FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងព័ត៌មាន និង OHCHR ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់សិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាន

21-08-2026 17:16

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាននៅក្នុងប្រទេសកម្ពុជា។

ការប្តេជ្ញានេះត្រូវបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ម៉ាទីលដា បូហ្គនើរ (Matilda Bogner) អ្នកតំណាងប្រចាំប្រទេសថ្មីរបស់ OHCHR ប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។

ជំនួបនេះមានគោលបំណងណែនាំខ្លួនរបស់អ្នកតំណាងប្រចាំប្រទេសថ្មីរបស់ OHCHR ប្រចាំកម្ពុជា ព្រមទាំងពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងរកលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាង OHCHR និងក្រសួងព័ត៌មាន ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ព្រមទាំងចូលរួមលើកកម្ពស់ការយល់ដឹងរបស់សាធារណជន តាមរយៈវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។

លោកស្រី បូហ្គនើរ បានជម្រាបជូនលោករដ្ឋមន្ត្រី អំពីការចាប់ផ្តើមបំពេញភារកិច្ចរបស់លោកស្រី ក្នុងនាមជាអ្នកតំណាងប្រចាំប្រទេសថ្មីរបស់ OHCHR ប្រចាំកម្ពុជា។ លោកស្រីបានបញ្ជាក់ថា លោក Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានតែងតាំងលោកស្រីឱ្យកាន់តំណែងជាតំណាងរបស់លោកនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ហើយលោកស្រីបានមកដល់រាជធានីភ្នំពេញ និងចាប់ផ្តើមបំពេញមុខងាររបស់ខ្លួនជាផ្លូវការ។

លោកស្រី បូហ្គនើរ បានបញ្ជាក់ពីគោលបំណងពង្រឹងកិច្ចសហការជាមួយក្រសួងព័ត៌មាន តាមរយៈការផ្លាស់ប្តូរទស្សនៈ និងការចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា។

ជាពិសេស លោកស្រីមានបំណងពិភាក្សាអំពីលទ្ធភាពដែលការិយាល័យ OHCHR អាចគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន ក្នុងការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស តាមរយៈការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវ និងការគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋាន។

លោកស្រីក៏បានបង្ហាញការចាប់អារម្មណ៍ចំពោះតួនាទីរបស់វិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការផ្តល់ព័ត៌មានពិត ត្រឹមត្រូវ និងមានតុល្យភាពដល់សាធារណជន ព្រមទាំងចូលរួមបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ស្របតាមច្បាប់ និងបទដ្ឋានជាតិ និងអន្តរជាតិ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្តែងការស្វាគមន៍ចំពោះតួនាទីថ្មីរបស់លោកស្រី បូហ្គនើរ ជាអ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ក្រសួងព័ត៌មានបានបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងការត្រៀមខ្លួនបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ OHCHR តាមរយៈការផ្លាស់ប្តូរព័ត៌មាន ការពិភាក្សាប្រកបដោយស្ថាបនា និងការសហការលើវិស័យពាក់ព័ន្ធនឹងសិទ្ធិទទួលបានព័ត៌មាន សេរីភាពសារព័ត៌មាន និងការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស។

លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន ក្នុងការលើកកម្ពស់សិទ្ធិទទួលបានព័ត៌មានរបស់សាធារណជន ព្រមទាំងពង្រឹងការផ្សព្វផ្សាយ និងការអប់រំការយល់ដឹងអំពីព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដើម្បីចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានដែលអាចបង្កការភាន់ច្រឡំក្នុងសង្គម។

ជាមួយគ្នានេះ ក្រសួងព័ត៌មានបាននិងកំពុងអនុវត្តការងារជាច្រើនទៀត ក្នុងគោលបំណងធានាឱ្យសាធារណជនទទួលបានព័ត៌មានពិតប្រាកដ ត្រឹមត្រូវ ទាន់ពេលវេលា និងមានប្រភពច្បាស់លាស់ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងសមត្ថភាពរបស់ប្រជាពលរដ្ឋ ក្នុងការវាយតម្លៃ និងពិនិត្យប្រភពព័ត៌មាន មុននឹងជឿ ឬចែករំលែក៕