សហគមន៍កសិកម្មជីរោទ៍រុងរឿង ពង្រីកខ្សែច្រវាក់ផលិតកម្មពោតក្រហម និងជំរុញការភ្ជាប់ទីផ្សារតាមរយៈកិច្ចសន្យាកសិកម្ម (Video inside)
21-08-2026 14:16
(ត្បូងឃ្មុំ)៖ សហគមន៍កសិកម្មជីរោទ៍រុងរឿង មានទីតាំងស្ថិតនៅក្នុងភូមិកំពង់បួសថ្មី ឃុំជីរោទ៍រុងរឿងទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករក្នុងតំបន់ តាមរយៈការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតកម្មពោតក្រហម និងការផ្គត់ផ្គង់ដំណាំកសិកម្មប្រកបដោយគុណភាព។
សហគមន៍នេះ ត្រូវបានបង្កើតឡើង និងចុះបញ្ជីផ្លូវការ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ បច្ចុប្បន្ន សហគមន៍មានសមាជិកសរុបចំនួន ៤០គ្រួសារ (ក្នុងនោះមានស្ត្រី ១២នាក់) និងមានផ្ទៃដីផលិតកម្មសរុប ១៦៤ហិកតា ដែលរួមមាន៖ ដំណាំ ពោត ក្រហម ១៣១ហិកតា, ស្រូវ ១៨ហិកតា និងបន្លែ ១៥ហិកតា។
ក្រោមការដឹកនាំរបស់លោក លី សុខជា ប្រធានសហគមន៍កសិកម្មជីរោទ៍រុងរឿង បាននិងកំពុងដំណើរការអាជីវកម្មប្រមូលទិញគ្រាប់ពោតក្រហមពីកសិករ ដោយមានឡសម្ងួតអាចសម្ងួតបាន ៥០តោនក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សាររាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងក្នុងខេត្តត្បូងឃ្មុំផ្ទាល់។
ដើម្បីពង្រឹងសមត្ថភាពដឹកនាំ និងបច្ចេកទេសផលិតកម្មសហគមន៍កសិកម្មជីរោទ៍រុងរឿង ទទួលបានការគាំទ្រយ៉ាងសកម្មពីកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និងគម្រោងខ្សែច្រវាក់ផលិតកម្មកសិកម្ម ដោយភាពធន់នឹងបរិស្ថាន (CFAVC)។
តាមរយៈកម្មវិធី ASPIRE-AT សហគមន៍ ទទួលបានប្រាក់កម្ចីចំនួន ៥០,០០០ដុល្លារ អាមេរិកពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សម្រាប់ប្រើប្រាស់ជាទុនប្រមូលទិញផលដំណាំ និងធ្វើពាណិជ្ជកម្ម។ បន្ថែមពីនេះ សហគមន៍ក៏ទទួលបានការសាងសង់ឃ្លាំងស្តុកគ្រាប់ពោតចំនួនមួយខ្នង ដែលអាចស្តុក បាន ១០០តោន ព្រមទាំងការបណ្តុះបណ្តាលបច្ចេកទេសដាំដុះ និងការគ្រប់គ្រងអាជីវកម្មផងដែរ។
បើតាម លោក លី សុខជា បានបញ្ជាក់ថា តម្លៃពោតក្រហមនៅក្នុងសហគមន៍ដែលបានចុះកិច្ចសន្យាផលិតកម្មកសិកម្ម គឺខ្ពស់ជាងតម្លៃនៅក្រៅសហគមន៍ ពោលគឺរង្វង់ ១០៨០រៀលក្នុងមួយគីឡូ ខណៈនៅក្រៅសហគមន៍ប្រមាណ ៦០០រៀល។
លោក ក៏បានលើកឡើងពីការចូលរួមរបស់មន្ត្រីកសិកម្មឃុំ ក្នុងការប្រឹក្សាផ្ដល់យោបល់លើបច្ចេកទេសកសិកម្ម ដែលធ្វើឱ្យកសិករទទួលបានចំណេះដឹងបន្ថែមក្នុងការដាំដុះឱ្យបានត្រឹមត្រូវ ស្របតាមស្ដង់សុវត្ថិភាព៕




