FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនសង្ស័យ ១១០នាក់ នៅស្រុកចន្ទ្រា

21-08-2026 11:50

(ស្វាយរៀង)៖ កម្លាំងស្នងការនគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ០២ទីតាំង (ផ្ទះ​ជួល​ និង​ផ្ទះ​សណាក់) នៅចំណុចភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ដោយ​ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ១១០នាក់​។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលពីលោក ខាំ​ សុផារី​ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង​។

សមត្ថកិច្ចបានបន្តថា នារសៀល​ថ្ងៃទី២០​ ខែសីហា​ ឆ្នាំ​២០២៦ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំដោយឧត្ដមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ បានចុះបង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន២ទីតាំង (ផ្ទះ​ជួល​ និង​ផ្ទះ​សណាក់) នៅចំណុចភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ដោយ​ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ១១០នាក់​ ស្រី​ ១៦នាក់ (ជនជាតិ​វៀតណាម​ ៩១នាក់​ ស្រី​ ១៥នាក់, ជនជាតិ​ចិន​ ១៤នាក់​ ប្រុស​ និង​ជនជាតិ​ខ្មែរ​ ០៥នាក់​ ស្រី​ ០១នាក់) ព្រមទាំងបានដកហូតសម្ភារៈពាក់ព័ន្ធនឹងបទល្មើសរួមមាន៖ កុំព្យូទ័រ​យួរដៃ​, ទូរស័ព្ទដៃ, ថេបប្លេត និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​ ក្រុមការ​ងារបានបិទ​សុីល​ ទីតាំង​បណ្ដោះអាសន្ន​៕