មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌៖ ការឆបោកតាមអនឡាញ ក្រុមឧក្រិដ្ឋជនបានបង្កើតការងារក្លែងក្លាយ ផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយសន្យាផ្តល់ប្រាក់ខែខ្ពស់

21-08-2026 15:22

(ភ្នំពេញ)៖ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក្រុមឧក្រិដ្ឋជនបានបង្កើតការងារក្លែងក្លាយ ផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយសន្យាផ្តល់ប្រាក់ខែខ្ពស់ ដើម្បីអូសទាញទាំងប្រជាពលរដ្ឋខ្មែរ និងជនបរទេស ឱ្យមកធ្វើការក្នុងមជ្ឈមណ្ឌលឆបោក និងបង្ខាំងដោយខុសច្បាប់។

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពីច្បាប់ជាតិ-អន្តរជាតិពាក់ព័ន្ធឧក្រិដ្ឋកម្មឆ្លងដែន និងលិខិតបទដ្ឋានគតិយុត្តនានាអំពី អំពើ ជួញដូរមនុស្ស នៅនាយកដ្ឋានសិល្បៈទស្សនីយភាព ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងប្រទេសកម្ពុជា តាមរយៈសកម្មភាពបង្ក្រាបរបស់ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នាពេលកន្លងមក បានបង្ហាញថា បទល្មើសជួញដូរមនុស្ស បានប្រែប្រួលពីទម្រង់ប្រពៃណី (ដូចជាការជួញដូរកម្លាំងពលកម្ម ឧស្សាហកម្មនេសាទ ឬការជួញដូរផ្លូវភេទ) ទៅជាទម្រង់ទំនើប/បច្ចេកវិទ្យា»

លោកស្រីបានបន្តថា «រីឯការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក្រុមឧក្រិដ្ឋជនបានបង្កើតការងារក្លែងក្លាយ ផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយសន្យាផ្តល់ប្រាក់ខែខ្ពស់ ដើម្បីអូសទាញទាំងប្រជាពលរដ្ឋខ្មែរ និងជនបរទេស ឱ្យមកធ្វើការក្នុងមជ្ឈមណ្ឌលឆបោក និងបង្ខាំងដោយខុសច្បាប់។ ចំពោះ ការបង្ក្រាបផ្លូវច្បាប់ អាជ្ញាធរកម្ពុជាបានខិតខំបង្ក្រាបបទល្មើសជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទបានជាច្រើនរយករណីជាបន្តបន្ទាប់ ដោយបានឃាត់ខ្លួនជនសង្ស័យ និងធ្វើការបណ្តេញជនបរទេសដែលពាក់ព័ន្ធនឹងបទល្មើសឆ្លងដែន រាប់ពាន់នាក់ត្រឡប់ទៅប្រទេសដើមវិញ»

លោកស្រីរដ្ឋលេខាធិការ បានបន្ថែមថា បច្ចុប្បន្ននេះ បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស បាននិងកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក និងជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ មនុស្សធម៌ សិទ្ធិមនុស្ស និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាំងនៅក្នុងកម្រិតតំបន់ និងពិភពលោក។ ការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យា និងការតភ្ជាប់ទំនាក់ទំនង ជាសកល ទោះបី ជាផ្តល់ផលវិជ្ជមានជាច្រើនក៏ដោយ ក៏វាបានផ្តល់ឱកាសឱ្យក្រុមឧក្រិដ្ឋជនប្រើប្រាស់ជា ឧបករណ៍ក្នុងការប្រព្រឹត្តបទល្មើសឆ្លងដែនកាន់តែមានល្បិចកលស្មុគស្មាញ កាន់តែស៊ីជម្រៅ និងពហុរូបភាព។

លោកស្រី ឡងឌី សាន់ណារ៉ា ក៏បានបន្តថា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនេះឱ្យមានប្រសិទ្ធភាព ការពឹងផ្អែកតែលើវិធានការច្បាប់ក្នុងស្រុកមួយ មុខ គឺមិនទាន់ គ្រប់គ្រាន់នោះទេ វាទាមទារឱ្យមានការយល់ដឹងស៊ីជម្រៅ អំពីលិខិតបទដ្ឋានគតិយុត្តជាតិ និងអនុសញ្ញា/សន្ធិសញ្ញាអន្តរជាតិនានា, មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងអាជ្ញាធរមានសមត្ថកិច្ច ស្ថាប័នអនុវត្តច្បាប់ អង្គការសង្គមស៊ីវិល និងដៃ គូអន្តរជាតិ, មានការកសាងសមត្ថភាព ដល់មន្ត្រីអនុវត្តច្បាប់ និងភាគីពាក់ព័ន្ធ ឱ្យទាន់សភាពការណ៍ និងការប្រែប្រួលនៃបទល្មើស។

បើតាមលោកស្រី ឡងឌី សាន់ណារ៉ា របាយការណ៍ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដែលបានធ្វើការផ្សព្វផ្សាយកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ មានសកម្មភាព និងទិសដៅការងារទប់ស្កាត់អំពើជួញដូរមនុស្សសំខាន់ៗរបស់ គ.ជ.ប.ជ ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២៦ រួមមាន៖ ការបន្តប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ (Cyber Scam Centers) , យុទ្ធនាការរួមគ្នាក្នុងតំបន់ , កិច្ចសហប្រតិបត្តិការអន្តរជាតិ, ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព, ការបង្ក្រាប និងអនុវត្តច្បាប់, ការការពារ និង សង្គ្រោះជនរងគ្រោះ, ការផ្សព្វផ្សាយ និងអប់រំ។

សូមជម្រាបថា ដើម្បីទប់ស្កាត់ និងលុបបំបាត់បទល្មើសឆ្លងដែនទាំងនេះឱ្យមានប្រសិទ្ធភាព រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅយុទ្ធសាស្ត្រសំខាន់ៗដូចខាងក្រោម៖

*លុបបំបាត់ទម្រង់ជួញដូរមនុស្សគ្រប់រូបភាព៖ ជាពិសេសការកាត់បន្ថយឱ្យបានជាអតិបរមានូវបទល្មើស «ជួញដូរមនុស្សតាមអនឡាញ» និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម/ផ្លូវភេទ។

*លើកកម្ពស់ចំណាត់ថ្នាក់អន្តរជាតិរបស់កម្ពុជា៖ ខិតខំពង្រឹងប្រសិទ្ធភាពការងារ ដើម្បីស្ដារ និងលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ លើរបាយការណ៍វាយតម្លៃការជួញដូរមនុស្ស។
*បង្កើនទំនុកចិត្តលើផ្នែកសន្តិសុខ និងវិនិយោគ៖ ធានាថាកម្ពុជាជាដែនដីមានសុវត្ថិភាព សម្រាប់អ្នកវិនិយោគទេសចរ និងពលរដ្ឋ ដោយមិនបណ្តោយឱ្យក្រុមឧក្រិដ្ឋជនឆ្លងដែនយកធ្វើជាទីតាំងប្រព្រឹត្តបទល្មើស
*ពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់៖ កសាងធនធានមនុស្សក្នុងជួរអាជ្ញាធរ និងសមត្ថកិច្ច ឱ្យមានជំនាញខ្ពស់ក្នុងការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យា និងបទល្មើសហិរញ្ញវត្ថុពាក់ព័ន្ធ៕