FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលនៅតែបន្តដាក់ចេញនូវគោលនយោបាយ ជួយលើកកម្ពស់សមត្ថភាព និងភាពធន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម

20-08-2026 14:47

(ភ្នំពេញ)៖ លោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុងដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីលើកកម្ពស់សមត្ថភាព និងភាពធន់ របស់សហគ្រាសធុនមីក្រូ តូច និង មធ្យម ឱ្យក្លាយជាចន្ទល់គ្រឹះដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ ព្រមទាំងពន្លឿនការធ្វើបរិវត្តកម្មពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកក្នុងប្រព័ន្ធ ដែលនឹងនាំមកនូវវិបុលភាព និងវឌ្ឍនភាពសង្គម។

លោក មាស សុខសេនសាន បានបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ នាឱកាសដែលលោកអញ្ជើញ ជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយជាផ្លូវការ នូវកម្មវិធីវិនិយោគសាធារណៈ រដូវកាលទី២ (Startup Investment Package Program Cohort 2 - SIPP 2) និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ, ស្ថាប័នគាំទ្រសហគ្រិនភាព, វិស័យឯកជន, ដៃគូអភិវឌ្ឍន៍, ស្ថាប័នអប់រំ, ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម សរុបប្រមាណជិត ៣០០នាក់។

លោក មាស សុខសេនសាន បានបញ្ជាក់ទៀតថា ការដាក់ចេញនូវយុទ្ធសាស្រ្តទាំងនោះ បាននិងកំពុងរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច, ការបង្កើនផលិតភាព, ការបង្កើតការងារប្រកបដោយគុណភាព, ការជំរុញនវានុវត្តន៍ និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចតំបន់ និងសកលដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ជាក់ស្តែងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ, រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជាផ្លូវការនូវ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០។

លោកបានបញ្ជាក់ទៀតថា យុទ្ធសាស្ត្រនេះដាក់ចេញក្នុងគោលបំណងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា ឱ្យមានបរិយាកាសអំណោយផល និងមានការតភ្ជាប់ជាប្រព័ន្ធ ដើម្បីគាំទ្រធុរកិច្ចថ្មីគ្រប់ដំណាក់កាលក្នុងការចាប់ផ្តើម, លូតលាស់, ពង្រីកទីផ្សារ, ទទួលបានមូលធន, អភិវឌ្ឍសមត្ថភាពឱ្យអាចប្រកួតប្រជែងបានទាំងក្នុងស្រុក, តំបន់ និងទីផ្សារអន្តរជាតិ ព្រមទាំងបង្កើនការរួមចំណែករបស់ធុរ-កិច្ចថ្មីក្នុងផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)។

ទន្ទឹមនេះរាជរដ្ឋាភិបាលក៏នឹងដាក់ចេញនូវយុទ្ធសាស្រ្តជាតិដ៏មានសារៈសំខាន់មួយទៀតគឺ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមឆ្នាំ២០២៦-២០៣០» ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងភាពធន់របស់ សហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ ដែលនឹងនាំមកនូវវិបុលភាព និងវឌ្ឍនភាពសង្គម។ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តជាតិដ៏មានសារៈសំខាន់នេះ វិធានការគន្លឹះជាច្រើនត្រូវបានដាក់ចេញ ដែលនឹងក្លាយជាមគ្គុទេសក៍សម្រាប់ក្រសួង ស្ថាប័ន ព្រមទាំងតួអង្គពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំផែនការសម្រាប់ការអភិវឌ្ឍវិស័យទាំងពីរនេះផងដែរ៕