FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងគណៈកម្មការទី១ រដ្ឋសភា ជួបពិភាក្សាពីវឌ្ឍនភាពសិទ្ធិមនុស្សនៅកម្ពុជា

20-08-2026 09:48

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ដឹកនាំដោយលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធាន បានអញ្ជើញចូលបំភ្លឺជូនគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងអធិការកិច្ច ដឹកនាំដោយលោក សរ ចំរុង ប្រធានគណៈកម្មការទី១ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

ជំនួបនេះធ្វើឡើងដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្តនៃវិស័យសិទ្ធិមនុស្សនៅកម្ពុជា» ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ លោក សរ ចំរុង ប្រធានគណៈកម្មការទី១ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល លើការការពារ និងលើកកម្ពស់សិទិ្ធមនុស្ស ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

ទន្ទឹមនេះ ប្រធានគណៈកម្មការទី១ ក៏បានគូសបញ្ជាក់អំពីតួនាទីសំខាន់ៗរបស់គណៈកម្មាធិការទី១ នៃរដ្ឋសភា រួមមាន៖ ការចុះតាមដានអង្កេតនិងស្វែងយល់អំពីការគោរពសិទ្ធិមនុស្សនៅតាមក្រសួង-ស្ថាប័ន ការជួបជាមួយអាជ្ញាធរ ថ្នាក់ក្រោមជាតិ ការទទួលញត្តិឬបណ្តឹងពីប្រជាពលរដ្ឋ ព្រមទាំងការតាមដានយ៉ាងយកចិត្តទុកដាក់លើរបាយការណ៍សង្ខេបស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា និងលើបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ និងការចុះសួរសុខទុក្ខវីរកងទ័ព។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសម្តែងនូវការកោតសរសើរចំពោះការយកចិត្តទុកដាក់របស់រដ្ឋសភា ធ្វើការតាមដានការអនុវត្តកិច្ចការរបស់រាជរដ្ឋាភិបាល លើការការពារនិងលើកកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋាន និងសិទ្ធិដទៃទៀតរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួបពិភាក្សានាថ្ងៃនេះ ក្នុងន័យជួយគាំទ្រគ្នាទៅវិញទៅមករវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ លើការលើកកម្ពស់សិទ្ធិមនុស្ស សំដៅបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ស្របតាមទិសដៅនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានគូសបញ្ជាក់ពីតួនាទីសំខាន់ៗរបស់ គ.ស.ម.ក. រួមមាន ការទទួលពាក្យបណ្តឹង ចុះស៊ើបអង្កេត និងដោះស្រាយពាក្យបណ្តឹង ការផ្តល់ប្រឹក្សាផ្នែកច្បាប់ និងមេធាវីការពារក្តីដោយឥតគិតថ្លៃ ការអប់រំផ្សព្វផ្សាយសិទ្ធិមនុស្ស ការពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ការសរសេររបាយការណ៍សិទ្ធិមនុស្សជាតិដើម្បីដាក់ជូនអង្គការសហប្រជាជាតិ ការតំណាងប្រទេសកម្ពុជា ក្នុងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) និងការងារសប្បុរសធម៌។

ជាមួយគ្នានេះដែរ ទេសរដ្ឋមន្ត្រី បានលើកឡើងពីកិច្ចខិតខំរបស់ គ.ស.ម.ក. ក្នុងការប្រើប្រាស់យន្តការសិទ្ធិមនុស្សថ្នាក់តំបន់ ក៏ដូចជាអន្តរជាតិ ចំពោះការរំលោភបំពានសិទ្ធិមនុស្សពីសំណាក់យោធាថៃ អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបានដាក់ពាក្យប្ដឹងទៅយន្តការថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ ចំនួន៦០។

បន្ថែមពីនេះ លោក សរ ចំរុង រួមជាមួយអនុប្រធាន លេខាធិការ និងសមាជិករបស់គណៈកម្មការទី១ និងតំណាងគណៈកម្មការផ្សេងៗទៀត បានធ្វើការកោតសរសើរចំពោះ កិច្ចខិតខំរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សទាំងនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ជាពិសេសអំឡុងពេលកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ៕