FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសតែងតាំងប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដិនថ្មី, អភិបាលខេត្តតាកែវ ណែនាំឲ្យយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសទំនិញគេចពន្ធឆ្លងដែន

20-08-2026 15:56

(តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសតែងតាំងលោក ព្រំ ប៊ុនថន ជាប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដិនជំនួសលោក នួន សារ៉ែន ដែលត្រូវចប់អាណត្តិវិលមកបម្រើការងារនៅសាលាខេត្តតាកែវវិញ។ ពិធីប្រកាសតែងតាំងនេះ បានរៀបចំធ្វើឡើងនៅច្រកទ្វារអន្តរជាតិភ្នំដិន ក្នុងស្រុកគីរីវង់។

ថ្លែងនៅក្នុងឱកាសនោះ អភិបាលខេត្តតាកែវ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារកន្លងមកដែលប្រធានទីស្នាក់ការចាស់លោក នួន សារ៉ែន បានអនុវត្តការងារបានយ៉ាងល្អប្រសើរ និងបានណែនាំលោកប្រធានទីស្នាក់ការថ្មី ដែលទើបទទួលការតែងតាំង ត្រូវបន្តការងារដឹកនាំច្រកទ្វារអន្តរជាតិនេះឲ្យបានល្អប្រសើរ។

លោកណែនាំឲ្យមានសាមគ្គីភាពផ្ទៃក្នុង និងចេះសម្របសម្រួលបែងចែកភារកិច្ច និងតួនាទីទទួលខុសត្រូវឲ្យបានល្អ និងបន្តសហការជាមួយភាគីប្រទេសវៀតណាមដើម្បីធ្វើយ៉ាងណាឲ្យការឆ្លងកាត់របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសការដឹកទំនិញចេញចូលតាមច្រកទ្វារបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ វ៉ី សំណាង បានជំរុញឲ្យលោកប្រធានស្នាក់ការថ្មី និងមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិភ្នំដិនទាំងអស់ ត្រូវធ្វើយ៉ាងណារួមសហការគ្នាក្នុងការបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសទប់ស្កាត់ឲ្យបានរាល់ទំនិញគេចពន្ធដែលនាំឲ្យបាត់បង់ចំណូលចូលថវិកាជាតិ៕