លោក ប៉ែន បូណា៖ រយៈពេល៣ឆ្នាំមកនេះ សម្តេចបវធិបតី ហ៊ុន ម៉ាណែត បានឆ្លងកាត់វិញ្ញាសាធំៗជាច្រើន ក្នុងការដឹកនាំប្រទេសជាតិ (Video inside)
21-08-2026 15:12
(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំមកនេះ សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លងកាត់វិញ្ញាសាធំៗជាច្រើន ក្នុងការដឹកនាំប្រទេសជាតិ។
ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោក ប៉ែន បូណា ធ្វើឡើងក្នុងវេទិកាសារព័ត៌មានលើកទី៩ស្តីពី «សមិទ្ធផល៣ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ទោះជាមានឧបសគ្គធំៗចំពោះមុខ ដំណើរឆ្ពាះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅតែបន្ត» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
លោក ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះថា «ជាសេចក្តីសន្និដ្ឋានចុងក្រោយ យើងឃើញថា រយៈពេល៣ឆ្នាំដំបូង នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឆ្លងកាត់វិញ្ញាសាធំៗ»។
វិញ្ញាសាធំៗ ទាំងនោះរួមមាន៖ សង្គ្រាមឈ្លានពានទឹកដីពីប្រទេសថៃ, ការប្រយុទ្ធប្រឆាំងអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្កេម, ការទប់ទល់នឹង ផលប៉ះពាល់ ដែលបង្កឡើង ដោយសង្គ្រាមនៅមជ្ឈិមបូព៌ា និងផលប៉ះពាល់ភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចសាកល ដែលជះឥទ្ធិពលអវិជ្ជមាន មកលើបណ្ដាប្រទេសលើពិភពលោក ក្នុងនោះ ក៏មានកម្ពុជា។
បើតាមលោក ប៉ែន បូណា, វិញ្ញាសាធំៗទាំងអស់នេះ អាចវាស់ស្ទង់បានពីភាពរឹងមាំ របស់រាជរដ្ឋាភិបាល និងសមត្ថភាពដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី។
លោក ប៉ែន បូណា បានឲ្យដឹងទៀតថា «ដូចយើងបានដឹងថា ការរក្សាបានសុខសន្តិភាព លំនឹងម៉ាក្រូសេដ្ឋកិច្ចស្ថេរភាពសង្គម និងនយោបាយ និងការសម្រេចបានសមិទ្ធផលធំៗទាំងឡាយ ដូចបានលើកឡើង វាគឺជាលទ្ធផល ដែលមិនអាចប្រកែកបាន»។
លោក ប៉ែន បូណា គូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន មាណែត មានសុខភាពមាំទាំ មានភាពជាអ្នកដឹកនាំគ្រប់គ្រាន់ និងកាន់តែរឹងមាំ ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេស ដែលមានចំណូលខ្ពស់ ដោយឥតងាករេក បើទោះបីជាមានឧបសគ្គធំៗ នៅចំពោះមុខ៕






