FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី៖ ការតែងតាំងអនុប្រធានមន្ទីរ និងប្រធានការិយា​ល័យ​រដ្ឋបាល ធ្វើស្របតាមនីតិវិធីនានា និងជាការលើកទឹកចិត្តមន្ត្រីមានសមត្ថភាព

19-08-2026 19:04

(មណ្ឌលគិរី)៖ មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានចេញមកបញ្ជាក់ថា ការតែងតាំងតំណែង អនុប្រធានមន្ទីរសុខាភិបាល និងប្រធានការិយាល័យរដ្ឋបាល និងបុគ្គ​លិក នៃមន្ទីរសុខា​ភិ​បាល​ខេត្ត​មណ្ឌលគិរី បានធ្វើឡើងស្របតាមនីតិវិធីនានា និងជាការលើកទឹកចិត្តមន្ត្រីមាន​សមត្ថភាព មិនមែនជាការតែងតាំងព្រោះបក្ខពួក ឬសែស្រឡាយនោះឡើយ។

ការបញ្ជាក់របស់មន្ទីរសុខាភិបាល បានធ្វើឡើងតាមរយៈលិខិតបំភ្លឺមួយនាថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០២៦នេះ។ លិខិតបំភ្លឺនេះ ធ្វើឡើងក្រោយពេលមានការផ្សព្វផ្សាយមួយចំនួន ដែលបាន​លើក​ឡើងថា ការតែងតាំងតំណែងខាងលើ ជាការតែងតាំងបក្ខពួក និងសែស្រឡាយ ហើយ​មិន​យុត្តិ​ធម៌សម្រាប់មន្ត្រីដទៃ។

ឆ្លើយតបនឹងការផ្សាយនេះ មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ការតែងតាំង និង​ដំឡើង​តួនាទី​មន្ត្រី បានអនុវត្តទៅតាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតប​ទដ្ឋាន​គតិយុត្ត​ជាធរ​មាន ដោយដំឡើងទៅតាមឋានានុក្រម។ ជាមួយគ្នានេះ រាល់ការតែងតាំង​មន្ត្រី​រាជ​ការ នៃមន្ទីរសុខាភិបាលខេត្តទាំងអស់ គឺសុទ្ធតែបាន​ឆ្លង​កាត់កិច្ចប្រជុំថ្នាក់ដឹកនាំមន្ទីរ ដោយ​មាន​កំណត់ហេតុប្រជុំត្រឹមត្រូវ មានហត្ថលេខា និងការ​ឯក​ភាព​ពីសមាជិកអង្គប្រជុំទាំងអស់ ប្រកប​ដោយ​តម្លាភាពក្នុងការសម្រេចចិត្ត មុននឹងឈានដល់​ការ​ដាក់សំណើជូនទៅគណៈ​អភិបាល​ខេត្ត ប្រជុំវាយតម្លៃ ពិនិត្យសម្រេចលើសំណើតែង​តាំង​មន្ត្រី។

ក្នុងលិខិតបំភ្លឺ បានលើកបង្ហាញពាក់ព័ន្ធការតែងតាំងលោក ទាវ សុធារ័ត្ន ជាប្រធានការិយា​ល័យ​​រដ្ឋបាល និងបុគ្គលិក។ បើតាមលិខិតបំភ្លឺនេះ លោក ទាវ សុធារ័ត្ន បានជាប់ក្របខ័ណ្ឌជា​មន្ត្រី​សុខាភិបាលជាន់ខ្ពស់ក្នុងឆ្នាំ​២០២១ នឹងបានបម្រើការងារជាមន្ត្រីនៅការិយាល័យរដ្ឋបាល និង​បុគ្គលិកមន្ទីរសុខាភិបាល នៃ​រដ្ឋបាលខេត្តមណ្ឌលគីរី។

ដោយសង្កេតឃើញពីការយកចិត្តទុកដាក់ខិត​ខំប្រឹងប្រែង​បំពេញ​ការ​ងាររបស់មន្ត្រីឈ្មោះ ទាវ សុធារត្ន័ និងដោយប្រអប់តួនាទីអនុប្រធានការិយាល័យរដ្ឋបាល និង​បុគ្គ​លិកនៅទំនេរ ដើម្បី​ពង្រឹងការងារក្នុងការិយាល័យផងនោះ នៅឆ្នាំ២០២៤ មន្ទីរបានរៀបចំ​កិច្ច​ប្រជុំពិនិត្យវាយតម្លៃ​មន្ត្រី ដើម្បីស្នើសុំរដ្ឋបាលខេត្ត ចេញដីកាតែងតាំងទៅកាន់​ប្រអប់ដែល​នៅ​ទំនេរនោះ។ ដោយ​ពិនិត្យ​ទៅលើលក្ខណៈសម្បត្តិ សមត្ថភាព ការងាររបស់លោក ទាវ សុធារ័ត្ន ថ្នាក់ដឹកនាំមន្ទីរបាន​ឯក​ភាពគ្នា ស្នើសុំទៅរដ្ឋបាលខេត្ត ដើម្បីតែងតាំងជាអនុប្រធាន​ការិយាល័យរដ្ឋបាល និង​បុគ្គលិក នៃមន្ទីរសុខាភិបាលទៅតាមនីតិវិធី។

លុះនៅឆ្នាំ២០២៥ ដោយប្រអប់តួនាទីអនុប្រធានមន្ទីរនៅទំនេរ នឹងជាការលើក​ទឹក​ចិត្តដល់មន្ត្រី ថ្នាក់ដឹកនាំមន្ទីរបានបើកកិច្ចប្រជុំវាយតម្លៃមន្ត្រី ដើម្បីស្នើសុំទៅរដ្ឋបាលខេត្ត ចេញ​ដីកាតែងតាំង​បំពេញប្រអប់ ដែលនៅទំនេរ។ ដោយ​ពិនិត្យទៅលើតួនាទី សមត្ថភាព អតីតភាពការងារ និងជា​ការ​លើកទឹកចិត្ត ថ្នាក់ដឹកនាំ មន្ទីរបានឯកភាពស្នើសុំតែងតាំងលោក ស៊ី គង់ ប្រធាន​ការិយា​ល័យ​រដ្ឋបាល និងបុគ្គលិក ជាអនុ​ប្រធានមន្ទីរសុខាភិបាលខេត្ត ហើយក៏បានស្ទើតែងតាំង លោក ទាវ សុធារ័ត្ន អនុប្រធានការិយាល័យរដ្ឋ​បាល និងបុគ្គលិក ជាប្រធានការិយា​ល័យ​រដ្ឋបាល និងបុគ្គលិក ជំនួសលោក ស៊ី គង់ ដែលទៅកាន់តួនាទីថ្មី៕