FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប៉ែន បូណា៖ ច្បាប់ស្តីពីកាតព្វកិច្ចយោធា ធ្វើឱ្យយុវជនខ្មែរ​ មានជំនាញការពារជាតិ (Video inside)

21-08-2026 15:38

(ភ្នំពេញ)៖​ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា​ ច្បាប់ស្តីពីកាតព្វកិច្ចយោធា មានសារៈសំខាន់ខ្លាំងណាស់ ដែលធ្វើឱ្យយុវជនខ្មែរមានជំនាញការពារជាតិ។

កាតព្វកិច្ចយោធា គឺជាករណីយកិច្ច និងកិត្តិយសរបស់ប្រជាពលរដ្ឋកម្ពុជា ដែលមានតួនាទីសំខាន់ក្នុងការពង្រឹងការពារជាតិ និងអភិវឌ្ឍធនធានមនុស្ស និងជាឱកាសរបស់យុវជនអាយុ ១៨ ដល់ ២៥ឆ្នាំ ចូលរួមបម្រើជាតិ ដើម្បីការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងរក្សាសន្តិភាពជាតិ។

ការលើកឡើងបែបនេះរបស់លោក ប៉ែន បូណា បានធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ តាមរយៈវេទិកាសារព័ត៌មានលើកទី៩ ស្តីពី «សមិទ្ធផល៣ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ទោះជាមានឧបសគ្គធំៗចំពោះមុខ ដំណើរឆ្ពាះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅតែបន្ត»

លោក ប៉ែន បូណា បានលើកឡើងយ៉ាងដូច្នេះថា៖ «ច្បាប់កាតព្វកិច្ចយោធាមានសារៈសំខាន់ណាស់ធ្វើឱ្យយុវជនយើងបានហ្វឹកហាត់ មានឱកាសហ្វឹកហាត់ជំនាញមួយដ៏សំខាន់នៅក្នុងជីវិតដែលអត់មានក្នុងសាលាទេ និងមហាវិទ្យាល័យទេ គឺជំនាញការពារជាតិ នេះសំខាន់ណាស់»

ជាមួយគ្នានេះដែរ លោក ប៉ែន បូណា បានបន្តថា ច្បាប់កាតព្វកិច្ចយោធា គឺជាការបណ្តុះស្មារតីមនសិកាស្នេហាជាតិ ដល់យុវជនកូនខ្មែរគ្រប់រូបឱ្យចេះស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី មានមោទនភាពចំពោះជាតិសាសន៍របស់ខ្លួន។

បន្ថែមពីនេះប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា យុវជនអាចហ្វឹកហាត់វិន័យ ដែលសារៈសំខាន់ខ្លាំងណាស់ ដូច្នេះ យុវជនត្រូវតែមានវិន័យនៅក្នុងខ្លួន។ ត្រង់ចំណុចនេះ ការចូលរួមបំពេញកាតព្វកិច្ចយោធា នឹងធ្វើឱ្យយុវជនខ្មែរ មានវិន័យដែលនាំឱ្យមានសេចក្តីថ្លៃថ្នូរ វិន័យនាំឱ្យមានជោគជ័យគ្រប់ភារកិច្ចការងារ និងមានកាយសម្បទារឹងមាំ ទាំងផ្លូវកាយ និងផ្លូវចិត្ត។

គួរឱ្យដឹងថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះតម្រូវឱ្យយុវជនខ្មែរជាបុរស ដែលមានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ ត្រូវចូលហ្វឹកហាត់កងទ័ពរយៈពេល ២៤ខែ និងត្រូវក្លាយជាទ័ពបម្រុងរហូតដល់អាយុ ៤៥ឆ្នាំ។ ចំពោះពលរដ្ឋខ្មែរជាស្ត្រីវិញ គឺផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។

យុវជនដែលបំពេញកាតព្វកិច្ចយោធានឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន៤០ម៉ឺនរៀល ក្នុងមួយខែ ដោយបូករួមជាមួយនឹងរបបផ្សេងៗទៀត។ នេះបើតាម ក្នុងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដែលចុះហត្ថលេខាដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។

ក្នុងជំពូកទី៥ ប្រាក់ឧបត្ថម្ភ គោលរបបផ្សេងៗ និងការលើកទឹកចិត្ត ផ្នែកទី១ ប្រាក់ឧបត្ថម្ភ និងគោលរបបផ្សេងៗ ចំពោះយោធិនកំពុងបំពេញកាតព្វកិច្ចយោធា ត្រង់មាត្រា១៦ បានកំណត់បែបនេះថា៖

យោធិនកំពុងបំពេញកាតព្វកិច្ចយោធា ត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងគោលរបបផ្សេងៗដូចខាងក្រោម៖

ក៖ ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន ៤០០,០០០ (បួនសែន)រៀល

ខ៖ គោលរបបផ្សេងៗ ត្រូវទទួលបានដូចយោធិនអាជីពរួមមាន៖
* ប្រាក់ម្ហូបប្រចាំថ្ងៃ
* ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់
* ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន
* របបអង្ករប្រចាំថ្ងៃ
* របបឯកសណ្ឋានប្រយុទ្ធ និងបរិក្ខារចាំបាច់មួយចំនួន។
ដោយឡែក សម្រាប់មាត្រា១៧ ក៏បានកំណត់ទៀតថា យោធិនមានជំងឺ ឬរងរបួស ឬគ្រោះថ្នាក់ផ្សេងៗ ត្រូវទទួលបានការសង្គ្រោះ ការព្យាបាល និងការថែទាំពីក្រសួងការពារជាតិ៕