FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧត្តមសេនីយ៍ឯក គឹម រស្មី ដឹកនាំសិក្ខាកាមយោធាជាង ៣០០នាក់ ទស្សនកិច្ចវិមានឈ្នះឈ្នះ ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រ និងតម្លៃសន្តិភាព

21-08-2026 17:23

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក គឹម រស្មី អគ្គលេខាធិការរងក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូ នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមវគ្គបណ្ដុះបណ្ដាល ការងាររដ្ឋបាល ជំនាន់ទី៥ និងទី៦ នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាល សរុបចំនួន ៣២៩នាក់ ចុះទស្សនកិច្ចសិក្សាស្វែងយល់នៅវិមានឈ្នះឈ្នះ។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងសំខាន់ដើម្បីសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រ ដំណើរតស៊ូ និងគុណតម្លៃនៃនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងឯកភាពជាតិពេញលេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

វិមានឈ្នះឈ្នះ គឺជាទីកន្លែងរំលឹកដល់សារៈសំខាន់នៃសន្តិភាព និងដំណើរការបង្រួបបង្រួមជាតិ។ តាមរយៈទស្សនកិច្ចនេះ សិក្ខាកាមទាំងអស់បានទទួលចំណេះដឹង និងបទពិសោធបន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជា ព្រមទាំងយល់កាន់តែច្បាស់អំពីតម្លៃនៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

លោកឧត្តមសេនីយ៍ឯក គឹម រស្មី បានបញ្ជាក់ថា ការមកទស្សនកិច្ចនេះ គឺដើម្បីភ្ជាប់ចំណេះដឹងដែលសិក្ខាកាមបានរៀនក្នុងថ្នាក់ ទៅនឹងបទពិសោធជាក់ស្តែង ដើម្បីពង្រឹងការយល់ដឹង ស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តក្នុងការបំពេញតួនាទីបម្រើជាតិ មាតុភូមិ និងប្រជាជន។

លោកបានសង្កត់ធ្ងន់ថា វិមានឈ្នះឈ្នះ មានសារៈសំខាន់ក្នុងការអប់រំ និងផ្សព្វផ្សាយពីគុណតម្លៃនៃសន្តិភាព និងការបង្រួបបង្រួមជាតិ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក គឹម រស្មី បានផ្ញើសារថា យើងត្រូវស្គាល់ប្រវត្តិសាស្ត្រ ដើម្បីយល់ពីតម្លៃសន្តិភាព និងរួមគ្នាថែរក្សាសន្តិភាព ដែលជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។ ក្នុងនាមជាកងយោធពលខេមរភូមិន្ទ យើងត្រូវបន្តពង្រឹងវិន័យ សីលធម៌ សាមគ្គីភាព និងស្មារតីទទួលខុសត្រូវ ដើម្បីបំពេញភារកិច្ចការពារជាតិ មាតុភូមិ និងប្រជាជន៕