FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

និស្សិត NPIC នៃក្រសួងការងារ តំណាងឱ្យកម្ពុជា ចូលរួមប្រកួតរ៉ូបូត ABU ROBOCON 2026 នៅលើឆាកអន្តរជាតិ

21-08-2026 16:07

(ភ្នំពេញ)៖ និស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ បានចេញដំណើរទៅតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមការប្រកួតរ៉ូបូតអន្តរជាតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ABU ROBOCON 2026 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

ដើម្បីលើកទឹកចិត្តដល់ក្រុមនិស្សិតកម្ពុជា លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងសិស្ស-និស្សិត ជូនដំណើរក្រុមរ៉ូបូត NPIC ទៅចូលរួមការប្រកួតនៅព្រលានយន្តហោះអន្តរជាតិតេជោ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ការដែលនិស្សិត NPIC ទទួលបានឱកាសតំណាងឱ្យកម្ពុជា ចូលរួមប្រកួតរ៉ូបូតនៅលើឆាកអន្តរជាតិ គឺជាមោទកភាពរបស់ប្រជាជនកម្ពុជាទាំងមូល និងជាសក្ខីភាពបង្ហាញពីចំណេះដឹង ជំនាញបច្ចេកទេស ភាពច្នៃប្រឌិត និងសមត្ថភាពប្រកួតប្រជែងរបស់និស្សិត TVET កម្ពុជា។

លោកបានបញ្ជាក់ថា ការសិក្សានៅវិទ្យាស្ថានមិនត្រឹមតែផ្ដល់ជំនាញសម្រាប់ការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសឱ្យយុវជនកម្ពុជាបង្ហាញសមត្ថភាព និងកសាងកិត្តិយសជូនជាតិនៅលើឆាកអន្តរជាតិផងដែរ។

លោក ស៊ុន មេសា បានបន្តថា វត្តមានរបស់ក្រុមរ៉ូបូត NPIC នៅលើឆាកអន្តរជាតិ ក៏បង្ហាញពីការរីកចម្រើននៃវិស័យបណ្តុះបណ្ដាលជំនាញរបស់កម្ពុជា ក្នុងការបណ្ដុះបណ្ដាលយុវជនឱ្យក្លាយជាអ្នកបច្ចេកទេស អ្នកច្នៃប្រឌិត និងធនធានមនុស្សដែលមានសមត្ថភាពចូលរួមក្នុងការអភិវឌ្ឍបច្ចេកវិទ្យារបស់ប្រទេស។

ជាមួយគ្នានេះ ដើម្បីផ្ដល់កម្លាំងចិត្តដល់ក្រុមតំណាងជាតិ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១០,០០០ដុល្លារ សម្រាប់ជ័យលាភីលេខ១ និង ៥,០០០ដុល្លារ សម្រាប់ជ័យលាភីលេខ២។

បន្ថែមពីនេះ ថ្នាក់ដឹកនាំវិទ្យាស្ថាន NPIC ក៏នឹងផ្ដល់ប្រាក់រង្វាន់បន្ថែមចំនួន ៥,០០០ដុល្លារ សម្រាប់ជ័យលាភីលេខ១ និង ៣,០០០ដុល្លារ សម្រាប់ជ័យលាភីលេខ២ផងដែរ។

ការចូលរួមប្រកួត ABU ROBOCON 2026 របស់ក្រុមនិស្សិត NPIC គឺជាឱកាសមួយសម្រាប់យុវជនកម្ពុជាបង្ហាញសមត្ថភាពផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងបង្ហាញដល់យុវជនជំនាន់ក្រោយថា ការជ្រើសរើសសិក្សាជំនាញបច្ចេកទេស អាចបើកផ្លូវទៅរកការងារល្អ ការបង្កើតនវានុវត្តន៍ និងឱកាសតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិ ដើម្បីកសាងកិត្តិយសជូនជាតិមាតុភូមិ៕