FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសុខាភិបាលខេត្តព្រះវិហារ និងអង្គការទស្សនៈពិភពលោក ពិនិត្យវឌ្ឍនភាពគម្រោងមណ្ឌលសុខភាពគំរូបំបៅកូនដោយទឹកដោះម្តាយ

19-08-2026 21:13

(ព្រះវិហារ)៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានអនុញ្ញាតឱ្យលោកស្រី ស៊ូសាន តំណាងម្ចាស់ជំនួយមកពីប្រទេសអាល្លឺម៉ង់ នៃគម្រោងមណ្ឌលសុខភាពគំរូបំបៅកូនដោយទឹកដោះម្តាយ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ចូលជួបពិភាក្សា ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង និងពិភាក្សាអំពីទិសដៅបន្ត។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្តោតសំខាន់លើការពិនិត្យលទ្ធផល និងវឌ្ឍនភាពនៃគម្រោង ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងយន្តការដើម្បីធានាឱ្យសកម្មភាពរបស់គម្រោងបន្តមានប្រសិទ្ធភាព និងនិរន្តរភាពក្រោយពេលគម្រោងបញ្ចប់។

លោកវេជ្ជបណ្ឌិត គួង ឡូ បានជម្រាបជូនក្រុមការងារអំពីស្ថានភាពសុខភាពសាធារណៈក្នុងខេត្ត រួមទាំងការគាំពារសុខភាពមាតា និងទារក ជំងឺឆ្លង និងជំងឺមិនឆ្លង។
ក្រោយការពិភាក្សា លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានផ្តល់ធាតុចូលសំខាន់ៗ ដើម្បីពង្រឹងការអនុវត្ត និងធានានិរន្តរភាពរបស់មណ្ឌលសុខភាពគំរូបំបៅកូនដោយទឹកដោះម្តាយ។ ក្នុងនោះ លោកវេជ្ជបណ្ឌិតបានស្នើឱ្យគម្រោងពង្រឹងសមត្ថភាពបន្ថែមដល់ ក្រុមទ្រទ្រង់សុខភាពភូមិ តាមរយៈផែនការអាទិភាពចំនួន២ រួមមានផែនការ A គឺការប្រើប្រាស់ថវិកាឃុំ/សង្កាត់ ឬថវិកាគម្រោងផ្ទាល់ ដើម្បីពង្រឹងសមត្ថភាពក្រុមទ្រទ្រង់សុខភាពភូមិ។ ចំណែកផែនការ B គឺបញ្ចូលប្រធានបទស្តីពីការបំបៅកូនដោយទឹកដោះម្តាយ ទៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងការចម្លងរោគនៅក្នុងសហគមន៍ ដែលគ្រោងនឹងរៀបចំជូនក្រុមទ្រទ្រង់សុខភាពភូមិនាពេលខាងមុខ។

លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានស្នើឱ្យមានការពិនិត្យ តាមដាន និងវាយតម្លៃជាប្រចាំ ចំពោះការអនុវត្តសកម្មភាពរបស់មណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិ ដើម្បីស្វែងរកចំណុចខ្វះខាត កែលម្អការអនុវត្ត និងពង្រឹងសមត្ថភាពបន្ថែម។

លើសពីនេះ លោកបានលើកឡើងពីការពង្រឹងសមត្ថភាពតាមរយៈ On-the-Job Training និងការបង្កើតយន្តការលើកទឹកចិត្តដល់ក្រុមទ្រទ្រង់សុខភាពភូមិ។ ជាក់ស្តែង មន្ទីរសុខាភិបាលខេត្តព្រះវិហារ គ្រោងនឹងចេញប័ណ្ណសម្គាល់ជូនក្រុមទ្រទ្រង់សុខភាពភូមិនាពេលឆាប់ៗនេះ ដើម្បីឱ្យពួកគាត់អាចប្រើប្រាស់ប័ណ្ណនេះ ក្នុងការទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ តាមវិសាលភាពដែលបានកំណត់ នៅតាមមន្ទីរពេទ្យនានាក្នុងខេត្តព្រះវិហារ។

លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានថ្លែងស្នើឱ្យគម្រោងរៀបចំផែនការចូលរួមក្នុងការប្រារព្ធ សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ ដើម្បីរួមចំណែកផ្តល់សារអប់រំសុខភាព និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយ ទៅកាន់ម្តាយ គ្រួសារ និងសហគមន៍។

ជាមួយគ្នានេះក្រុមការងារអង្គការទស្សនៈពិភពលោក បានចុះទស្សនកិច្ចនៅមណ្ឌលសុខភាពចំនួន២ គឺមណ្ឌលសុខភាពរវៀង ស្ថិតក្នុងស្រុករវៀង និងមណ្ឌលសុខភាពស្អាង ស្ថិតក្នុងស្រុកជ័យសែន ដើម្បីសិក្សាស្វែងយល់ពីការអនុវត្តសកម្មភាពជាក់ស្តែងនៅមូលដ្ឋាន និងពិនិត្យពីការចូលរួមរបស់មន្ត្រីសុខាភិបាល និងសហគមន៍ក្នុងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ជាមួយការអបអរសាទរ និងកោតសរសើរ នូវភាពជោគជ័យរបស់មណ្ឌលសុខភាពទាំង២នេះផងដែរ។

ជំនួបពិភាក្សារវាងមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងតំណាងម្ចាស់ជំនួយ ព្រមទាំងក្រុមការងារអង្គការទស្សនៈពិភពលោកអន្តរជាតិ នាពេលនេះ បានបង្ហាញពីកិច្ចសហការរួមគ្នា ក្នុងការបន្តពង្រឹងគុណភាពសេវាសុខាភិបាល និងលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយនៅមូលដ្ឋាន ដោយផ្តោតលើការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល ក្រុមទ្រទ្រង់សុខភាពភូមិ និងការចូលរួមរបស់សហគមន៍ ដើម្បីធានាឱ្យសកម្មភាពរបស់គម្រោងអាចបន្តមានប្រសិទ្ធភាព និងនិរន្តរភាព៕