រដ្ឋ និងឯកជន ប្តេជ្ញារួមគ្នាជំរុញកម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍ភាពយន្តលំដាប់អន្តរជាតិ
21-08-2026 10:36
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការប្រែក្លាយខ្លួនជាគោលដៅទេសចរណ៍ភាពយន្ត (Film Destination) ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។
ការលើកឡើងនេះធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «ការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា» ដែលរៀបចំឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ វិស័យឯកជន ឧស្សាហកម្មភាពយន្ត និងវិស័យទេសចរណ៍ សរុបប្រមាណជាង ២០០នាក់។
លោក ហួត ហាក់ បានលើកឡើងថា កម្ពុជាមិនមានតែប្រាសាទអង្គរវត្តប៉ុណ្ណោះទេ ប៉ុន្តែមាន «ស្ទូឌីយោធម្មជាតិ» ជាច្រើនដែលមានសក្តានុពលសម្រាប់ផលិតកម្មភាពយន្ត ដូចជា តំបន់ឆ្នេរសមុទ្រ ព្រៃភ្នំ និងទឹកជ្រោះនៅភាគឦសាន ប្រាសាទកោះកេរ សំបូរព្រៃគុក ព្រមទាំងសំណង់ស្ថាបត្យកម្ម និងទីតាំងប្រវត្តិសាស្ត្រជាច្រើនទៀត។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សិក្ខាសាលានេះ គឺជាវេទិកាសម្រាប់ភ្ជាប់ទំនាក់ទំនង និងបង្កើតកិច្ចសន្ទនារវាងស្ថាប័នរដ្ឋ ប្រតិបត្តិករក្នុងឧស្សាហកម្មភាពយន្ត និងវិស័យទេសចរណ៍ ដើម្បីស្វែងរកឱកាស ដោះស្រាយបញ្ហាប្រឈម និងកំណត់វិធានការសំខាន់ៗ ក្នុងការជំរុញការអភិវឌ្ឍទេសចរណ៍ភាពយន្តនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង។
ក្នុងបរិបទដែលការប្រកួតប្រជែងក្នុងទីផ្សារទេសចរណ៍ពិភពលោកកាន់តែខ្លាំង លោក ហួត ហាក់ បានសង្កត់ធ្ងន់ថា កម្ពុជាមិនអាចពឹងផ្អែកតែលើការផ្សព្វផ្សាយធនធានវប្បធម៌ និងប្រវត្តិសាស្ត្រតាមរបៀបប្រពៃណីបានទៀតឡើយ។ កម្ពុជាត្រូវផ្លាស់ប្តូរពីការលក់ «ទីកន្លែង» ទៅជាការលក់ «បទពិសោធន៍» និងពីការបង្ហាញ «ទេសភាព» ទៅជាការបង្កើត «និទានកថា» ដែលមានអត្តសញ្ញាណ និងអាចទាក់ទាញអារម្មណ៍ភ្ញៀវទេសចរ។
លោកបានបន្តថា ទេសចរជំនាន់ថ្មីមិនត្រឹមតែចង់មកទស្សនា ឬថតរូបនៅទីតាំងទេសចរណ៍នោះទេ ប៉ុន្តែពួកគេចង់ស្វែងយល់ពីរឿងរ៉ាវនៅពីក្រោយទីកន្លែង និងបង្កើតបទពិសោធន៍ដែលអាចចងចាំបានយូរអង្វែង។
លោក ហួត ហាក់ ក៏បានបញ្ជាក់ថា ការអភិវឌ្ឍទេសចរណ៍ភាពយន្ត កំពុងទទួលបានការយកចិត្តទុកដាក់ និងការតម្រង់ទិសដោយផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលដៅប្រែក្លាយកម្ពុជាឱ្យក្លាយជាគោលដៅផលិតភាពយន្ត និងគោលដៅទេសចរណ៍ភាពយន្តអន្តរជាតិ ដែលមានសក្តានុពល និងភាពប្រកួតប្រជែងក្នុងតំបន់។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សិក្ខាសាលានេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ប្រមូលមតិយោបល់ បទពិសោធន៍ និងធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការគន្លឹះ ដែលអាចអនុវត្តបានជាក់ស្តែង សំដៅលើកកម្ពស់សមត្ថភាព ការច្នៃប្រឌិត និងបង្កើតបរិយាកាសអំណោយផលដល់ការផលិតភាពយន្តនៅកម្ពុជា។
គួរបញ្ជាក់ថា កម្ពុជាមានបទពិសោធន៍ជាច្រើនក្នុងការប្រើប្រាស់ឥទ្ធិពលភាពយន្ត ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍។ កម្ពុជាធ្លាប់ជាទីតាំងថតខ្សែភាពយន្តអន្តរជាតិធំៗ ដូចជា «Lord Jim», «Two Brothers» និងជាពិសេស «Tomb Raider» ដែលបានថតនៅតំបន់អង្គរ។
ភាពយន្ត «Tomb Raider» បានចូលរួមចំណែកធ្វើឱ្យប្រាសាទតាព្រហ្ម កាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ ដោយសារទេសភាពប្រាសាទបុរាណដែលរួមបញ្ចូលជាមួយព្រៃព្រឹក្សា។ រហូតមកដល់បច្ចុប្បន្ន ប្រាសាទតាព្រហ្មនៅតែត្រូវបានភ្ញៀវទេសចរមួយចំនួនហៅក្រៅផ្លូវការថា «ប្រាសាទ Angelina Jolie»។
ក្រៅពីនេះ ខ្សែភាពយន្ត «First They Killed My Father» ក៏បានបង្ហាញពីសមត្ថភាពរបស់កម្ពុជា ក្នុងការធ្វើជាទីតាំងផលិតភាពយន្តខ្នាតអន្តរជាតិ និងបានចូលរួមបង្កើតផលប្រយោជន៍សេដ្ឋកិច្ច តាមរយៈការចំណាយ និងការវិនិយោគដោយផ្ទាល់ទៅក្នុងសេដ្ឋកិច្ចមូលដ្ឋានក្នុងអំឡុងពេលផលិតភាពយន្ត៕


















