FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងចម្រុះខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស២០នាក់ និងឃាត់ខ្លួនជនបរទេស៤នាក់ ពាក់ព័ន្ធការរក្សាទុក និងប្រើប្រាស់គ្រឿងញៀន

21-08-2026 11:47

(ត្បូងឃ្មុំ)៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦​ កម្លាំងជំនាញចម្រុះបានបន្តចុះអនុវត្តការងារយ៉ាងសកម្ម។

ប្រតិបត្តិការនេះរួមមានកម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ (ប្រចាំការខេត្តត្បូងឃ្មុំ) កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក បានចុះធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យនៅតាមផ្ទះវីឡា ផ្ទះសំណាក់ បន្ទប់ជួល និងឃ្លាំង ចំនួន ០៥ទីតាំង ដែលមានចំនួន ៦៧បន្ទប់ នៅក្នុងភូមិសាស្ត្រឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។

ជាលទ្ធផលនៃការត្រួតពិនិត្យ កម្លាំងចម្រុះបានធ្វើរដ្ឋបាលលើជនបរទេសចំនួន ២០នាក់ (ស្រី ៤នាក់) ហើយបានរកឃើញជនបរទេសម្នាក់គ្មានលិខិតឆ្លងដែន។ ជាមួយគ្នានេះ ក៏បានឃាត់ខ្លួនជនបរទេសចំនួន ០៤នាក់ រួមមានជនជាតិចិន ០២ នាក់ និងជនជាតិវៀតណាម ០២ នាក់ (ស្រី) ដែលពាក់ព័ន្ធនឹងការរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យទាំងបួននាក់ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

បច្ចុប្បន្ន កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំពុងបន្តចុះស្រាវជ្រាវ និងត្រួតពិនិត្យស្វែងរកទីតាំងដែលមានការសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស និងការរស់នៅប្រមូលផ្តុំខុសច្បាប់ នៅក្នុងភូមិសាស្ត្រទាំង ០៧ក្រុង ស្រុក នៃខេត្តត្បូងឃ្មុំ។ ទន្ទឹមនឹងនេះ ក៏បន្តធ្វើការផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការយល់ដឹង និងចូលរួមអនុវត្តច្បាប់៕