លោក ប៉ែន បូណា៖ អ្នកនយោបាយណាដែលមិនសាទរការបង្រួបបង្រួមជាតិ ហើយតែហុចដងដាវឱ្យសត្រូវនោះ ស្មើនឹងបន្សាបឥទ្ធិពលរបស់ខ្លួនឯង (Video inside)
21-08-2026 15:47
(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា អ្នកនយោបាយណាដែលមិនសាទរការបង្រួបបង្រួមជាតិ ហើយហុចដងដាវឱ្យសត្រូវនោះ ស្មើនឹងបន្សាបឥទ្ធិពលខ្លួនឯង។
ការថ្លែងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលបែបនេះ បានធ្វើឡើងក្នុងវេទិកាសារព័ត៌មាន ស្ដីពីសមិទ្ធផល៣ឆ្នាំរបស់រដ្ឋាភិបាលនីតិកាលទី៧ ដែលរៀបចំឡើងនៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
លោក ប៉ែន បូណា បានលើកឡើងពីដំណើរការផ្សះផ្សារបង្រួបបង្រួមជាតិ នាំឱ្យកើតមានសន្ដិភាព ការឯកភាពជាតិ នៅក្រោមដំបូលតែមួយ ក្រោមម្លប់អង្គព្រះមហាក្សត្រ ដែលជាស្នាដៃឯករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន។
លោក ប៉ែន បូណា ចាត់ទុកស្នាដៃរបស់សម្ដេចតេជោ ជាមាសសុទ្ធដែលមិនអាចមាននរណាបំលែងទៅជាធាតុផ្សេងទៀតបានទេ។ លោក បានមានប្រសាសន៍ា៖ «អ្នកលាបពណ៌ លាបពណ៌យ៉ាងណាក៏មិនអាចកាឡៃសច្ចធម៌ប្រវត្តិសាស្ត្រនេះបានដែរ ព្រោះជាស្នាដៃដ៏សំខាន់សម្រាប់ប្រទេសជាតិរបស់យើង»។
អ្នកនាំពាក្យរូបនេះ បានបន្តថា តាមរយៈនយោបាយឈ្នះ-ឈ្នះ ការបង្រួបបង្រួមជាតិ ឯកភាពជាតិផ្ទៃក្នុង បាននាំនូវសុខសន្ដិភាពសម្រាប់កម្ពុជា ដែលអ្នកប្រឹងលាបពណ៌មួយចំនួនមិនអាចបន្លំបាន ហើយពេលខ្លះអាចបាត់បង់ប្រជាប្រិយភាពខ្លួនឯងទៅវិញ៕






