FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា គិត ម៉េង៖ ការចុះអនុស្សរណៈយោគយល់គ្នាជាមួយ ACU បង្ហាញពីឆន្ទះយ៉ាងស្មោះស្ម័គ្រ និងភាពស្អាតស្អំក្នុងនាមវិស័យឯកជន

20-08-2026 16:24

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រធាំងអំពើពុករលួយ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី «កិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ» រវាងអង្គភាពប្រឆាំងអំពើពុករលួយ និង សភាពាណិជ្ជកម្មកម្ពុជា។

កិច្ចពិភាក្សានេះក៏មានការចូលរួមផងដែរ ពីសំណាក់អនុប្រធាន និងសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា, អនុប្រធាន និងមន្ត្រីពាក់ព័ន្ធនៃ អង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

កិច្ចប្រជុំពិភាក្សានេះមានគោលបំណងដើម្បីពិ​និត្យ ពិភាក្សាគ្នាទៅលើខ្លឹមសារនៃសេចក្តីព្រាងនៃអនុស្សរណៈនៃការយោគយល់គ្នារវាង អង្គភាពប្រឆាំងអំ​ពើពុករលួយ​ និង សភាពាណិជ្ជកម្មកម្ពុជា​ ឱ្យបានលម្អិតមុននឹងឈានទៅដល់ការចុះ ហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នានាពេលឆាប់ៗខាងមុខនេះ។

អនុស្សរណៈនៃយោគយល់គ្នានេះ គឺជាការបោះជំហ៊ានដ៏មានសារៈសំខាន់ នៃការសហការប្រកបដោយភាពជិតស្និទ្ធរវាងអង្គភាពប្រឆាំង
អំ​ពើពុករលួយ​ និងសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងដើម្បីពង្រឹងតួនាទី និងបង្ហាញពីភាពស្អាតស្អំរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមស្ថាប័នតំណាងវិស័យឯកជន ដែលជាចក្រចេញចូលផ្លូវការតែមួយគត់ ដែលមានសមត្ថកិច្ចទទួលយករាល់ពាក្យបណ្តឹងរបស់ ធុរជន និងអ្នកវិនិយោគ ដើម្បីបញ្ជូនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការសម្របសម្រួល ដើម្បីដោះស្រាយបញ្ហាប្រឈម នានារបស់ធុរជន​ និងវិនិយោគិនទាំងក្នុង និងក្រៅស្រុកប្រកបដោយតម្លាភាព ធានារក្សាការសម្ងាត់​ និងលុបបំបាត់ចំណាយក្រៅផ្លូវការ។

អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ពេលវេលានេះជាពេលដ៏សមស្របបំផុតក្នុងការចុះ MOU នេះ ដែលជាការស្នើសុំជាច្រើនពីសំណាក់ធុរជន វិនិយោគគិនទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីជាអភិបាលកិច្ចល្អ ក្នុងការជួយគិតគូរ ជួយកែ ជួយជម្រុញ ដើម្បីស្តារ និងបង្កើនទំនុកចិត្ត ក្នុងន័យជំរុញឱ្យមានកំណើនសេដ្ឋកិច្ច តាមរយៈការចូលមកវិនិយោគបន្ថែមទៀត មកកាន់កម្ពុជា។

អ្នកឧកញ៉ាក៏បានស្នើសុំឱ្យមានគណៈកម្មការមួយ​ក្នុងការត្រួតពិនិត្យនូវខ្លឹមសារនៃ MOU នេះ នឹងបង្កើតឱ្យមាននីតិវិធី អនុវត្តជាស្តង់ដារ (SOP) មួយក្នុងការអនុវត្ត MOU នេះផងដែរ។

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានមានប្រសាសន៍ថា ការចុះ MOU របស់សភាពាណិជ្ជកម្មកម្ពុជា នេះគឺជាការបង្ហាញអំពីកិច្ចសហប្រតិបត្តិការគ្នាដោយចំហរ និងបានបង្ហាញអំពីឆន្ទះយ៉ាងស្មោះស្មគ្រ័ និងភាពស្អាតស្អំក្នុងនាមវិស័យឯកជនដែលតំណាងឱ្យធុរជន និងវិនិយោគគិនទាំងក្នុង និងក្រៅស្រុក។

លោកបានបន្ថែមថា ក្តីកង្វល់របស់វិស័យឯកជន គឺជាកង្វល់រួម របស់ប្រទេសជាតិ ដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាល បើទោះបីជាមិនអាចទទួលបានការដោះស្រាយ បានភ្លាមៗ យ៉ាងហោចណាស់រដ្ឋាភិបាលក៏បានដាក់ចេញនូវគោលការណ៍ផ្សេងៗក្នុងគោលបំណងដោះស្រាយបញ្ហារបស់វិស័យឯកជន ជារួម។

លោកបានឯកភាពចំពោះការលើកឡើងរបស់ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែល​ថា ពេលវេលានេះគឺជា ពេលវេលាដ៏សមស្របបំផុតក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងន័យថែរក្សាអ្នកវិនិយោគចាស់ និងទាក់ទាញអ្នក វិនិយោគថ្មីបន្ថែមទៀត៕