ឧត្ដមសេនីយ៍ឯក យឹម លាង និងតំណាងស្ថានទូតចិន បិទវគ្គបណ្តុះបណ្តាលជំនាញការពារឥស្សរជនសំខាន់ៗ និងសន្តិសុខព្រឹត្តិការណ៍ធំៗ សម្រាប់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៦ កម្លាំងនាយកដ្ឋានអង្គរក្ស
21-08-2026 21:26
(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្ដមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស និងលោក LI Xiangming តំណាងស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីបិទវគ្គនៅនឹងកន្លែង បណ្តុះបណ្តាលជំនាញការពារឥស្សរជនសំខាន់ៗ និងសន្តិសុខព្រឹត្តិការណ៍ធំៗ សម្រាប់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៦ ជូនដល់សិក្ខាកាមកងកម្លាំងនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស ដែលបង្ហាត់បង្រៀនដោយ លោកសាស្ត្រាចារ្យ, សាស្ត្រាចារ្យរង និងក្រុមគ្រូជំនាញ ដែលអញ្ចើញមកពីសកលវិទ្យាល័យនគរបាលប្រជាជនចិន។
ពិធីនេះមានការអញ្ចើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស និងលោក-លោកស្រី អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ-លោកប្រធានអង្គភាព គ្រូបង្គោល និងសិក្ខាកាម ចំណុះនាយកដ្ឋានអង្គរក្ស ប្រមាណចំនួន៩០រូប។
លោកឧត្តមសេនីយ៍ឯក យឹម លាង ជំនួសមុខឲ្យនាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងវាយតម្លៃខ្ពស់ដល់ក្រសួងសន្តិសុខសាធារណៈចិន និងស្ថានទូតចិនប្រចាំកម្ពុជា ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភ គាំទ្រ លើការបណ្តុះបណ្តាលកសាងសមត្ថភាពដល់នគរបាលកម្ពុជា។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក យឹម លាង ក៏បានថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យ, សាស្ត្រាចារ្យរង និងក្រុមគ្រូជំនាញ នៃសកលវិទ្យាល័យនគរបាលប្រជាជនចិន ដែលបានខិតខំបង្ហាត់បង្រៀនសិក្ខាកាមរហូតទទួលបានចំណេះជំនាញ និងបទពិសោធន៍ថ្មីលើជំនាញការពារឥស្សរជនសំខាន់ៗ និងសន្តិសុខព្រឹត្តិការណ៍ធំៗ។
លោកឧត្តមសេនីយ៍ឯក ក៏មិនភ្លេចកោតសរសើរដល់សិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ផ្ចង់ស្មារតីត្រងត្រាប់ស្តាប់គ្រូឧទ្ទេស និងហ៊ានសួរដេញដោលជាមួយគ្រូឧទ្ទេស ជាពិសេសការអនុវត្តផ្ទាល់ ជាមូលដ្ឋានគ្រឹះក្នុងការធានាសន្តិសុខ សុវត្ថិភាពជូនឥស្សរជនសំខាន់ៗ ដែលអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍ធំៗនៅកម្ពុជា៕

















