FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីទេសចរណ៍ ស្វាគមន៍ក្រុមកម្មវិធី «Race Across the World» ដែលជ្រើសរើសកម្ពុជាជាគោលដៅថត

21-08-2026 10:45

(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកការជ្រើសរើសប្រទេសកម្ពុជា ជាគោលដៅក្នុងការប្រកួតរបស់កម្មវិធី «Race Across the World» ថា ជាឱកាសដ៏មានតម្លៃសម្រាប់នាំយកសម្រស់ បេតិកភណ្ឌ វប្បធម៌ និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា ទៅបង្ហាញដល់ទស្សនិកជនជុំវិញពិភពលោក។

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីចូលរួមពិធីបិទសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «ការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា» លោក ហួត ហាក់ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមការងារផលិតកម្ម និងអ្នកចូលរួមក្នុងកម្មវិធី «Race Across the World» ដែលមានសមាជិកសរុប ៤២រូប ដឹកនាំដោយលោក Javier Llanos Sanchez ប្រធានក្រុមកម្មវិធី ក្នុងឱកាសរៀបចំការថតនៅប្រាសាទតាព្រហ្ម ខេត្តសៀមរាប។

ការចុះសំណេះសំណាលនេះ មានគោលបំណងស្វាគមន៍ និងលើកទឹកចិត្តដល់ក្រុមផលិតកម្មអន្តរជាតិ ដែលបានជ្រើសរើសកម្ពុជា ជាទីតាំងថតកម្មវិធី ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់ក្រសួងទេសចរណ៍ ចំពោះការផលិតកម្មវិធី និងភាពយន្តអន្តរជាតិនៅកម្ពុជា។

លោក ហួត ហាក់ បានគូសបញ្ជាក់ថា ការផលិតកម្មវិធីអន្តរជាតិបែបនេះ អាចក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ អរិយធម៌ ធនធានធម្មជាតិ និងភាពសម្បូរបែបនៃគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទស្សនិកជនអន្តរជាតិ។

លោករដ្ឋមន្ត្រីបានបន្តថា ការជ្រើសរើសប្រាសាទតាព្រហ្មជាទីតាំងថត ក៏ជាឱកាសដ៏ល្អក្នុងការបង្ហាញទៅកាន់ពិភពលោកនូវមន្តស្នេហ៍នៃតំបន់អង្គរ ដែលរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មបុរាណ បេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏ស្រស់ស្អាត។ ជាមួយគ្នានេះ ការផលិតកម្មវិធីអន្តរជាតិ ក៏អាចចូលរួមលើកកម្ពស់កិត្យានុភាពកម្ពុជា ជាគោលដៅទេសចរណ៍ដែលមានភាពទាក់ទាញ និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរ និងផលិតកម្មអន្តរជាតិ។

គួរជម្រាបថា «Race Across the World» គឺជាកម្មវិធីប្រកួតប្រជែងបែបផ្សងព្រេងឆ្លងកាត់ប្រទេសនានា ដោយអ្នកចូលរួមត្រូវធ្វើដំណើរក្រោមថវិកាកំណត់ និងប្រើប្រាស់មធ្យោបាយធ្វើដំណើរក្នុងស្រុក។ តាមរយៈការប្រកួតនេះ អ្នកចូលរួមមានឱកាសស្វែងយល់ដោយផ្ទាល់ពីជីវភាពរស់នៅ វប្បធម៌ ប្រពៃណី និងគោលដៅទេសចរណ៍នានារបស់ប្រទេសដែលពួកគេធ្វើដំណើរឆ្លងកាត់។

ក្នុងដំណើរប្រកួត កម្មវិធីបានឆ្លងកាត់ប្រទេសមួយចំនួន រួមមាន ចិន វៀតណាម កម្ពុជា ឡាវ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ហើយគ្រោងនឹងចាក់ផ្សាយនៅប្រទេសអេស្ប៉ាញនាពេលខាងមុខ តាមរយៈស្ថាប័នដែលទទួលបានសិទ្ធិក្នុងការផលិត និងចាក់ផ្សាយកម្មវិធី «Race Across the World»