FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខួប៣ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧! ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បង្ហាញអំពីសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចបាន (Video inside)

21-08-2026 14:03

(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ គឺជាខួបគម្រប់៣ឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ រាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានកាច់ចង្កូតនាវាកម្ពុជាឆ្លងកាត់ឧបសគ្គធំៗជាច្រើន ហើយបានសម្រេចសមិទ្ធផលជាបន្ដបន្ទាប់ជូនជាតិ មាតុភូមិ និងប្រជាជន។

តាមរយៈវេទិកាសារព័ត៌មានលើកទី៩ ស្តីពី «សមិទ្ធផល៣ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ទោះជាមានឧបសគ្គធំៗចំពោះមុខ ដំណើរឆ្ពាះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅតែបន្ត» នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញអំពីសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ។

ក្នុងបទអន្ដរាគមន៍ លោក ប៉ែន បូណា បានអះអាងថា កត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ និងជាប្រភពនៃសេចក្តីសុខរបស់ប្រជាពលរដ្ឋ នៅតែត្រូវបានថែរក្សា, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អ, ស្ថិរភាពសង្គម-នយោបាយ ក៏នៅថែរក្សាបានល្អ, ៣ឆ្នាំចុងក្រោយនេះ គឺជាដំណាក់កាលនៃការបន្តវេន នៃការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានបង្កើតប្រវត្តិសាស្ត្រថ្មីដ៏គួរជាទីមោទនៈ នោះគឺការផ្លាស់ប្តូរមេដឹកនាំក្នុងសុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ និងការបន្តបោះជំហានទៅមុខនៅលើគ្រឹះដែលអ្នកដឹកនាំរាមច្បងបានកសាង។

សម្រាប់សមិទ្ធផលរយៈពេលតែ៣ឆ្នាំចុងក្រោយ ក្រោមការដឹកនាំ បន្តវេនរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី រួមមាន៖

រាជរដ្ឋាភិបាលបន្តអភិវឌ្ឍ និងសម្ពោធដាក់ឱ្យដំណើរការហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដូចជា មន្ទីរពេទ្យ សាលារៀន អគាររដ្ឋបាល ផ្លូវល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិលំដាប់ខ្ពស់ មជ្ឈមណ្ឌលភស្តុភារកម្មចម្រុះ កំពង់ផែសមុទ្រទឹកជ្រៅ ព្រែកជីក បណ្តាញដឹកជញ្ជូនតាមផ្លូវគោក-ទឹក-អាកាស និងតំបន់អភិវឌ្ឍពិសេស ជាច្រើនទៀត ដូចជា៖

១៖ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» ក្នុងខែតុលា ឆ្នាំ២០២៣។ នេះជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលមានឧបករណ៍ទំនើបៗ និងដែលអាចអនុញ្ញាតឱ្យអ្នកជំងឺប្រមាណជាងមួយម៉ឺននាក់ សម្រាក និងព្យាបាល។

២៖ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុង ខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ» កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ ស្ពាននេះបានរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញជាង ២០ម៉ឺននាក់ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សទាំងពីរ។

៣៖ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ» (Siem Reap Angkor International Airport) នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ២០២៣ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០០ហិកតា ជាអាកាសយានដ្ឋាន ប្រភេទខ្នាតធំកម្រិត 4E ដែលមានសមត្ថភាពអាចទទួលយន្តហោះខ្នាតធំស្ទើរគ្រប់ប្រភេទនិងអាចទទួលជើងហោះហើរប្រមាណជាង ៦ម៉ឺន៥ពាន់ជើង ក្នុង១ឆ្នាំ និងអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ដំណាក់កាលទី១។

៤៖ ការសម្ពោធ «មន្ទីរពេទ្យតេជោសែនកោះធំ» ក្នុងខែ មីនា ២០២៤ ដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ និងបំពាក់ដោយសម្ភារៈ បរិក្ខារ សម្រាប់ព្យាបាលបែបទំនើប ដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល។

៥៖ ការសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត នៅខែមិថុនា ឆ្នាំ ២០២៤។ កំពង់ផែពហុបំណងនេះត្រូវបានរំពឹងថា នឹងក្លាយជាសរសៃឈាមដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដែលនឹងចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យមានកំណើនបន្ថែមទៀត ព្រោះជាកំពង់ផែទឹកជ្រៅមួយបន្ថែមទៀត ដែលនឹងជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។

