FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រីបណ្ឌិត ជា សិរី៖ យើងមិនត្រូវក្លាយជាជនរងគ្រោះនៃភាពស្មុគស្មាញពិភពលោកនោះទេ តែយើងត្រូវមានភាពម្ចាស់ការ និងត្រូវរួមគ្នាដោះស្រាយ

20-08-2026 15:50

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងសន្និសីទធនាគារនៅកម្ពុជាថា ពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង សង្គ្រាមនៅមជ្ឈិមបូព៌ា និងទីផ្សារដែលមានភាពប្រែប្រួលខ្លាំង តែទោះជាយ៉ាងនេះក្ដីយើងមិនត្រូវក្លាយជាជនរងគ្រោះ នៃស្ថានភាពដ៏ស្មុគស្មាញនេះទេ តែត្រូវមានភាពម្ចាស់ការ និងត្រូវរួមគ្នាដោះស្រាយ។

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងសន្និសីទធនាគារនៅកម្ពុជាលើកទី៥ រយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រោមមូលបទ ការរក្សាស្ថិរភាពហិរញ្ញវត្ថុ ពង្រឹងសុចរិតភាព និងបង្កើនជំនឿទុកចិត្ត។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា «ពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ កាន់តែខ្លាំងឡើង សង្គ្រាមនៅមជ្ឈិមបូព៌ា និងទីផ្សារដែលមានភាពប្រែប្រួលខ្លាំង។ ប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍ ជាញឹកញាប់ទទួលរងសម្ពាធទាំងនេះមុនគេ។ ដូច្នេះយើងមិនត្រូវក្លាយជាជនរងគ្រោះនៃស្ថានភាពដ៏ស្មុគស្មាញនេះទេ ប៉ុន្តែយើងត្រូវមានភាពម្ចាស់ការ និងត្រូវរួមគ្នាដោះស្រាយ ហើយអ្វីដែលយើងត្រូវការពារជាចម្បងបំផុតគឺទំនុកចិត្ត»

ក្នុងនោះលោកស្រីបណ្ឌិត ជា សិរី បានលើកឡើងពីអាទិភាពចំនួន៣សម្រាប់កិច្ចពិភាក្សា៖ ភាពធន់ រក្សាវិន័យរឹងមាំលើការផ្តល់ឥណទាន ដើមទុន និងសន្ទនីយភាព, សុចរិតភាព និងតម្លាភាព, ធានាឱ្យការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម មានប្រសិទ្ធភាពជាក់ស្តែង និងពង្រឹងការការពារអ្នកប្រើប្រាស់ហិរញ្ញវត្ថុឌីជីថល ដែលមានសុវត្ថិភាព និងបរិយាបន្ន, បន្តអភិវឌ្ឍលើមូលដ្ឋាននៃ KHQR និងការទូទាត់ឆ្លងដែន ដោយធានាថា សន្តិសុខសាយប័រ និងភាពធន់នៃប្រព័ន្ធ ត្រូវដើរទន្ទឹមគ្នាជានិច្ចជាមួយនវានុវត្តន៍។

សូមជម្រាបថា សមាគមធនាគារនៅកម្ពុជា បានរៀបចំសន្និសីទធនាគារនៅកម្ពុជាលើកទី៥ គោលបំណងនៃសន្និសីទនេះ គឺដើម្បីកំណត់ទិសដៅជាយុទ្ធសាស្រ្ត សម្រាប់កំណើននៃវិស័យធនាគារនៅកម្ពុជា ឱ្យកាន់តែមានសុវត្ថិភាព បង្កើនជំនឿទុកចិត្ត និងប្រកបដោយចីរភាព។

សន្និសីទនេះនឹងលើកកម្ពស់ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងស្ថិរភាពហិរញ្ញវត្ថុ, ពង្រឹងគុណភាពឥណទាន សន្ទនីយភាព និងភាពធន់នៃប្រតិបត្តិការ, ព្រមទាំងពង្រឹងបទដ្ឋានប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) សុវត្ថិភាពសាយប័រ ការទប់ស្កាត់បទល្មើសហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។

បន្ថែមពីនេះសន្និសីទក៏បានចែករំលែកបទពិសោធន៍ ក្នុងតំបន់អាស៊ានលើផ្នែកហិរញ្ញវត្ថុឌីជីថល និងការទូទាត់ឆ្លងដែន និងការបង្វែរកិច្ចសន្ទនាស្តីពីហិរញ្ញប្បទានបៃតង ហិរញ្ញប្បទានសហគ្រាសធុនតូចនិងមធ្យម (SME) និងការអភិវឌ្ឍធនធានមនុស្ស ឱ្យទៅជាសកម្មភាពជាក់ស្តែងក្នុងវិស័យធនាគារ៕