FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ហួត ហាក់៖ ទេសចរណ៍ភាពយន្ត ជាឧបករណ៍ដ៏មានសក្តានុពលក្នុងការផ្សព្វផ្សាយកម្ពុជា និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

21-08-2026 12:06

(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា» នៅខេត្តសៀមរាប។

សិក្ខាសាលានេះ មានការចូលរួមពីតំណាងស្ថាប័នរដ្ឋ វិស័យឯកជន សមាគម និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ វប្បធម៌ សិល្បៈ និងភាពយន្ត ដើម្បីពិភាក្សា និងស្វែងរកវិធានការជាក់ស្តែង ក្នុងការជំរុញកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ភាពយន្តកាន់តែមានភាពទាក់ទាញ និងប្រកួតប្រជែង។

ក្នុងកិច្ចពិភាក្សាស្តីពី «កាលានុវត្តភាព បញ្ហាប្រឈម និងវិធានការគន្លឹះក្នុងការជំរុញទេសចរណ៍ភាពយន្ត» វាគ្មិនបានលើកឡើងពីសក្តានុពលរបស់កម្ពុជា ដែលមានសម្បត្តិបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ ប្រាសាទបុរាណ ទេសភាពធម្មជាតិ ឆ្នេរសមុទ្រ កោះ តំបន់អេកូទេសចរណ៍ ទីក្រុង និងជីវភាពរស់នៅរបស់ប្រជាជន ដែលអាចក្លាយជាទីតាំងថតភាពយន្តដ៏មានភាពចម្រុះ និងមានអត្តសញ្ញាណពិសេស។

ទន្ទឹមនឹងនេះ អង្គពិភាក្សាបានកំណត់បញ្ហាប្រឈមមួយចំនួន រួមមាន ការសម្របសម្រួលនីតិវិធីថតភាពយន្ត ការផ្តល់ព័ត៌មាន និងសេវាគាំទ្រដល់ផលិតកម្ម ការអភិវឌ្ឍធនធានមនុស្ស និងជំនាញបច្ចេកទេស ការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ព្រមទាំងការផ្សព្វផ្សាយទីតាំងថត និងការពង្រឹងកិច្ចសហការរវាងវិស័យទេសចរណ៍ វប្បធម៌ ភាពយន្ត និងវិស័យឯកជន។

អង្គពិភាក្សាបានគូសបញ្ជាក់ថា ការជំរុញទេសចរណ៍ភាពយន្ត មិនគួរផ្តោតត្រឹមតែការទាក់ទាញផលិតកម្មភាពយន្តមកថតនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រែក្លាយ «ទីតាំងថតភាពយន្ត» ទៅជា «គោលដៅទេសចរណ៍» តាមរយៈការតភ្ជាប់ស្នាដៃភាពយន្តជាមួយផលិតផល និងខ្សែទស្សនកិច្ចទេសចរណ៍ ការផ្សព្វផ្សាយគោលដៅ និងការបង្កើតបទពិសោធន៍ថ្មីៗសម្រាប់ភ្ញៀវទេសចរ។

ថ្លែងក្នុងពិធីបិទ លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសិក្ខាសាលា និងជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សមាគម អ្នកផលិតភាពយន្ត និងដៃគូអភិវឌ្ឍន៍ បន្តពង្រឹងកិច្ចសហការ និងប្រែក្លាយអនុសាសន៍ដែលទទួលបានទៅជាសកម្មភាពជាក់ស្តែង។

លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តបង្កើតបរិយាកាសអំណោយផលសម្រាប់ផលិតកម្មភាពយន្តជាតិ និងអន្តរជាតិ ព្រមទាំងបង្កើនការផ្សព្វផ្សាយទីតាំងថត និងសក្តានុពលទេសចរណ៍របស់កម្ពុជា ដើម្បីឱ្យ Film Tourism ក្លាយជាផលិតផលទេសចរណ៍ថ្មី និងជាផ្នែកមួយនៃ Soft Power របស់កម្ពុជា ដែលអាចរួមចំណែកទាក់ទាញភ្ញៀវទេសចរ បង្កើតការងារ និងប្រាក់ចំណូល ព្រមទាំងលើកកម្ពស់កិត្យានុភាព និងរូបភាពវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិ៕