FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ ជយលាភីអាហារូបករណ៍ ដែលសិក្សានៅបរទេស គឺជាអ្នកតំណាងជាតិ លើឆាកអន្តរជាតិ (Video inside)

20-08-2026 10:13

(ភ្នំពេញ)៖ លោក ស៊ាង ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម បានលើកឡើងថា បេក្ខជនជយលាភីអាហារូបករណ៍ម្នាក់ៗ ដែលសិក្សានៅបរទេស គឺជាអ្នកតំណាងជាតិ នៅលើឆាកអន្តរជាតិ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងបែបនេះ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសលោកទទួលជួបសំណេះសំណាលជាមួយបេក្ខជនជយលាភីអាហារូបករណ៍ របស់សាធារណរដ្ឋកូរ៉េ និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ចំនួន ៧៨រូប។

នាឱកាសនោះ លោកក៏បានជំរុញដល់បេក្ខជនជយលាភី ខិតខំធ្វើខ្លួនឲ្យល្អ និងរៀនពូកែ ដើម្បីឲ្យបរទេសមើលឃើញថា ជនជាតិខ្មែរខ្លាំងពូកែ និងគួរឲ្យគោរពរាប់អាន។ លោកថ្លែងថា ប្រការនេះ គឺជាការនាំយកកិត្តិយសជាតិ ទៅបង្ហាញសហគមន៍អន្តរជាតិផងដែរ។

គួរជម្រាបថា ក្នុងមួយឆ្នាំៗ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី តែងតែផ្តល់អាហារូបករណ៍ប្រមាណ៤០ ដល់ ៧០កន្លែង (ឬច្រើនជាងនេះបន្តិចតាមឆ្នាំសិក្សាជាក់ស្តែង) ដល់កម្ពុជា សម្រាប់គ្រប់កម្រិតសិក្សាចាប់ពីថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ដល់ថ្នាក់បណ្ឌិត។ មាននិស្សិតជាង ៨ ០០០នាក់ បានបញ្ចប់ការសិក្សាពីប្រទេសរុស្ស៊ី តាំងពីសម័យសហភាពសូវៀតមក។

ស្រដៀងគ្នាដែរ ក្នុងមួយឆ្នាំៗ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តែងតែផ្តល់អាហារូបករណ៍ប្រមាណ៤០ ដល់ ៦០កន្លែង ដល់កម្ពុជា ខណៈចំនួនអ្នកបញ្ចប់ការសិក្សាមានខ្ទង់ពាន់នាក់៕