FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា ទទួលជួបជាមួយឯកអគ្គរាជទូតន័រវែស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

21-08-2026 14:17

(ភ្នំពេញ)៖ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានទទួលលោកស្រី Astrid Emilie Helle ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រន័រវែស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវបញ្ចប់អាណត្តិបេសកកម្មការទូត។

លោកស្រី អ៊ាត សោភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីឯកអគ្គរាជទូត ក្នុងការចូលរួមចំណែកលើកកម្ពស់ និងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងន័ររវែស ក៏ដូចជាបានបញ្ជាក់ពីការត្រៀមខ្លួនបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោកឯកអគ្គរាជទូតន័រវែសថ្មី។

ជាការឆ្លើយតប លោកស្រីឯកអគ្គរាជទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធដល់លោកស្រី ក្នុងអំឡុងបេសកកម្មការទូតរយៈពេលបួនឆ្នាំកន្លងមក។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរអំពីការរួមចំណែកសំខាន់របស់ន័រវែសក្នុងការអភិវឌ្ឍកម្ពុជា និងបច្ចុប្បន្នភាពនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ លោកស្រី អ៊ាត សោភា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយទំនាស់ព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់៕