អាជ្ញាធរខេត្តព្រះសីហនុ ដោះស្រាយបញ្ហាបញ្ចប់ជូនបងប្អូនរត់តាក់ស៊ីជាច្រើននាក់ ក្រោយប្រមូលផ្តុំតវ៉ាមុខក្រុមហ៊ុន រឿង App ហៅភ្ញៀវ, ម្ចាស់រថយន្តព្រូសឆ្នាំ២០០៤ ដល់២០០៩ App ហៅភ្ញៀវលែងដំណើរការ
20-08-2026 15:13
(ព្រះសីហនុ)៖ បងប្អូនអ្នករត់តាក់ស៊ីតាម App PassApp ជាច្រើននាក់ ដែលជាម្ចាស់រថយន្តព្រូស ស៊េរីចាប់ពីឆ្នាំ២០០៤ ដល់២០០៩ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បាននាំគ្នាមកតវ៉ា និងបិទផ្លូវនៅមុខក្រុមហ៊ុន ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោយពួកគាត់មិនទទួលបានការកក់តាម App ពីភ្ញៀវអស់រយៈពេលប៉ុន្មានថ្ងៃមកហើយ។
បងប្អូនអ្នករត់តាក់ស៊ី បានបញ្ជាក់ថា ក្រុមហ៊ុនបានបិទការកម្ម៉ង់ចំពោះភ្ញៀវហៅឡាន ចំពោះតែស៊េរីឡានពួកគាត់ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៩។
ក្រោយមានការប្រមូលផ្តុំតវ៉ានេះ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ក្រោមការណែនាំរបស់លោក ម៉ាង ស៊ីណេត អភិបាលខេត្ត បានដឹកនាំកម្លាំងអាជ្ញាធរពាក់ព័ន្ធចុះមកផ្ទាល់ ដើម្បីជួយសម្របសម្រួល រកដំណោះស្រាយឲ្យក្រុមហ៊ុនបើកដំណើរការកម្ម៉ង់ឡើងវិញជូនពួកគាត់។
លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា «ក្នុងនាមក្រុមហ៊ុនជាអ្នកទទួលខុសត្រូវលើការងារបច្ចេកទេសនេះទាំងមូល ក្រោយបញ្ចប់រឿងតម្រូវឲ្យក្រុមហ៊ុនចេញសេចក្តីជូនដំណឹងជាក់លាក់មួយដើម្បីឲ្យអ្នករត់តាក់ស៊ីតាម App ទាំងអស់បានជ្រាបជាដំណឹង»។
លោក ហួត សុផន អ្នកគ្រប់គ្រងក្រុមហ៊ុន «ផាសអ៊ែប» សាខាខេត្តព្រះសីហនុ បានឲ្យដឹងថា បញ្ហាដែលបានកើតឡើងទៅលើបងប្អូនអ្នករត់តាក់ស៊ីនាពេលប៉ុន្មានថ្ងៃមកនេះ គឺក្រុមហ៊ុនមានភាពរអាក់រអួលបញ្ហាបច្ចេកទេស ទៅនឹងប្រព័ន្ធដំណើរការរបស់កម្មវិធី (Pass App) គឺមិនមានការបិទប្រព័ន្ធ App ទៅលើរថយន្តដូចបងប្អូនលើកឡើងខាងលើនោះឡើយ ហើយបច្ចុប្បន្នកំពុងរៀបចំ និងដាក់ឲ្យដំណើរការឡើងវិញ។ លោកក៏សូមមានការអធ្យាស្រ័យពីសំណាក់បងប្អូនទាំងអស់ផងដែរ៕







