FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ករណីវិវាទរឿងសេវាអត្រានុកូលដ្ឋាននៅស្រុកស្វាយជ្រំ ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ

19-08-2026 20:40

(ស្វាយរៀង)៖ ករណីវិវាទពាក់ព័ន្ធនឹងការផ្ដល់សេវាអត្រានុកូលដ្ឋានរវាងរដ្ឋបាលស្រុកស្វាយជ្រំ និងលោកស្រី ហ៊ុត ចាន់បូរ៉ា អភិបាលរងស្រុកកំពង់រោទិ៍ ត្រូវបានដោះស្រាយបញ្ចប់ដោយរលូន ក្រោមការសម្របសម្រួលផ្ទាល់ពីថ្នាក់ដឹកនាំខេត្តស្វាយរៀង។

កិច្ចប្រជុំដោះស្រាយនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ដោយមានការចង្អុលបង្ហាញពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដែលបានចាត់ឲ្យលោក ចិន សាធាន នាយករដ្ឋបាលសាលាខេត្ត ដឹកនាំកិច្ចប្រជុំ។

ជាលទ្ធផល នៃកិច្ចប្រជុំភាគីទាំងសង្ខាងទទួលយកនូវចំណុចខ្វះខាតរៀងៗខ្លួនហើយសន្យាថានូវចំណុចមួយចំនួនរួមមាន៖

*១.ទទួលយក និងកែលម្អចំណុចខ្វះខាត ជាពិសេសរដ្ឋបាលស្រុកស្វាយជ្រំ ត្រូវខិតខំពន្លឿនការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យល្អ លឿន រហ័ស និងត្រឹមត្រូវ ។

*២.សន្យាឈប់បង្ហោះព័ត៌មានដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់អ្នករាជការ ក៏ដូចជាអង្គភាព ដូចមានចែងក្នុងមាត្រាទី៣៥ នៃច្បាប់សហលក្ខន្តិកៈមន្រ្ដីរាជការស៊ីវិល។

*៣.ត្រូវមានការយោគយល់អត់ឱនអធ្យាស្រ័យឱ្យគ្នា និងក្នុងករណីមានវិវាទកើតឡើងត្រូវដោះស្រាយតាមឋានានុក្រម ដោយយកច្បាប់ និងឯកសារគតិយុត្តិនានាជាមូលដ្ឋាន។

*៤.ត្រូវខិតខំពង្រឹងសាមគ្គីភាព ពង្រឹងសមត្ថភាពបន្ថែម ក្នុងនាមអ្នករាជការ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែល្អប្រសើរ និងត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ នៃអ្នករាជការ ។ ប្រកាន់ខ្ជាប់ជានិច្ចនូវអ្វីដែលគូធ្វើ និងអ្វីដែលអ្នករាជការ មិនគួរធ្វើ ។

ជាមួយគ្នានេះ គូរភាគីទាំងពីរ បានទទួលយកនូវចំណុចខ្វះខាតរៀងៗខ្លួន ហើយធ្វើការកែលម្អទៅថ្ងៃខាងមុខ និងសន្យាឈប់ ឱ្យមានបាតុភាពដូចនេះកើតមាននៅថ្ងៃក្រោយទៀត ។ ភាគីទាំងពីរ បានគោរពសូមថ្លែងអំណរគុណ និងអរគុណដ៍ជ្រាលជ្រៅបំផុតចំពោះលោកអភិបាលខេត្ត ដែលបានដាស់តឿន ក្រើនរំលឹកដល់មន្ត្រីរាជការ ឱ្យអនុវត្តប្រកាន់នូវក្រមសីលធម៌ជាវិជ្ជាជីវៈតាមច្បាប់ និងផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អបន្ថែមទៀត ៕