សមត្ថកិច្ចកម្ពុជា បណ្ដេញជនជាតិថៃ៤៤នាក់ ទៅប្រទេសថៃវិញ ក្រោយបង្ក្រាបបានពាក់ព័ន្ធអំពើល្មើសច្បាប់ (Video inside)
21-08-2026 15:28
(បន្ទាយមានជ័យ)៖ សមត្ថកិច្ចកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ បានបណ្ដេញជនជាតិថៃ ចំនួន៤៤នាក់ (ស្រី១៦នាក់) ទៅកាន់ប្រទេសថៃវិញ បន្ទាប់ពីបង្ក្រាបបានពាក់ព័ន្ធអំពើល្មើសច្បាប់ និងខ្លះអនុវត្តទោសរួចរាល់នៅកម្ពុជា។
ការបណ្ដេញចេញនេះធ្វើឡើងនៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។
ជាមួយគ្នានេះ សមត្ថកិច្ចថៃក៏បានប្រគល់ប្រជាពលរដ្ឋខ្មែរ ចំនួន៥២នាក់ (ស្រី១៨នាក់ និងកុមារ៧នាក់) ត្រឡប់មកវិញផងដែរ បន្ទាប់ពីពួកគាត់បានលួចឆ្លងដែនទៅកាន់ប្រទេសថៃដោយខុសច្បាប់។
សមត្ថកិច្ចកម្ពុជា ក៏បានចែកអាហារសម្រន់ដល់ពួកគាត់មានបាយសាច់ជ្រូក និងទឹកសុទ្ធ តាមតម្រូវការរបស់គាត់គ្រប់ៗគ្នា។ អនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ពលរដ្ឋខ្មែរខាងលើ ប៉ុស្តិ៍បានធ្វើសម្រង់សាវតាតម្កល់ទុកនៅអង្គភាព បន្ទាប់មកជួយដឹកជញ្ជូនយកទៅប្រគល់ជូនមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត៕






















