អភិបាលរងខេត្តកំពត លោក សេង សិរីបុត្រ ចេញមកបំភ្លឺចំពោះពាក្យបណ្តឹងមួយពាក់ព័ន្ធការខ្ចីលុយ ៦ម៉ឺនដុល្លារ
20-08-2026 19:45
(កំពត)៖ អភិបាលរងខេត្តកំពត លោក សេង សិរីបុត្រ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានចេញមកបំភ្លឺ និងបញ្ជាក់ពីដំណើររឿងចំពោះពាក្យបណ្តឹងមួយរបស់ឈ្មោះ ម៉ៅ ប៊ុនលី ដែលបានប្តឹងលោករឿងខ្ចីលុយ ចំនួន៦ម៉ឺនដុល្លារ តែមិនទាន់សង។
លោក ម៉ៅ ប៊ុនលី ជាអ្នករកស៊ីម្នាក់នៅខេត្តកំពត បានអះអាងថា លោក សេង សិរីបុត្រ បានខ្ចីលុយចំនួន ៦ម៉ឺនដុល្លារ តែមិនព្រមសង ហើយថែមទាំងប្តឹងគាត់ទៅកាន់ស្ថាប័នតុលាការទៀតផង។ លោក ម៉ៅ ប៊ុនលី ក៏បានពាក្យបណ្តឹងទៅកាន់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីស្វែងរកដំណោះស្រាយ និងយុត្តិធម៌ជូនលោក។
ចំពោះពាក្យបណ្តឹងខាងលើនេះ លោក សេង សិរីបុត្រ បានច្រានចោលការចោទប្រកាន់ខាងលើនេះ ហើយចាត់ទុកថាខុសពីការពិត មានចរិតលក្ខណៈមួលបង្កាច់ និងញុះញ៉ុងឱ្យមានការរើសអើង ដែលជាហេតុនាំឱ្យសាធារណជនមានការយល់ច្រលំមកលើលោកនាំឱ្យប៉ះពាល់ដល់កិត្ដិយស និងសេចក្ដីថ្លៃថ្នូរលោកយ៉ាងធ្ងន់ធ្ងរ។
តាមដីកាតម្កល់រឿងរបស់តំណាងអយ្យការ, លោក ម៉ៅ ប៊ុនលី បានបញ្ជាក់ថា លោកសេង សិរីបុត្រ ពិតជាបានខ្ចីប្រាក់៦ម៉ឺនដុល្លារ និងបានចេញសែកគ្មានទឹកប្រាក់ឲ្យមកខ្លួនប្រាកដមែន តែលោកមិនទទួលបានសែកផ្ទាល់ពីលោក សេង សិរីបុត្រ ឡើយ ដោយលោកទទួលបានសែកនេះពី ឈ្មោះ ស៊ុំ រិទ្ធី ដែលអះអាងថាខ្លួនជាកូនចៅផ្ទាល់របស់លោកសេង សិរីបុត្រ ហើយលោក ម៉ៅ ប៊ុនលី ផ្ទាល់បានអះអាងថា លោកមិនបានស្គាល់លោក សេង សិរីបុត្រ នោះឡើយ។
លោក សេង សិរីបុត្រ បានបញ្ជាក់ថា លោកមិនបានចេញសែកឲ្យទៅឈ្មោះ ម៉ៅ ប៊ុនលី នោះទេ ព្រោះមិនស្គាល់ និងមិនដែលបានជួបនោះទេ។ សែករបស់លោកនោះ បានបិទឈប់ប្រើយូរមកហើយ ចំណែកឯហត្ថលេខាលើសន្លឹកសែកពុំមែនជាហត្ថលេខារបស់លោកឡើយ។
អភិបាលរងខេត្តកំពតរូបនេះ សូមទទូចឲ្យបងប្អូនឈប់ភ័ន្តច្រឡំលើលោក និងទុកឱ្យស្ថាប័នតុលាការបន្តចំណាត់ការតាមនីតិវិធីច្បាប់ ដើម្បីស្វែងរកការពិត និងយុត្តិធម៌។











