ក្រសួងសង្គមកិច្ច ចេញសេចក្តីណែនាំស្តីពី «កិច្ចការពារ និងអន្តរាគមន៍ ចំពោះទារក និងកុមារដែលត្រូវគេបោះបង់ចោល», ឪពុកម្តាយ បោះបង់កូនចោលត្រូវជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ
20-08-2026 16:44
(ភ្នំពេញ)៖ ថ្មីៗនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកត់សម្គាល់ឃើញថា មានឪពុកម្តាយ ឬអ្នកអាណាព្យាបាលមួយចំនួនតូចបានបោះបង់ទារក ឬកុមារនៅតាមមន្ទីរពេទ្យ ឬទីសាធារណៈ ហើយមានការចែកផ្សាយជាបន្តបន្ទាប់នៅក្នុងបណ្តាញសង្គម។
ក្រសួងសង្គមកិច្ច សូមចាត់ទុកអំពើនេះជាអំពើអមនុស្សធម៌ ឃោរឃៅ និងព្រៃផ្សៃ ដែលផ្ទុយនឹងច្បាប់ សេចក្តីថ្លៃថ្នូរ វប្បធម៌ ក្រមសីលធម៌ គោលនយោបាយកិច្ចការពារកុមារ អនុសញ្ញាស្តីពីសិទ្ធិកុមារ និងលិខិតូបករណ៍អន្តរជាតិដទៃទៀត។
ទន្ទឹមគ្នានេះ ក្រសួងសង្គមកិច្ច ពិនិត្យឃើញថា អំពើល្មើសខាងលើនេះ គឺមានចែងនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ ដែលឪពុកម្តាយ ឬអ្នកអាណាព្យាបាល ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ដូចមានខាងក្រោម៖
* មាត្រា ៣២១៖ បទបោះបង់អនីតិជន «អំពើរបស់បុគ្គលមានអំណាចថែរក្សា ដែលបោះបង់អនីតិជនអាយុតិចជាង ១៥ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០រៀល ទៅ ១០ ០០០ ០០០រៀល ប្រសិនបើអំពើបោះបង់នោះបណ្តាលឱ្យអន្តរាយដល់សុខភាព ឬសន្តិសុខរបស់អនីតិជននោះ»។
* មាត្រា ៣៣០៖ បទញុះញង់ឱ្យបោះបង់ទារក «អំពើនៅក្នុងគោលដៅចង់បានកម្រៃ ញុះញង់ដោយផ្ទាល់ដល់ឪពុកម្តាយ ឬដល់ឪពុក ឬម្តាយឱ្យបោះបង់ចោលទារកដែលកើតមកហើយ ឬដែលនឹងកើត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១០០ ០០០រៀល ទៅ ១ ០០០ ០០០រៀល»។
ពាក់ព័ន្ធករណីខាងលើនេះ កន្លងទៅក្រសួងធ្លាប់បានធ្វើការណែនាំជាច្រើនដងរួចមកហើយ ប៉ុន្តែដើម្បីជាការក្រើនរំលឹកក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ក្រសួងសូមធ្វើការណែនាំដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី-ខេត្ត ត្រូវបន្តពង្រឹងកិច្ចសហការ និងជំរុញការអនុវត្តតួនាទី ភារកិច្ចរបស់អង្គភាព រួមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ លើការអនុវត្តនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តនានា ទាក់ទងនឹងកិច្ចការពារទារក ឬកុមារពីការបោះបង់ចោល ជាពិសេសប្រកាសលេខ ២២៨០ ស.អ.យ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១១ «ស្តីពីនីតិវិធីអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ» និងប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លេខ ០៧៤ប្រក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ស្តីពីការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។
ក្រសួងសូមសំណូមពរដល់ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវសហការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវតួនាទី ភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុងច្បាប់ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីរួមគ្នាការពារកុមារ និងផ្តល់សេវាសមស្របជូនពួកគេ។
ក្រសួងសូមអំពាវនាវដល់ឪពុកម្តាយ ឬអ្នកអាណាព្យាបាល និងសាធារណជនទាំងអស់ សូមចូលរួមចិញ្ចឹមបីបាច់ និងថែរក្សាការពារទារក ឬកុមារជាកូនៗរបស់ខ្លួន ដើម្បីឱ្យពួកគេធំលូតលាស់ និងអភិវឌ្ឍន៍ក្នុងបរិយាកាសគ្រួសារប្រកបដោយក្តីស្រឡាញ់ និងភាពកក់ក្តៅ ព្រមទាំងទទួលបានឧត្តមប្រយោជន៍ពេញលេញ។
ក្នុងករណីមានការលំបាក ឬមានបញ្ហាណាមួយក្នុងការចិញ្ចឹមបីបាច់ថែទាំទារក ឬកុមារ ក្រសួង សូមលើកទឹកចិត្តដល់ឪពុកម្តាយ ឬអ្នកអាណាព្យាបាល ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានការគាំទ្រសេវាសង្គមសមស្របដែលផ្តល់ដោយក្រសួង ស្ថាប័ន និងអង្គភាពរបស់រាជរដ្ឋាភិបាល ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលជាដៃគូ ជៀសវាងការមិនអើពើ ឬការបោះបង់ពួកគេ៕


