លោក អ៊ុំ រាត្រី នាំយកថវិកាសមាគមអតីតយុទ្ធជន និងនិវត្តជន ចូលរួមបុណ្យសពចំនួន៥សព នៅខេត្តបន្ទាយមានជ័យ
20-08-2026 15:56
(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារ បានអញ្ជើញនាំយកថវិការបស់សមាគម ចូលរួមបុណ្យសពអតីតយុទ្ធជន និងនិវត្តជនចំនួន ៥សព នៅក្នុងស្រុកអូរជ្រៅ ស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោក អ៊ុំ រាត្រី បានពាំនាំនូវការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនចំពោះក្រុមគ្រួសារនៃសពទាំងអស់។
លោកបានលើកឡើងពីការលះបង់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជន ដែលបានចូលរួមការពារបូរណភាពទឹកដី និងបន្សល់ទុកនូវស្នាដៃជាច្រើនជូនជាតិមាតុភូមិ។
លោក អ៊ុំ រាត្រី ក៏បានបញ្ជាក់បន្ថែមថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរបស់អតីតយុទ្ធជន និងនិវត្តជន តាមរយៈការគាំទ្រសមាគមអតីតយុទ្ធជន ការដំឡើងប្រាក់បៀវត្សរ៍ ការផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងការជួយសម្រាលបន្ទុកជីវភាពគ្រួសារខ្វះខាតជាដើម។
សពអតីតយុទ្ធជនទាំង ៥រូប រួមមាន៖ ឈ្មោះ ណា បូរ, ឈ្មោះ ជ្រិង ចាន់រិទ្ធ, ឈ្មោះ ឈុន នួន, ឈ្មោះ ទន់ ទាប និងឈ្មោះ តុល សារឿន។ ក្នុងមួយគ្រួសារសព ទទួលបានថវិការៀបចំបុណ្យសពចំនួន ៤លានរៀល ដើម្បីជួយសម្រាលបន្ទុកមួយផ្នែក។
ការយកចិត្តទុកដាក់នេះ ឆ្លុះបញ្ចាំងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរខ្ពស់ចំពោះវីរៈភាព និងគុណូបការៈរបស់អតីតយុទ្ធជន ដែលបានបូជាកម្លាំងកាយចិត្តដើម្បីបុព្វហេតុជាតិ៕














