FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសបើកដំណើរការ​កម្មវិធី​វិនិយោគសាធារណៈរដូវកាលទី២

20-08-2026 12:36

(ភ្នំពេញ)៖ លេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយជាផ្លូវការនូវ កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី២ (Startup Investment Package Program Cohort 2 - SIPP 2) ក្រោមអធិបតីភាពលោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ, ស្ថាប័នគាំទ្រសហគ្រិនភាព, វិស័យឯកជន, ដៃគូអភិវឌ្ឍន៍, ស្ថាប័នអប់រំ, ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម សរុបប្រមាណជិត ៣០០នាក់។

នៅក្នុងឱកាសនៃការដាក់ចេញកម្មវិធីរដូវកាលទី២ នេះ, មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ក៏បានប្រកាសជាផ្លូវការ និងអបអរសាទរដល់ធុរកិច្ចថ្មី ដែលទទួលបានការវិនិយោគជាភាគហ៊ុនជាផ្លូវការពីកម្មវិធីក្នុងរដូវកាលទី១ ផងដែរ។នៅក្នុងរដូវកាលទី១ កម្មវិធីទទួលបានពាក្យសុំសរុបប្រមាណ ៨០ ពីសំណាក់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម។ បន្ទាប់ពីបានជម្រុះជាដំណាក់កាល មានធុរកិច្ចចំនួន ១២ ត្រូវបានជ្រើសរើសសម្រាប់ការសម្ភាស, ៥ ត្រូវបានជ្រើសរើសសម្រាប់ការត្រួតពិនិត្យលម្អិត (Due Diligence) និង ២ ទទួលបានកញ្ចប់ថវិកាវិនិយោគពីមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព។ ការផ្តល់ថវិកាវិនិយោគជាភាគហ៊ុនដល់ធុរកិច្ចថ្មី ឬសហគ្រាសធុនតូច និងមធ្យមនេះ គឺជាយន្តការថ្មី បន្ថែមពីលើយន្តការដែលមានស្រាប់ជាច្រើនរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ និងពង្រឹងភាពធន់របស់វិស័យឯកជន។

បន្ទាប់ពីមានបទពិសោធន៍ជោគជ័យក្នុងការអនុវត្តកម្មវិធីនេះរដូវកាលទី១, មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានដាក់ឱ្យអនុវត្តកម្មវិធីវិនិយោគសាធារណៈ រដូវកាលទី ២ បន្តទៀត ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈម ដែលធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមជាច្រើនកំពុងប្រឈម គឺ កង្វះនៃលទ្ធភាពទទួលបានទុនវិនិយោគនៅដំណាក់កាលពង្រីកអាជីវកម្ម។

កម្មវិធីនេះត្រូវបានរៀបចំជាពិសេសក្នុងបរិបទដែលរាជរដ្ឋាភិបាលទើបបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០ ដែលមានគោលបំណងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា ឱ្យមានបរិយាកាសអំណោយផល និងមានការតភ្ជាប់ជាប្រព័ន្ធ ដើម្បីគាំទ្រធុរកិច្ចថ្មីគ្រប់ដំណាក់កាលក្នុងការចាប់ផ្តើម, ការលូតលាស់, ការពង្រីកទីផ្សារ, ការទទួលបានមូលធន, ការអភិវឌ្ឍសមត្ថភាពឱ្យអាចប្រកួតប្រជែងបានទាំងក្នុងស្រុក, តំបន់ និងទីផ្សារអន្តរជាតិ ព្រមទាំងបង្កើនការរួមចំណែករបស់ធុរកិច្ចថ្មីក្នុងផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)។ តាមរយៈការវិនិយោគជាភាគហ៊ុន, មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នឹងដើរតួជាវិនិយោគិនជំរុញរបស់រដ្ឋ ដើម្បីចូលរួមដោះស្រាយបញ្ហាក្នុងការទទួលបានហិរញ្ញប្បទាន និងជំរុញការចូលរួមរបស់វិស័យឯកជន ក្នុងការវិនិយោគលើធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម។

