FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

FASMEC រៀបចំសិក្ខាសាលានៅខេត្តកណ្ដាល ស្តីពី «ការត្រៀមខ្លួនទទួលបានហិរញ្ញប្បទាន ដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល»

21-08-2026 16:04

(កណ្ដាល)៖ នាថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានរៀបចំសិក្ខាសាលាស្តីពី «ការត្រៀមខ្លួនទទួលបានហិរញ្ញប្បទាន ដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល» ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ផេង អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល។

សិក្ខាសាលានេះ ដឹកនាំរៀបចំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានហិរញ្ញវត្ថុ ដៃគូសហការ និងម្ចាស់សហគ្រាស សរុបប្រមាណ ២០០រូប។

សិក្ខាសាលានេះ មានគោលបំណងសំខាន់ក្នុងការពង្រឹងសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីនីតិវិធីនៃការទទួលបានប្រាក់កម្ចី និងហិរញ្ញប្បទានពីធនាគារដៃគូ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីគាំទ្រ និងពង្រីកអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ កម្មវិធីក៏មានគោលបំណងផ្តល់ចំណេះដឹងជាក់ស្តែងដល់ម្ចាស់សហគ្រាស ក្នុងការត្រៀមខ្លួនសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងបង្កើនការយល់ដឹងអំពីបទប្បញ្ញត្តិ និងច្បាប់ពាក់ព័ន្ធនានា។ លើសពីនេះ សិក្ខាសាលាក៏ជាវេទិកាសម្រាប់ប្រមូលផ្តុំបញ្ហាប្រឈមជាក់ស្តែងរបស់អាជីវកម្ម ដើម្បីស្វែងរកដំណោះស្រាយ និងការគាំទ្រពីស្ថាប័នរដ្ឋ និងវិស័យឯកជន។

ថ្លែងក្នុងឱកាសនោះ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC បានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម ត្រូវការជាចាំបាច់នូវចំណេះដឹងថ្មីៗ និងធនធានហិរញ្ញវត្ថុ ដើម្បីជំរុញការលូតលាស់របស់អាជីវកម្ម ពង្រឹងសមត្ថភាពប្រកួតប្រជែង និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនោះដែរ ឧកញ៉ា តែ តាំងប៉ ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកណ្ដាល តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួម និងគាំទ្រដល់កម្មវិធីនេះ។

ឧកញ៉ា តែ តាំងប៉ ក៏បានថ្លែងអំណរគុណដល់ដៃគូសហការ និងដៃគូឧបត្ថម្ភ រួមមាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ធនាគារអេស៊ីលីដា ភីអិលស៊ី, ក្រុមហ៊ុនផលិតចំណីសត្វ ANT FEED, ក្រុមហ៊ុន SCE CONSTRUCTION, អ៊ឹង មុយគៀង អលង្ការពេជ្រ, ក្រុមហ៊ុន ខ្មែរមីលឃីហ្វូដ, ក្រុមហ៊ុន KH Haitech-Haier Global Business និង Vattanac Brewery ដែលបានចូលរួមគាំទ្រ និងរួមចំណែកធ្វើឱ្យសិក្ខាសាលានេះប្រព្រឹត្តទៅដោយជោគជ័យ។

សិក្ខាសាលានេះ បានក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ គ្រឹះស្ថានហិរញ្ញវត្ថុ និងម្ចាស់សហគ្រាស ដើម្បីរួមគ្នាជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទាន ការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍវិស័យ MSMEs នៅកម្ពុជាឱ្យកាន់តែរឹងមាំ និងមានចីរភាព៕⁩