FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

និយ័តករទូរគមនាគមន៍កម្ពុជា ក្រើនរំលឹកពីការបោកប្រាស់តាមរយៈសេវា «ការពារគណនី និងទំព័រ» នៅលើបណ្តាញសង្គម

21-08-2026 20:45

(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីក្រើនរំលឹកដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះទង្វើបោកប្រាស់តាមរយៈការផ្សព្វផ្សាយ និងការផ្តល់សេវាអះអាងថា "ការពារគណនី និងទំព័រ" នៅលើបណ្តាញទំនាក់ទំនងសង្គម ជាថ្នូរនឹងការបង់ប្រាក់កម្រៃ។

និយ័តករទូរគមនាគមន៍កម្ពុជា បានសង្កេតឃើញថា មានបុគ្គលមួយចំនួនបានផ្សព្វផ្សាយសេវាទាំងនេះ ដោយអះអាងថា ខ្លួនអាចជួយការពារ ឬធានាមិនឱ្យគណនី ឬទំព័ររបស់អ្នកប្រើប្រាស់ត្រូវបានបិទ ផ្អាក លុប ឬបាត់បង់ឡើយ។

និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ការអះអាងបែបនេះ គឺជាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចមានធាតុផ្សំនៃបទល្មើសបោកប្រាស់ និងអាចត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

គោលបំណងសំខាន់នៃការផ្សព្វផ្សាយបែបនេះ គឺដើម្បីបង្កការភ័យខ្លាច និងទាក់ទាញអ្នកប្រើប្រាស់ឱ្យបង់ប្រាក់ ឬផ្តល់ព័ត៌មានសម្ងាត់ ដូចជា លេខទូរស័ព្ទ អាសយដ្ឋានអ៊ីមែល ពាក្យសម្ងាត់ លេខកូដ OTP ឬសិទ្ធិគ្រប់គ្រងទំព័រ ដែលអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ រួមមាន ការបាត់បង់ការគ្រប់គ្រងគណនី ឬទំព័រជាអចិន្ត្រៃយ៍ ការបាត់បង់ប្រាក់ ការលួចយកព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានហិរញ្ញវត្ថុ និងការយកគណនីដែលបានលួចទៅបន្តឆបោកលើអ្នកដទៃ។

ដើម្បីការពារខ្លួន និយ័តករទូរគមនាគមន៍កម្ពុជា បានណែនាំដល់សាធារណជនឱ្យអនុវត្តនូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖ មិនត្រូវផ្តល់ពាក្យសម្ងាត់ ឬលេខកូដ OTP ដល់បុគ្គលផ្សេងឡើយ មិនត្រូវបង់ប្រាក់ជូនបុគ្គលដែលអះអាងថាអាចការពារ ឬធានាគណនី មិនត្រូវផ្តល់សិទ្ធិ Admin ឬ Editor លើទំព័រជូនបុគ្គលដែលមិនស្គាល់ច្បាស់លាស់ មិនត្រូវចុចលើតំណភ្ជាប់គួរឱ្យសង្ស័យ ឬដំឡើងកម្មវិធីមិនស្គាល់ប្រភព និងត្រូវបើកមុខងារផ្ទៀងផ្ទាត់ពីរជាន់ (Two-Factor Authentication)។

និយ័តករទូរគមនាគមន៍កម្ពុជា បន្ថែមថា ការប្រើប្រាស់គណនី និងទំព័រនៅលើបណ្តាញទំនាក់ទំនងសង្គម ត្រូវអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគោរពតាមលក្ខខណ្ឌនៃការប្រើប្រាស់ និងគោលការណ៍សហគមន៍របស់ក្រុមហ៊ុនម្ចាស់ថ្នាលនីមួយៗ។ ការបង់ប្រាក់កម្រៃជូនបុគ្គលណាមួយ មិនអាចជំនួស ឬបន្ធូរបន្ថយកាតព្វកិច្ចទាំងនេះបានឡើយ។ ក្នុងករណីមានការសង្ស័យថាបានជួបប្រទះសកម្មភាពបោកប្រាស់ សូមរាយការណ៍មក ន.ទ.ក. តាមរយៈទូរស័ព្ទលេខ ៦៧៨៩ ឬអ៊ីមែល [email protected]