FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិព័រណ៍ចក្ខុវិស័យអប់រំនៅប្រទេសកូរ៉េ ឆ្នាំ២០២៦ នឹងធ្វើឡើងនៅភ្នំពេញ នាថ្ងៃទី២១-២១ ខែសីហា ដោយមានការចូលរួមពី សាកលវិទ្យាល័យកូរ៉េចំនួន១១ ដែលជាដៃគូជាមួយក្រសួងអប់រំកម្ពុជា

20-08-2026 10:00

(ភ្នំពេញ)៖ ពិព័រណ៍ចក្ខុវិស័យអប់រំនៅប្រទេសកូរ៉េ (K-Edu Vision Fair) ឆ្នាំ២០២៦ នឹងធ្វើឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃទី២១-២២ ខែសីហា ខាងមុខនេះ ដោយមានការចូលរួមពីសាកលវិទ្យាល័យកូរ៉េចំនួន១១ ដែលជាដៃគូជាមួយក្រសួងអប់រំកម្ពុជា។

ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនៅសណ្ឋាគារ Oakwood Premier Phnom Penh ដោយសាកលវិទ្យាល័យល្បីៗរបស់កូរ៉េទាំងនោះ នឹងផ្តល់ជូននូវព័ត៌មានទូលំទូលាយអំពីការសិក្សា ការចូលរៀននៅសាកលវិទ្យាល័យ ឱកាសការងារនៅប្រទេសកូរ៉េ អាហារូបករណ៍ ដោយមានការផ្តល់រង្វាន់ថេបប្លេត និងរង្វាន់ផ្សេងៗទៀត។

ក្រោមការរៀបចំធ្វើជាម្ចាស់ផ្ទះដោយ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា (MoEYS) និងរៀបចំដោយក្រុមហ៊ុនគាំទ្រវិស័យអប់រំ SM Global Foundation ព្រឹត្តិការណ៍នេះមាន គោលបំណងពង្រីកការផ្លាស់ប្តូរការអប់រំរវាងកូរ៉េនិងកម្ពុជា ព្រមទាំងបណ្តុះបណ្តាលអ្នកមានទេពកោសល្យលំដាប់ពិភពលោកជំនាន់ក្រោយ។

ក្រោមពាក្យស្លោក «លើសពីតំបន់ តភ្ជាប់ការអប់រំ-រួមគ្នាដើម្បីអនាគតជាសកល (Beyond Region, Connect Education - Together for Global Future)» ពិព័រណ៍នេះនឹងប្រមូលផ្តុំសាកលវិទ្យាល័យកូរ៉េចំនួន១១ ដែលតំណាងរបស់ពួកគេនឹងណែនាំសិស្សានុសិស្សកម្ពុជាឱ្យស្គាល់ពីឱកាសសិក្សាជាច្រើន និងផ្តល់ព័ត៌មានដោយផ្ទាល់ស្តីពីការសិក្សានៅប្រទេសកូរ៉េ ក្នុងនោះរួមមាន សាកលវិទ្យាល័យ Gangdong សាកលវិទ្យាល័យ Semyung សាកលវិទ្យាល័យ Konkuk សាខា GLOCAL សាកលវិទ្យាល័យ Dongnam Health វិទ្យាស្ថានសាកលវិទ្យាល័យ Daewon វិទ្យាស្ថានបច្ចេកវិទ្យា Yeoju សាកលវិទ្យាល័យ Osan សាកលវិទ្យាល័យខេត្ត Chungbuk, សាកលវិទ្យាល័យ Inje សាកលវិទ្យាល័យ Chung Cheong និងសាកលវិទ្យាល័យ Jeonju Vision ជាដើម។

ពេញមួយព្រឹត្តិការណ៍នេះសាកលវិទ្យាល័យនីមួយៗនឹងដំណើរការស្តង់ប្រឹក្សាយោបល់អំពីការចូលរៀន ដោយផ្តល់ព័ត៌មានស្តីពីមហាវិទ្យាល័យ និងមុខជំនាញ លក្ខខណ្ឌនៃការចូលរៀន អាហារូបករណ៍ កន្លែងស្នាក់នៅរបស់និស្សិត កម្មវិធីភាសាកូរ៉េ ព្រមទាំងផ្លូវឆ្ពោះទៅរកអាជីព និងការងារ។ សិស្សានុសិស្សនឹងមានឱកាសទទួលបានការប្រឹក្សាយោបល់ទល់មុខគ្នាដោយផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យ និងស្វែងរកស្ថាប័ន ព្រមទាំងមុខជំនាញដែលស្របនឹងចំណាប់អារម្មណ៍ សមត្ថ ភាពនិងគោលដៅអាជីពរបស់ពួកគេផងដែរ។

នៅថ្ងៃទី២ ពោលគឺថ្ងៃទី ២២ ខែសីហា ពិព័រណ៍នេះនឹងមានវគ្គពិសេសៗជាច្រើនដែលរៀបចំឡើងដើម្បីផ្តល់ដល់អ្នកចូលរួមនូវការយល់ដឹងកាន់តែទូលំទូលាយអំពីការអប់រំ ឧស្សាហកម្មនិងវប្បធម៌ កូរ៉េ។ កម្មវិធីនេះនឹងរួមបញ្ចូលបទបង្ហាញដោយសិស្ស និងមាតាបិតាដែលមានបទពិសោធន៍ផ្ទាល់ ក្នុងការសិក្សានៅប្រទេសកូរ៉េ ក៏ដូចជាវគ្គ K-Campus និង K-Beauty និងវគ្គផ្សព្វផ្សាយព័ត៌មានស្តីពី ការប្រឡងវាស់ស្ទង់សមត្ថភាពភាសាកូរ៉េ (TOPIK)។

