FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានមន្ទីរកសិកម្ម ខេត្តបាត់ដំបង៖ ការប្រើប្រាស់ជីត្រឹមត្រូវ ជួយឲ្យកសិករទទួលបានទិន្នផលស្រូវខ្ពស់ និងកាត់បន្ថយការខូចខាត

21-08-2026 13:52

(បាត់ដំបង)៖ ដោយមានការគាំទ្រ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្មខេត្តបាត់ដំបង រួមជាមួយក្រុមហ៊ុនយីតាក់ គ្រុប បានសហការជាមួយក្រុមហ៊ុនជី សញ្ញាស្លឹកមាស រៀបចំកម្មវិធីទិវាស្រែ ស្ដីពីការប្រើប្រាស់ជី NPK សញ្ញាស្លឹកមាសលើដំណាំស្រូវ ស្រង៉ែក្រអូប។

គោលបំណងនៃទិវាស្រែនេះ ក្រុមហ៊ុន យីតាក់ គ្រុប ផ្តោតលើការផ្តល់ចំណេះដឹង និងបច្ចេកទេសកសិកម្ម ដើម្បីជួយដល់ប្រជាកសិករ បង្កើនការយល់ដឹង អំពីការប្រើប្រាស់ជី ប្រកបដោយប្រសិទ្ធភាព និងធ្វើឲ្យការលូតលាស់របស់ដំណាំស្រូវល្អប្រសើរឡើង។ ក្រៅពីនេះ ក៏មានការពិភាក្សាអំពីបញ្ហាប្រឈម និងចែករំលែកបទពិសោធន៍កសិកម្ម ដោយអ្នកជំនាញកសិកម្ម មកពីតាមក្រុមហ៊ុនជីសញ្ញាស្លឹកមាសផងដែរ។ កម្មវិធីនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

ជាកិច្ចចាប់ផ្តើម លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានលើកឡើងថា ការរៀបចំទិវាស្រែ ស្ដីពីការប្រើប្រាស់ជី NPK លើដំណាំស្រូវនេះ បានសរបញ្ជាក់ឲ្យឃើញថា មន្ទីរកសិកម្មខេត្ត វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ បានយកចិត្តទុកដាក់គិតគូរសុខទុក្ខកសិករ ដើម្បីបង្កើនការស្វែងយល់ពីការប្រើប្រាស់ជី NPK ដែលដើរតួនាទីសំខាន់ ក្នុងការលូតលាស់ បង្កើនទិន្នផលស្រូវ ជាមួយអត្ថប្រយោជន៍នៃធាតុនីមួយៗផ្សេងគ្នា ជួយឲ្យកសិករទទួលបានទិន្នផលស្រូវខ្ពស់ ប្រមូលផលតាមកាលកំណត់ កាត់បន្ថយការខូចខាត ដើម្បីទទួលបានប្រាក់ចំណេញពិតប្រាកដ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ លោក ចៅ ស៊ីណា តំណាងក្រុមហ៊ុនជីសញ្ញាស្លឹកមាស បានសម្តែងនូវចំណាប់អារម្មណ៍គាំទ្រការយកចិត្តទុកដាក់ពីក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ជីលើដំណាំស្រូវនេះជូនប្រជាកសិករ សំដៅរកផលប្រាក់ចំណូល និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ជាពិសេសជំរុញការប្រើប្រាស់ ជីបង្កើនគុណភាពកសិផល និងស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

តាមរយៈលទ្ធផលដ៏ត្រចះត្រចង់នេះ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ បានគូសបញ្ជាក់អំពីគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្ម ការពង្រាយមន្រ្តីកសិកម្មឃុំ និងការកសាងសហគមន៍កសិកម្មទំនើប ដើម្បីសម្រចឱ្យប្រជាពលរដ្ឋធានាបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ពោលគឺ «មានហូប មានប្រើ មានបាន និងមានរហូត»

លោក គង់ គា បានលើកទឹកចិត្ត និងសំណូមពរដល់ក្រុមហ៊ុន យីតាក់ គ្រុប តំណាងចែកចាយជីសញ្ញាស្លឹកមាស បន្តកិច្ចការងារនេះបន្ថែមទៀត នៅតាមមូលដ្ឋានគោលដៅ ដើម្បីជួយកាត់បន្ថយថ្លៃដើមផលិតកម្ម អភិវឌ្ឍន៍វិស័យកសិកម្មឱ្យមានភាពធន់ បរិយាប័ន្ន មានសេដ្ឋកិច្ចមាត្រដ្ឋាន ជាពិសេសជួយលើកកម្ពស់ជីវភាពប្រជាកសិករ កាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