៦៖ ការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ក្នុងខែ សីហា ២០២៤ ដែលជាគម្រោងដ៏ធំមហិមាមួយ និងមានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដើម្បីលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ។ លើសពីនេះ វាអាចគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត ជាពិសេសគឺពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា។

៧៖ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានអាកាសមរតកតេជោ» ក្នុងរាជធានីភ្នំពេញ កាលពីខែ មេសា ២០២៥។ ស្ពាននេះអាចដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍នៅនឹងកន្លែង និងដើរតួជាចំណុចតភ្ជាប់វិស័យដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីក នៃភាគខាងត្បូងរាជធានីភ្នំពេញ និងជួយលើកសម្រស់រាជធានីភ្នំពេញឱ្យកាន់តែស្រស់ស្អាតគួរឱ្យទាក់ទាញ។

៨៖ ការសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែទេសចរណ៍អន្តរជាតិកំពត» ក្នុង ស្រុកទឹកឈូ កាលពីខែមេសា ២០២៥ ដែលបានរួមចំណែកតភ្ជាប់ប្រព័ន្ធផ្លូវទឹករវាងខេត្តទាំង៤ជាប់សមុទ្រ ក៏ដូចជាតភ្ជាប់បណ្ដាកំពង់ផែទេសចរណ៍នៃប្រទេសជិតខាង និងក្នុងតំបន់។

៩៖ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិតេជោ» ក្នុងខេត្តកណ្តាល កាលពីខែតុលា ២០២៥។ គឺជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F ដែលចំណាយទុនវិនិយោគសរុប ២,៣០០ លានដុល្លារអាម៉េរិក នៅលើផ្ទៃដីសរុបទំហំ ២,៦០០ហិកតា។ អាកាសយានដ្ឋានអន្តរជាតិនេះ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌតាមស្តង់ដាអន្តរជាតិ ដែលអាចបម្រើការហោះហើរបានដល់យន្តហោះគ្រប់ប្រភេទ ទាំងជើងហោះហើរក្នុងតំបន់និងជើងហោះហើររយៈចម្ងាយឆ្ងាយ ដែលអាចចុះចតបានដោយសុវត្ថិភាព។

១០៖ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ» នៅរាជធានីភ្នំពេញ ក្នុងខែឧសភា ២០២៦។ សមិទ្ធផលថ្មីនេះត្រូវបានសាងសង់ឡើងដើម្បីដោះស្រាយបញ្ហាប្រឈម និងដើម្បីគាំទ្រដល់ការប្រមូលចំណូល ការផ្ដល់សេវាជូនអ្នកជាប់ពន្ធ និងការបន្តកែទម្រង់រដ្ឋបាល សារពើពន្ធឱ្យកាន់តែមានភាពទំនើប វិជ្ជាជីវៈខ្ពស់ និងឆ្លាតវៃ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។

ស្ថិតិវិនិយោគដែលត្រូវបានចុះបញ្ជីជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៦ មានចំនួន ១,៤៩៣គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណជិត២៦ប៊ីលានដុល្លារអាម៉េរិក។ រាជរដ្ឋាភិបាលខិតខំលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពងាយស្រួល សម្រាប់វិនិយោគិនទាំងក្នុងស្រុក ទាំងបរទេស ដោយប្រកាន់ខ្ជាប់នូវគោលការណ៍បើកចំហ តម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន និងការប្រកួតប្រជែងពេញលេញដោយគ្មានការរើសអើង។

រយៈពេល៣ឆ្នាំដំបូងនេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឆ្លងកាត់វិញ្ញាសាធំៗ ដែលរួមមាន សង្គ្រាមឈ្លានពានទឹកដីពីកងកម្លាំងថៃ ការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ស្កេមអនឡាញ) ការទប់ទល់នឹងផលប៉ះពាល់ដែលបង្កឡើងពីសង្គ្រាមនៅមជ្ឈឹមបូព៌ា និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសាកល ដែលជះឥទ្ធិពលអវិជ្ជមានធំធេងមកលើគ្រប់ប្រទេសក្នុងនោះក៏មានកម្ពុជាដែរ។ វិញ្ញាសាធំៗទាំងអស់នេះអាចវាស់ស្ទង់ភាពរឹងមាំរបស់រាជរដ្ឋាភិបាល និងសមត្ថភាពដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី៕