និយ័តករគណនេយ្យ និងសវនកម្ម ត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយ អនុក្រឹត្យ និងប្រកាសសំខាន់ៗ ស្តីពីគណនេយ្យ និងសវនកម្ម
20-08-2026 10:24
(ភ្នំពេញ)៖ និយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយដ៏សំខាន់មួយ ស្តីពីអនុក្រឹត្យស្តីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងប្រកាសស្តីពីកាតព្វកិច្ចដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ។
សិក្ខាសាលានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងការយល់ដឹង និងការអនុវត្តច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមបទដ្ឋានអន្តរជាតិ និងដើម្បីធានានូវតម្លាភាព គណនេយ្យភាព និងទំនុកចិត្តក្នុងការរាយការណ៍ហិរញ្ញវត្ថុរបស់ស្ថាប័ននានា។
តាមរយៈការផ្សព្វផ្សាយអនុក្រឹត្យ និងប្រកាសទាំងនេះ ន.គ.ស. រំពឹងថានឹងជួយដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហគ្រាស ស្ថាប័នសាធារណៈ និងអ្នកជំនាញគណនេយ្យនិងសវនកម្ម ឱ្យយល់ច្បាស់ពីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីចៀសវាងការប្រព្រឹត្តល្មើសដែលនាំឱ្យមានការផាកពិន័យ។ការអនុវត្តតាមបទប្បញ្ញត្តិទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពនៃរបាយការណ៍ហិរញ្ញវត្ថុ និងពង្រឹងបរិយាកាសធុរកិច្ចប្រកបដោយតម្លាភាពនៅកម្ពុជា៕