ថ្លែងនាឱកាសនោះលោក មាស សុខសេនសាន បានបញ្ជាក់ឱ្យដឹងថា កម្មវិធីវិនិយោគសាធារណៈរដូវកាលទី២ រៀបចំឡើងក្នុងគោលបំណងកាត់បន្ថយហានិភ័យរបស់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ក្នុងដំណាក់កាលផ្លាស់ប្តូរពីការប្រើប្រាស់វត្ថុធាតុដើមនាំចូល មកជាការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកជំនួសវិញ ព្រមទាំងការសាកល្បងនូវការជំរុញខ្សែច្រវាក់តម្លៃឌីជីថល និងការពង្រីកទីផ្សារបន្ថែម។

លោកបញ្ជាក់ទៀតថា ការអនុវត្តកម្មវិធីនេះនឹងផ្តោតលើមូលបទសំខាន់ៗមួយចំនួនដូចជា៖ (១) ការជំរុញការប្រើប្រាស់ និងធ្វើពិពិធកម្មផលិតផលក្នុងស្រុក សំដៅកាត់បន្ថយការពឹងផ្អែកលើការនាំចូលវត្ថុធាតុដើម និងផលិតផលពីបរទេស, (២) ការជំរុញខ្សែច្រវាក់តម្លៃឌីជីថល សំដៅរួមចំណែករៀបចំរចនាសម្ព័ន្ធសម្រាប់ដំណើរការផលិតទាំងមូល រាប់តាំងពីការ ផ្គត់ផ្គង់វត្ថុធាតុដើម, ការផលិត, ការកែច្នៃ, ការគ្រប់គ្រងស្តុក, ភស្តុភារជាដើម និង (៣) ការប្រើប្រាស់ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) សំដៅពង្រីកទីផ្សារឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។

កម្មវិធីនេះនឹងផ្តល់ទុនវិនិយោគជាភាគហ៊ុនដល់ធុរកិច្ចថ្មី ឬសហគ្រាសធុនតូច និងមធ្យម ដែលមានសក្តានុពល និងត្រូវការដើមទុនវិនិយោគបន្ថែម ព្រមទាំងកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងទីផ្សារ, ដំណាក់កាលចាប់ផ្តើមប្រតិបត្តិការ, ដំណាក់កាលប្រតិបត្តិការ និងពង្រីកអាជីវកម្ម។ ក្រៅពីការផ្តល់ទុនវិនិយោគ, កម្មវិធីនេះ ក៏ជាយន្តការគាំទ្រគ្រប់ជ្រុងជ្រោយមួយផងដែរ ដោយរួមបញ្ចូលទាំងការវាយតម្លៃអាជីវកម្មយ៉ាងម៉ត់ចត់ (Valuation), ការត្រួតពិនិត្យលម្អិត (Due Diligence), ការតាមដាន និងគ្រប់គ្រងផលប័ត្រវិនិយោគ ព្រមទាំងការផ្តល់ការប្រឹក្សាយោបល់ ដើម្បីពង្រឹងអភិបាលកិច្ច, កែលម្អការគ្រប់គ្រង និងគាំទ្រដល់ការរីកចម្រើនរបស់អាជីវកម្ម ប្រកបដោយចីរភាព។

សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌនៃការដាក់ពាក្យ និងកាលវិភាគនៃការដាក់ពាក្យ សាធារណជន, ធុរកិច្ចថ្មី ឬសហគ្រាសធុនតូច និងមធ្យម ដែលមានចំណាប់អារម្មណ៍អាចតាមដានព័ត៌មានផ្លូវការរបស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដែលនឹងបើកទទួលពាក្យក្នុងខែកញ្ញា ឆ្នាំ ២០២៦ ខាងមុខនេះ៕