ក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយកូរ៉េ រួមមាន ធនាគារ KB PRASAC, Hyundai Motor និង Atomy ក៏នឹងចូលរួម និងចែករំលែកការយល់ ដឹងអំពីវប្បធម៌សាជីវកម្ម ឧស្សាហកម្ម និងឱកាសការងាររបស់កូរ៉េផងដែរ។ លើសពីនេះ ក៏មានស្តង់ ម្ហូបអាហារ (K-Food) ដាច់ដោយឡែក ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សបានរីករាយជាមួយម្ហូប កូរ៉េនិងទទួលបានបទពិសោធន៍ពីវប្បធម៌ម្ហូបអាហារកូរ៉េដោយផ្ទាល់ផងដែរ។

អ្នកឧបត្ថម្ភផ្លូវការនៃព្រឹត្តិការណ៍នេះមានដូចជា Atomy, ធនាគារ Shinhan នៃកម្ពុជា និងសណ្ឋាគារ Oakwood Premier Phnom Penh ដែលនឹងជួយគាំទ្រដល់ការរៀបចំពិព័រណ៍ និងកម្មវិធីអប់រំសម្រាប់ សិស្សានុសិស្ស។ អ្នកឧបត្ថម្ភកម្រិតមាស និងជាដៃគូសំខាន់ៗ រួមមាន ធនាគារ KB PRASAC, Korean Air, Hyundai Motor, Houry x Lumineq និង Grab ក៏នឹងចូលរួមតាមរយៈស្តង់ពិព័រណ៍ កម្មវិធីពិសេស និងព្រឹត្តិការណ៍ដែលផ្តោតលើសិស្សានុសិស្ស ព្រមទាំងចែករំលែកព័ត៌មានអំពីវប្ប ធម៌អាជីវកម្មកូរ៉េ និងឧស្សាហកម្ម ព្រមទាំងឱកាសការងារផងដែរ។

អត្ថប្រយោជន៍ វត្ដុអនុស្សាវរីយ៍ និងរង្វាន់ជាច្រើននឹងមានផ្តល់ជូនដល់សិស្សានុសិស្សដែលចូលរួម។ តាមរយៈកម្មវិធីរបស់ស្តង់នីមួយៗ និងការចាប់ឆ្នោតផ្សងសំណាង សិស្សានុសិស្សនឹងមានឱកាស ទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ថេបប្លេត ទូរទស្សន៍ ឧបករណ៍សាកថ្ម (power banks) និងរង្វាន់ផ្សេងៗទៀត។ ស្តង់របស់អ្នកឧបត្ថម្ភផ្លូវការ និងអ្នកឧបត្ថម្ភកម្រិតមាសក៏នឹងរៀបចំ ព្រឹត្តិការណ៍ផ្សព្វផ្សាយដាច់ដោយឡែក និងចែកជូននូវអំណោយ ព្រមទាំងវត្ថុអនុស្សាវរីយ៍ដល់អ្នក ចូលរួមទស្សនាផងដែរ។

លើសពីព្រឹត្តិការណ៍ផ្សព្វផ្សាយសាកលវិទ្យាល័យទូទៅ ពិព័រណ៍ចក្ខុវិស័យអប់រំនៅប្រទេសកូរ៉េ (K-Edu Vision Fair) ឆ្នា ២០២៦ ត្រូវបានរៀបចំឡើងជាវេទិកាអប់រំចម្រុះដែលភ្ជាប់ការអប់រំទៅនឹង ឧស្សាហកម្ម និងការចូលរៀននៅសាកលវិទ្យាល័យទៅនឹងការងារ។ អ្នកចូលរួមនឹងអាចទទួលបាន ព័ត៌មាន មិនត្រឹមតែអំពីការចូលរៀននៅសាកលវិទ្យាល័យនៅប្រទេសកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីការងារក្រោយពេលបញ្ចប់ការសិក្សា និងការអភិវឌ្ឍអាជីពជាសកលក្នុងរយៈពេលវែងផងដែរ។

លោក Shinwoong Yang នាយកប្រតិបត្តិនៃក្រុមហ៊ុនគាំទ្រការអប់រំ SM Global Foundation បានលើកឡើងថា «K-Edu Vision Fair 2026 គឺជាវេទិកាសហប្រតិបត្តិការអប់រំដែលភ្ជាប់អ្នកមានទេព្យ កោសល្យនាពេលអនាគតរបស់កូរ៉េ និងកម្ពុជា»។ លោកថា «យើងសង្ឃឹមថា ពិព័រណ៍នេះនឹងផ្តល់ឱ្យសិស្សានុសិស្សកម្ពុជានូវព័ត៌មានជាក់ស្តែង និងត្រឹមត្រូវអំពីការសិក្សានៅប្រទេសកូរ៉េ ជួយពួកគេឱ្យរកឃើញសក្តានុពលរបស់ខ្លួន និងបើកឱកាសថ្មីៗសម្រាប់ពួកគេដើម្បីអភិវឌ្ឍទៅជាធនធានមនុស្ស ដែលមានទេពកោសល្យលំដាប់សកល។»

ពិព័រណ៍នេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា តំណាងសាកល វិទ្យាកូរ៉េ ស្ថាប័នអប់រំ និងក្រុមហ៊ុននានា ព្រមទាំងសិស្សានុសិស្ស និងមាតាបិតា។ ការចូលរួមគឺមិនគិតឡើយ ហើយបើកទូលាយសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់សិក្សានៅប្រទេសកូរ៉េទាំងអស់៕