FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ ជូនដំណឹងពីការដាក់ពាក្យស្នើសុំស្តង់ដាសេវាកម្មស្ប៉ា-ម៉ាស្សាអាស៊ាន ឆ្នាំ២០២៧-២០២៩

20-08-2026 13:55

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងពានរង្វាន់ «ស្តង់ដាសេវាកម្មស្ប៉ា-ម៉ាស្សាអាស៊ាន» លើកទី៤ (The 4th ASEAN Spa Services Award) សម្រាប់ឆ្នាំ២០២៧-២០២៩។

ក្រសួងទេសចរណ៍ បានឲ្យដឹងថា លេខាធិការដ្ឋានអាស៊ាន នឹងផ្តល់វិញ្ញាបនបត្រ និងពានរង្វាន់ស្តង់ដាសេវាកម្មស្ប៉ា-ម៉ាស្សាអាស៊ាន សម្រាប់ប្រទេសសមាជិកអាស៊ាន ដែលគ្រោងនឹងប្រគល់ជូនក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF 2027) នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៧ នៅប្រទេសសិង្ហបុរី។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ បានណែនាំដល់ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មស្ប៉ា-ម៉ាស្សា ឱ្យអនុវត្តតាមនីតិវិធីនៃការដាក់ពាក្យស្នើសុំ ដោយចែកចេញជា៥ដំណាក់កាលដូចខាងក្រោម៖

*ដំណាក់កាលទី១៖ ចាប់ពីថ្ងៃជូនដំណឹងនេះ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦*

បេក្ខភាពអាចដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងពានរង្វាន់ស្តង់ដាខាងលើ ដោយផ្ទាល់នៅក្រសួងទេសចរណ៍ ឬតាមរយៈមន្ទីរទេសចរណ៍រាជធានី-ខេត្ត ក្នុងម៉ោងធ្វើការ។

សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងតាមទូរសព្ទលេខ ០១១ ៧៨០ ៦៩៤ / ០១០ ៣២៦ ៨៩៤។

*ដំណាក់កាលទី២៖ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦*

គណៈកម្មការវាយតម្លៃ នឹងធ្វើការត្រួតពិនិត្យ ចុះវាយតម្លៃ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធ ព្រមទាំងស្ថានភាពជាក់ស្តែងរបស់បេក្ខភាពដែលបានដាក់ពាក្យស្នើសុំ។

*ដំណាក់កាលទី៣៖ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦*

គណៈកម្មការវាយតម្លៃ នឹងប្រមូលទិន្នន័យ និងរៀបចំរបាយការណ៍លទ្ធផល ដើម្បីឈានទៅប្រកាសលទ្ធផលជ័យលាភី។

*ដំណាក់កាលទី៤៖ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦*

គណៈកម្មការវាយតម្លៃ នឹងជូនដំណឹងអំពីលទ្ធផលដល់បេក្ខភាពដែលទទួលបានជ័យលាភីស្តង់ដាសេវាកម្មស្ប៉ា-ម៉ាស្សាអាស៊ាន។

*ដំណាក់កាលទី៥៖ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៧*

បេក្ខភាពដែលទទួលបានជ័យលាភី នឹងឡើងទទួលវិញ្ញាបនបត្រ និងពានរង្វាន់ ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៧ (ATF 2027) នៅប្រទេសសិង្ហបុរី។

ក្រសួងទេសចរណ៍ បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មស្ប៉ា-ម៉ាស្សាទាំងអស់ ចូលរួមដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងពានរង្វាន់ «ស្តង់ដាសេវាកម្មស្ប៉ា-ម៉ាស្សាអាស៊ាន» លើកទី៤ សម្រាប់ឆ្នាំ២០២៧-២០២៩ ឱ្យបានតាមកាលកំណត់៕