FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកវេជ្ជបណ្ឌិត គួង ឡូ ជំរុញពង្រឹងការងារទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់នៅខេត្តព្រះវិហារ (Video inside)

21-08-2026 15:54

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្ត ចល័តព្យាបាលជំងឺគ្រុនចាញ់ ស្តីពី «ការគ្រប់គ្រងករណីជំងឺគ្រុនចាញ់សម្រាប់សហគមន៍» ជូនដល់មន្ត្រីសុខាភិបាលជាកងទ័ព នៃអង្គភាពនានាក្នុងខេត្តព្រះវិហារ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងចំណេះដឹង និងជំនាញដល់មន្ត្រីសុខាភិបាលជាកងទ័ព ឱ្យអាចចូលរួមស្វែងរកករណីសង្ស័យជំងឺគ្រុនចាញ់ ធ្វើតេស្ត និងព្យាបាលជំងឺគ្រុនចាញ់ស្រាលបានទាន់ពេលវេលា និងបញ្ជូនអ្នកជំងឺធ្ងន់ធ្ងរទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដើម្បីរួមចំណែកទប់ស្កាត់ការឆ្លង និងការកើតឡើងវិញនៃជំងឺគ្រុនចាញ់។

លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងករណីជំងឺគ្រុនចាញ់នៅកម្រិតសហគមន៍ និងអង្គភាពកងទ័ព មានសារៈសំខាន់ណាស់ក្នុងការស្វែងរកអ្នកជំងឺឱ្យបានឆាប់រហ័ស ធ្វើតេស្តរកមេរោគទាន់ពេលវេលា ផ្តល់ការព្យាបាលត្រឹមត្រូវ និងអប់រំសុខភាព ដើម្បីទប់ស្កាត់ការនាំចូល ឬការកើតឡើងវិញនៃជំងឺ។

លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងអំណរគុណដល់អង្គការ MC មជ្ឈមណ្ឌលជាតិជំងឺគ្រុនចាញ់ មន្ទីរពេទ្យសម្ដេចតេជោ ស្រអែម និងនាយកដ្ឋានសុខាភិបាលកងទ័ព ដែលបានគាំទ្រ និងសម្របសម្រួលឱ្យវគ្គបណ្តុះបណ្តាលនេះកើតឡើង។

លោកបានជំរុញឱ្យសិក្ខាកាមទាំងអស់យកចំណេះដឹង និងជំនាញដែលទទួលបានទៅអនុវត្តឱ្យមានប្រសិទ្ធភាព ដោយបន្តរក្សាការឃ្លាំមើល ស្វែងរកករណីសកម្ម រាយការណ៍ឱ្យបានទាន់ពេលវេលា និងត្រៀមឆ្លើយតបចំពោះករណីនាំចូល ដើម្បីរក្សាសមិទ្ធផលដែលសម្រេចបាន និងត្រៀមទទួលវិញ្ញាបនបត្រលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៩។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតក៏បានលើកឡើងពីស្ថានភាពជំងឺគ្រុនឈាមនៅខេត្តព្រះវិហារ និងទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៦ ដោយមានខេត្តចំនួន៩ កំពុងប្រឈម និងខេត្តព្រះវិហារមានករណីស្លាប់១នាក់។ លោកបានអំពាវនាវឱ្យមន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋបន្តចូលរួមបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម តាមរយៈការសម្អាត និងលុបបំបាត់កន្លែងដែលមូសខ្លាអាចរស់នៅ និងបន្តពូជ។ ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានប្រគល់សម្ភារៈមួយចំនួនជូនដល់សិក្ខាកាម ដើម្បីគាំទ្រដល់ការបំពេញការងាររបស់ពួកគាត់ផងដែរ៕