FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួង និងស្ថាប័នចំនួន៤ រួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

20-08-2026 13:15

(ភ្នំពេញ)៖ ក្រសួង និងស្ថាប័នចំនួន៤ រួមមានក្រសួងបរិស្ថាន អាជ្ញាធរមីន ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងធម្មការ និងសាសនា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការការពារបរិស្ថាន និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ ក្រោមអធិបតីភាពបណ្ឌិត លី ធុជ ទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន, លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក ថោ ជេដ្ឋា រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយម លោក ចាយ បូរិន រដ្ឋមន្រ្ដីក្រសួងធម្មការ និងសាសនា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងក្រសួង ស្ថាប័ន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើននាក់។

នាឱកាសនោះដែរ បណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ការចុះអនុស្សរណៈ ជាមួយក្រសួងស្ថាប័នទាំង៣ ក្នុងថ្ងៃតែមួយ បានបង្ហាញយ៉ាងច្បាស់ពីសុខដុមនីយកម្ម ក៏ដូចជាសាមគ្គីភាពលើគ្រប់វិស័យនៅកម្ពុជា រវាងក្រសួង និងស្ថាប័នរបស់រាជរដ្ឋាភិបាល និងបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងការអនុវត្តគោលនយោបាយជាតិ ជាពិសេសការចូលរួមពង្រឹងការការពារបរិស្ថាន និងធនធានធម្មជាតិ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្ថែមថា សុវត្ថិភាពពីមីន ការគ្រប់គ្រងធនធានទឹក ការការពារទីជម្រាល ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការអប់រំសីលធម៌ និងការចូលរួមរបស់សង្គមពីសាសនា សុទ្ធតែមានទំនាក់ទំនងគ្នា និងត្រូវការកិច្ចសហការអន្តរវិស័យ និងបានឆ្លើយតបនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានរៀបចំឡើង អនុលោមស្របទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានគូសបញ្ជាក់ពីបេសកកម្ម និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋទូទៅ សំដៅឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រទេសឱ្យមាន«ភាពស្អាត» «ភាពបៃតង» និង «ចីរភាព»

សូមបញ្ជាក់ថា ការចុះអនុស្សរណៈ ជាមួយក្រសួង និងស្ថាប័នទាំង៤ គឺជាការបោះគឺជាជំហានថ្មីមួយទៀត ដើម្បីសម្រេចបានគោលដៅធនានូវចីរភាពបរិស្ថាន ក្នុងនោះ៖

អនុស្សរណៈទី១៖ ក្រសួងបរិស្ថាន ជាមួយ អាជ្ញាធរមីន នឹងសហប្រតិបត្តិការបោសសម្អាត តំបន់រងផលប៉ះពាល់ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងតំបន់ការពារធម្មជាតិ។ តាមយរយៈអនុស្សរណៈនេះ ស្ថាប័នទាំងពីរនឹងសហការចែករំលែកទិន្នន័យ ផែនទីកំណត់ អត្តសញ្ញាណ កំណត់អាទិភាពតំបន់រងផលប៉ះពាល់ សម្របសម្រួលប្រតិបត្តិការស្រាវជ្រាវ បោសសម្អាត រំដោះផ្ទៃដី និងការកៀរគរធនធានបច្ចេកទេស និងហិរញ្ញវត្ថុ ជាដើម។

អនុស្សរណៈទី២៖ ក្រសួងបរិស្ថាន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម នឹងសហប្រតិបត្តិការគ្នា ដោយផ្តោតលើការ ដាំដើមឈើ ការការពារ និងស្តារទីជម្រាល តំបន់ដីសើម និងប្រព័ន្ធអេកូឡូស៊ីពាក់ព័ន្ធ ការគ្រប់គ្រង ធនធានទឹក ប្រកបដោយនិរន្តរភាព និងការរួមចណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ កិច្ចសហប្រតិបត្តិការនេះ មានសារៈសំខាន់ចំពោះសន្តិសុខទឹក ភាពធន់នឹងការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងការរស់នៅ របស់ប្រជាពលរដ្ឋ។ គោលដៅចម្បងនៃកិច្ចសហប្រតិបត្តិការនេះ គឺការរក្សាសមតុល្យរវាងតម្រូវការទឹក សម្រាប់ប្រជាពលរដ្ឋ កសិកម្ម ឧស្សាហកម្ម និងសេដ្ឋកិច្ច ជាមួយតម្រូវការទឹកសម្រាប់ប្រព័ន្ធអេកូឡូស៊ី តំបន់ដីសើម និងជីវៈចម្រុះ។

និងអនុស្សរណៈទី៣៖ ក្រសួងបរិស្ថានជាមួយ ក្រសួងធម្មការនិងសាសនា នឹងសហប្រតិបត្តិការរួមគ្នា ផ្តោតលើការអភិរក្ស កិច្ចគាំពារបរិស្ថាន ការលើកកម្ពស់សីលធម៌បរិស្ថាន និងការអភិវឌ្ឍវិស័យធម្មការ និងសាសនាប្រកបដោយចីរភាព។ កិច្ចសហប្រតិបត្តិការនេះ អាចជំរុញឱ្យវត្តអារាម និងស្ថាប័នសាសនា ក្លាយជាគំរូនៃទីកន្លែងស្អាត និងបៃតង តាមរយៈការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការញែក និងគ្រប់គ្រងសំរាម ការដាំនិងថែទាដើមឈើ ការសន្សំទឹកនិងថាមពល ការការពារសត្វព្រៃ និងជីវៈចម្រុះ និងការចូលរួមក្នុងសកម្មភាពស្តារបរិស្ថាននៅមូលដ្ឋាន។