FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ ជំរឿនមន្រ្តីជាក់ស្តែង នៅតាមរចនាសម្ពន្ធ័របស់ក្រសួង ដំណើរការទៅដោយរលូន (Video inside)

20-08-2026 12:31

(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការចុះធ្វើជំរឿនមន្រ្តីជាក់ស្តែង នៅតាមរចនាសម្ពន្ធ័ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដំណើរការទៅដោយរលូនតាមការគ្រោងទុក។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងបែបនេះ ក្នុងឱកាសលោក និងលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចុះពិនិត្យជំរឿនមន្រ្តីជាក់ស្តែង នៅតាមរចនាសម្ពន្ធ័ របស់ក្រសួងវប្បធម៌ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់យ៉ាងដូច្នេះថ «យើងមានការផ្ទៀងផ្ទាត់នូវជំរឿនមន្ត្រីរាជការ ដែលស្របទៅតាមគោលនយោបាយនៃកំណែទម្រង់។ តាមពិតការធ្វើជំរឿននេះ ដើម្បីដឹងអំពីទិន្នន័យពិតប្រាកដ ដើម្បីដឹងអំពីមុខងាររបស់មន្ត្រីនីមួយៗ តទៅមុខទៀតដាក់ឲ្យចំគោលដៅ នៅក្នុងកំណែទម្រង់រចនាសម្ព័ន្ធថ្មីរបស់ក្រសួងផង ហើយបង្កើនសិទ្ធភាពការងារផង»

លោកស្រីរដ្ឋមន្ត្រី បានបន្តថា «ម្សិលមិញ យើងបានធ្វើជំរឿនហើយមួយចំនួនធំ ក្នុងចំណោមមន្ត្រីរបស់យើងជាង ១ ០០០នាក់។ ដូច្នេះប្រហែលជា ៧០ភាគរយហើយ បានប្រព្រឹត្តទៅដោយរលូន។ យើងឃើញថា មន្ត្រីមានវត្តមាន ហើយក៏បានផ្ទៀងផ្ទាត់នូវទិន្នន័យ ដែលមាននៅក្នុងក្រសួងមុខជាសាធារណៈជាមួយនឹងឯកសារនានា។ អ៊ីចឹងព្រឹកនេះ យើងគិតថា អាចបញ្ចប់បានហើយ»

លោកស្រីបណ្ឌិតសភាចារ្យ ក៏បានសម្ដែងនូវការអរគុណ និងកោតសរសើរចំពោះក្រសួងមុខងារសាធារណៈ ដែលបានរៀបចំកិច្ចការនេះ ដោយម៉ត់ចត់ ប្រុងប្រយ័ត្ន ហើយមានលទ្ធផលល្អ ដែលអាចទទួលបាននូវទិន្នន័យមួយសម្រាប់មន្ត្រីរាជការ នៅក្នុងមុខងារសាធារណៈ។

សូមជម្រាបថា គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃក្រសួងមុខងារសាធារណៈ និងក្រុមការងារជំរឿនរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្វើជំរឿនជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០២៦។

យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមក្រសួង-ស្ថាប័ន ត្រូវបានដឹកនាំដោយ ក្រសួងមុខងារសាធារណៈ ក្នុងគោលបំណងប្រមូលទិន្នន័យមន្ត្រីរាជការស៊ីវិលឱ្យបានច្បាស់លាស់ រៀបចំប្រព័ន្ធទិន្នន័យឌីជីថល និងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សក្នុងប្រព័ន្ធរដ្ឋ៕