ចំណេះធ្វើ និងអនាគតនៃអាជីពជាមន្ត្រីរាជការ ។
ជាមួយគ្នានោះលោកបណ្ឌិតសភាចារ្យ បានគូសរំលេចពីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០០៤ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលទី៤ ក្នុងគោលដៅគឺគណនេយ្យភាពសមិទ្ធកម្ម តាមរយៈការអនុវត្តអង្គភាពថវិកា និងថវិកាព័ត៌មានសមិទ្ធកម្ម ព្រមជាមួយនឹងការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) ដើម្បីធ្វើឌីជីថលូបនីយកម្មលើការអនុវត្តថវិកា សំដៅធានាតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាព ក្នុងការសម្រេចចិត្តឱ្យចំគោលដៅ និងទាន់ពេល ។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បន្ថែមថា សមិទ្ធផលដែលបានសម្រេចក្នុងដំណាក់កាលកន្លងមក មិនទាន់បិទបញ្ចប់ទាំងស្រុងនូវការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទេ, ក៏ប៉ុន្តែទន្ទឹមនឹងការបន្តឈានទៅសម្រេចគោលដៅ «គណនេយ្យភាពសមិទ្ធកម្ម» ចាំបាច់ត្រូវបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា, គណនេយ្យភាពហិរញ្ញវត្ថុ និង បង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយថែមទៀត ក្នុងពេលដែលសិទ្ធិអំណាច ភាពជា ម្ចាស់ និងការទទួលខុសត្រូវកាន់តែច្រើនឡើង ត្រូវបានផ្ទេរ និងប្រគល់ទៅឱ្យអង្គភាពថវិកា នៃក្រសួងស្ថាប័ន និង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងន័យនេះ, ការកសាងសមត្ថភាពជូនដល់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ គឺជាការងារចាំបាច់ដែលត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ជានិច្ច។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបន្ដែមថា ក្នុងពេលដែលពិភពលោកបច្ចុប្បន្ន ពោរពេញដោយភាពមិនប្រាកដប្រជា ដោយសារតែការរង្គោះរង្គើផ្នែកសេដ្ឋកិច្ច, ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ, ការចុះខ្សោយនៃប្រព័ន្ធច្បាប់ និងសណ្ដាប់ធ្នាប់ពិភពលោក, ការរីកចម្រើនឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល, និងការប្រែប្រួលអាកាសធាតុ ។ ការផ្លាស់ប្តូរខាងលើនេះបាននិងកំពុងកើតឡើងក្នុងល្បឿនដ៏លឿន និងមិនអាចព្យាករបានជាមុន ។ ក្នុងន័យនេះ, កម្ពុជាត្រូវការមូលធនមនុស្ស ប្រកបដោយសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈកាន់តែច្បាស់លាស់ ដើម្បីអាចឆ្លើយតបឱ្យបានទាន់ពេល និងកាន់តែមានប្រសិទ្ធភាព, ជាពិសេស ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយភាពធន់រឹងមាំ សម្រាប់ទប់ទល់ទៅនឹងវិបត្តិ និងឆ្លើយតបតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ៕














