កាកបាទក្រហមកម្ពុជាសាខាបាត់ដំបង បន្តផ្សព្វផ្សាយពីហានិភ័យយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ដល់ពលរដ្ឋនៅបាត់ដំបង
19-08-2026 20:45
(បាត់ដំបង)៖ ដោយមានការយកចិត្តទុកដាក់ពីលោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង មន្ត្រីប្រតិបត្តិសាខាខេត្ត សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំពៅលូន និងស្រុកសំឡូត បានដឹកនាំអ្នកស្ម័គ្រចិត្តចុះផ្សព្វផ្សាយស្តីពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឥរិយាបថសុវត្ថិភាព ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងសហគមន៍មានសុខភាពល្អ ជូនដល់ប្រជាពលរដ្ឋរស់នៅភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន និងភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។
វគ្គផ្សព្វផ្សាយនេះរៀបចំឡើងនៅថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២៦ មានការចូលរួមពីមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋសរុបប្រមាណជាង ១០០នាក់ ដោយមានការឧបត្ថម្ភគាំទ្រថវិកាពីអាជ្ញាធរមីនកម្ពុជា តាមរយៈទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ គោលបំណងសំខាន់គឺដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ប្រឈម ឱ្យចេះការពារខ្លួនពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងផ្តល់ចំណេះដឹងទាក់ទងនឹងការធ្វើចំណាកស្រុកដោយសុវត្ថិភាព ដើម្បីជៀសផុតពីការបោកបញ្ឆោត និងហានិភ័យផ្សេងៗ។
ក្រុមការងារបានលើកឡើងថា ទោះបីជាកម្ពុជាទទួលបានសន្តិភាពពេញលេញក៏ដោយ ក៏គ្រាប់មីន និងសំណល់ជាតិផ្ទុះនៅតែបន្តជាការគំរាមកំហែងខ្ពស់ដល់អាយុជីវិតប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅតាមបណ្តាស្រុកជាប់ព្រំដែនកម្ពុជា-ថៃ ដែលធ្លាប់ជាទីតាំងសមរភូមិសង្គ្រាម។
ជាមួយគ្នានេះ មន្ត្រីប៉ុស្តិ៍នគរបាលឃុំគោលដៅ និងមណ្ឌលសុខភាព ក៏បានធ្វើការបញ្ជ្រាបសារអប់រំស្តីពីភូមិឃុំមានសុវត្ថិភាព គ្រឿងញៀន និងការបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ដោយការពង្រឹងការអនុវត្ត «៣កុំ ៣បំបាត់»។ ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម គឺជាការទទួលខុសត្រូវរួមគ្នារវាងអាជ្ញាធរមូលដ្ឋាន សហគមន៍ គ្រួសារ និងប្រជាពលរដ្ឋគ្រប់រូប ដើម្បីការពារកុមារ និងសហគមន៍ឱ្យរួចផុតពីជំងឺនេះ៕



















