៣ឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧! រដ្ឋមន្ដ្រី តាន់ ហ្សង់ហ្វ្រង់ស័រ៖ អាទិភាពការទូតរបស់កម្ពុជា គឺពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី ដើម្បីការពារសន្តិភាព ឯករាជ្យភាព, អធិបតយ្យភាព, បូរណភាពទឹកដី និងការអភិវឌ្ឍ (Video inside)
21-08-2026 14:48
(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានលើកឡើងថា ក្នុងរយៈពេល៣ឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាននិងកំពុងបន្ដបង្ហាញមុខ និងធ្វើសកម្មភាពលើឆាកអន្ដរជាតិ បើទោះបី ៣ឆ្នាំមកនេះ រាជរដ្ឋាភិបាលត្រូវឆ្លងកាត់ព្រឹត្តិការណ៍ ឧបសគ្គ និងវិញ្ញាសា ដែលចូលមកសាកល្បងគោលនយោបាយការបរទេសកម្ពុជាយ៉ាងណាក្ដី។
ក្នុងវេទិកាសារព័ត៌មានលើកទី៩ ស្តីពី «សមិទ្ធផល៣ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ទោះជាមានឧបសគ្គធំៗចំពោះមុខ ដំណើរឆ្ពាះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅតែបន្ត» នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា អាទិភាពការទូតរបស់កម្ពុជា គឺពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី ដើម្បីការពារសន្តិភាព ឯករាជ្យភាព, អធិបតយ្យភាព, បូរណភាពទឹកដី និងការអភិវឌ្ឍតាំងពីដំបូងមក។
លោកបានបន្ដថា តាំងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣មក ការទូតពង្រឹងមិត្តភាព ចាស់ពង្រីកមិត្តភាពថ្មីនេះ គឺជាអ្វីដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបន្តអនុវត្តដោយឥតងាករ ដ្បិតជាគន្លងនយោបាយការបរទេសសំខាន់ជាងគេមួយ ដែលអនុម័ត និងតម្រូវឲ្យអនុវត្តដោយគណបក្សប្រជាជនកម្ពុជា។ ការពង្រឹង និងការធ្វើពិពិធកម្មភាពជាដៃគូរបស់កម្ពុជា ជាមួយបណ្តាប្រទេសផ្សេងៗ និងអង្គការអន្តរជាតិនានា គឺអ្វីដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តធ្វើអស់រយៈពេល៣ឆ្នាំកន្លងមកហើយ។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបន្ថែមទៀតថា ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបំពេញទស្សនកិច្ចផ្លូវ ការនិងទស្សនកិច្ចការងារចំនួនទាំងអស់១៣ នៅក្នុងប្រទេសចំនួន១០ រួមមាននៅ ចិន, វៀតណាម, បារាំង, ថៃ, ម៉ាឡេស៊ី, ឡាវ, កូរ៉េខាងត្បូង, សិង្ហបុរី, ហ្វីលីពីន, និងជប៉ុន។ ដំណើរជាច្រើនដងផ្សេងទៀតរបស់ សម្ដេចធិបតី អញ្ជើញទៅចូលរួមក្នុងជំនួបកំពូលពហុភាគីផ្សេងៗដទៃទៀត។
ដោយឡែក ចំពោះការអនុវត្តការទូតសេដ្ឋកិច្ចរបស់កម្ពុជា មានមុខព្រួញ៣សំខាន់ៗ៖ ទី១៖ ជំរុញពាណិជ្ជកម្មអន្ដរជាតិ បានន័យថា បង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជានិងពិភពលោក, ទី២៖ ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស, និងទី៣៖ លើកកម្ពស់វិស័យទេសចរណ៍។ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ជំនួបកំពូលទ្វេភាគី នីមួយៗរវាងកម្ពុជានិងបណ្តាប្រទេសជាដៃគូ តូច មធ្យម ឬធំ សុទ្ធសឹងជាឱកាស ដើម្បីចរចា, ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ ពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ពិសេសនៅក្នុងបរិបទសេដ្ឋកិច្ចសកលមួយលំបាកលំបិនខ្លាំង ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា បានកើនពីប្រមាណ ៤៧,៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដល់ ជាង ៦៥,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥, ពោលគឺកើនឡើងជាង ៣៦% ក្នុងរយៈពេលពីរឆ្នាំ។ សន្ទុះនេះនៅតែបន្ត ក្នុងអំឡុងពេល៧ខែដំបូងនៃឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរបស់យើងបានឈានដល់ ប្រមាណ ៤៥,៥ពាន់លានដុល្លារ, កើនជាង ២៣% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥។
ចំពោះចំនួនគម្រោងវិនិយោគដែលត្រូវបានអនុម័ត បានកើនពី ២៦៨គម្រោង ក្នុងឆ្នាំ២០២៣ ដល់ ៦៣០គម្រោង ក្នុងឆ្នាំ២០២៥។ ទំហំទុនវិនិយោគបានកើនពី ៤,៦ពាន់លានដុល្លារនៅឆ្នាំ២០២៣ ដល់ប្រមាណ១០ពាន់លានដុល្លារក្នុងឆ្នាំ២០២៥។ សន្ទុះនេះបន្តក្នុងឆ្នាំ២០២៦ ដោយក្នុងអំឡុងពេល៧ ខែដំបូងនៃឆ្នាំ២០២៦នេះ កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៣០៩គម្រោង ក្នុងទំហំទុនប្រមាណ៥,២ពាន់ លានដុល្លារ។
ជាមួយគ្នានេះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ ក៏បានលើកឡើងថា ការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ក្លាយជាអាទិភាពខ្ពស់បំផុត។ យ៉ាងណាមិញ តាំងពីពាក់កណ្ដាលឆ្នាំ២០២៥មក ជម្លោះព្រំដែន និងសង្គ្រាមពីរលើកជាមួយថៃ មិនមែន គ្រាន់តែជាព្រឹត្តិការណ៍បន្ថែមក្នុងបញ្ជីបញ្ហានៃកិច្ចការបរទេសដែលកម្ពុជាត្រូវប្រឈមប៉ុណ្ណោះទេ។ ប៉ុន្ដែជាចំណុចរបត់នៅត្រង់ថា ពីមុន កម្ពុជាត្រូវប្រើការទូត ដើម្បីបន្តពង្រឹងសន្តិភាព និងពន្លឿនការអភិវឌ្ឍ។ ពីអំណើះតទៅ កម្ពុជាត្រូវប្រើការទូត ដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី ហើយដើម្បីជាមួយគ្នានេះ បន្តរក្សាសន្តិភាព និងដើម្បីបន្តអភិវឌ្ឍ។
ទាំងអស់នេះ ស្តែងឱ្យឃើញថា ក្នុងគោលដៅឱ្យកម្ពុជាបន្តរស់ បន្តអភិវឌ្ឍ និងបន្តពង្រឹងជំហរ របស់ខ្លួននៅលើពិភពលោក សម្ដេចធិបតី ហ៊ុន ម៉ាណែត ខិតខំប្រឹងប្រែងមិនថាយប់ថ្ងៃ ដើម្បីចៀសវាងមិនឱ្យកម្លាំងប្រាជ្ញា និងកម្លាំងកាយរបស់លោក ឋិតនៅក្រោមការគ្រប់គ្រងនៃជម្លោះជាមួយថៃ ទាំងស្រុងនិងតែមួយមុខ៕






