លោក សារិន វណ្ណា ចែករំលែកទិដ្ឋភាពច្បាប់ ក្នុងការដោះស្រាយបញ្ហាបែងចែកទ្រព្យ ចំពោះស្លាប់ដោយមានបណ្ដាំ និងស្លាប់ដោយឥតបណ្ដាំ !
20-08-2026 15:42
(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន លោក សារិន វណ្ណា ប្រធានមន្ទីរៀបចំដែនដីរាជធានីភ្នំពេញ បានចែករំលែកនូវទិដ្ឋភាពច្បាប់ ចំពោះវិញការដោះស្រាយបញ្ហាបែងចែកទ្រព្យ ចំពោះស្លាប់ដោយមានបណ្ដាំ និងស្លាប់ដោយឥតបណ្ដាំ។
លោកបានសរសេរដូចខាងក្រោម៖ តើស្លាប់ដោយមានបណ្ដាំ និងស្លាប់ដោយឥតបណ្ដាំខុសគ្នាយ៉ាងម្ដេច? តាមផ្លូវច្បាប់ត្រូវចែកជាពីរ រវាងសន្តតិកម្ម និងសន្តតិកម្មដោយមត៌កសាសន៍ (ស្លាប់ដោយគ្មានបណ្ដាំ និងស្លាប់ដោយមានបណ្ដាំ) ត្រូវដោះស្រាយវិវាទដូចខាងក្រោម:
1. យើងសម្រុះសម្រួលតាមការព្រមព្រៀងរបស់សហទាយាទ។
2. ចែកចំណែកតាមច្បាប់កំណត់។
3. បើសហទាយាទមិនបានព្រមព្រៀងនូវចំណែកតាមច្បាប់កំណត់ ជាសមត្ថកិច្ចរបស់តុលាការ។
4. ចំពោះស្លាប់ដោយមានបណ្ដាំតាមរូបភាព ដោយលិខិតយថាភូត ដោយលិខិតសម្ងាត់ ដោយលិខិតឯកជន … ។ល។ គឺជាអច្ច័យទានដែលមានតម្លៃដាច់ខាតគ្មានការតវ៉ា។ បើមិនព្រមព្រៀង និង មានអ្នកជំទាស់ដោយសហទាយាទ ជាសមត្ថកិច្ចរបស់តុលាការ។
5. ចំពោះទ្រព្យអវិភាគ (រកស៊ីចូលគ្នា) ដែលមានភាគីម្នាក់ស្លាប់ក៏អនុវត្តដូចគ្នាដែរ (ករណីមិនព្រមព្រៀងលើចំណែក)។
6. ប្រសិនបើកូនសាហាយ (បញ្ជាក់ DNA ដូចគ្នានឹងឪពុក) ត្រូវមានសាលក្រម ឬ សាលដីកាប្រកាសទទួលស្គាល់ពីស្ថាប័នតុលាការជាមុន ទើបមានចំណែកស្មើកូនបង្កើត។
សូមបងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើបណ្ដាំនៅសារការី ឬ តុលាការ ជៀសវាងទំនាស់ទៅថ្ងៃក្រោយ។ សូមការអធ្យាស្រ័យ ការយល់ដឹងនៅមានកម្រិត៕

